របួស ឆ្កែ ឬឆ្មាខាំ ត្រូវបានរាប់ចូលជារបួសទូទៅ ដែលឧស្សាហ៍កើតមានឡើងញឹកញាប់បំផុត។
មនុស្សជាច្រើនហាក់មិនសូវយកចិត្តទុកដាក់ចំពោះរបួសឆ្កែ ឆ្មាំខាំ ដោយគិតថា វាគ្រាន់តែជារបួសដាច់រលាត់សើស្បែកធម្មតា ប៉ុន្តែសត្វឆ្កែ ឆ្មាមួយចំនួនមានផ្ទុក វីរុសឆ្កែឆ្កួត ដែលជាវីរុសគ្រោះថ្នាក់មួយ អាចចម្លងទៅមនុស្សតាមរយៈទឹកមាត់របស់សត្វដែលផ្ទុកវីរុសនេះ។
វីរុសនឹងឆ្លងចូលតាមមុខរបួស ហើយឆ្លងដល់ប្រព័ន្ធសរសៃប្រសាទ រួចទៅបង្កជាមេរោគប៉ះពាល់ដល់ខួរក្បាល ដែលបណ្តាលឱ្យរលាក រួចស្តែងចេញជា “ជំងឺឆ្កែឆ្កួត”។
ត្បិតជំងឺឆ្កែឆ្កួតជាជំងឺកាចសាហាវ ក៏ប៉ុន្តែយើងអាចបង្ការ និងការពារបាន 100% ទាំងមុន និងក្រោយសត្វ ខាំ ឬខ្វាច។
រឿងដែលត្រូវធ្វើភ្លាមៗបន្ទាប់ពី សត្វ ខាំ ឬខ្វាច៖
• លាងសម្អាតមុខរបួសថ្នមៗ ជាមួយសាប៊ូ និងទឹកស្អាត រយៈពេល 5 ទៅ 10 នាទី រួចប្រើប្រាស់អាល់កុលសម្លាប់មេរោគ
• ឃាត់ឈាម ដោយប្រើប្រាស់ក្រណាត់ស្អាត
• រុំរបួស ដោយប្រើប្រាស់បង់រុំបន្ទះកប្បាសក្រាស់ គ្មានមេរោគ ការពារការរីករាលដាលមេរោគ
• ក្នុងករណីរងរបួសនៅជើង ឬដៃ សូមប្រះខ្លួនគេង រួចយកខ្នើយកល់ជើង ឬដៃដែលរងរបួសឱ្យមានកម្ពស់ 45 ដឺក្រេ ខ្ពស់ជាងក្បាល នឹងបេះដូង រយៈពេល 15ទៅ30 នាទី ដើម្បីកុំឲ្យវាហើមខ្លាំង
អាការៈមិនប្រក្រតីមួយចំនួន ដែលអ្នកគួរតែប្រញ៉ាប់ទៅមន្ទីរពេទ្យភ្លាមៗ ៖
• របួសធ្ងន់ធ្ងរ ឬជ្រៅខ្លាំង ព្រមទាំងហូរឈាមឥតឈប់ បន្ទាប់ពីរយៈពេល 15 នាទី
• បាក់ឆ្អឹង ឬស្ពឹកសាច់ដុំខ្លាំង
• ឡើងក្រហមខ្លាំង ហើម មានខ្ទុះ ឬមានអាការៈក្តៅខ្លួន
• អ្នកដែលមានជំងឺទឹកនោមផ្អែម ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ
• អ្នកដែលបានចាក់ថ្នាំតេតាណូសលើកចុងក្រោយ កន្លងផុតលើសពី 5 ឆ្នាំ
• ខាំដោយសត្វព្រៃ សត្វអនាថា ឬសត្វចិញ្ចឹមដែលមិនបានចាក់វ៉ាក់សាំងត្រឹមត្រូវ
សូមចំណាំថា អ្នកត្រូវធ្វើការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត ក្នុងរយៈពេល 24 ម៉ោងក្រោយពី ឆ្កែ ឬឆ្មាខាំ។
វិធានការការពារ ៖
• ការការពារ គឺផ្អែកលើការចាក់ថ្នាំបង្ការ… ពោលគឺ ការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតនៅមណ្ឌលសុខភាព
• ជ្រើសរើសសត្វចិញ្ចឹមដោយប្រុងប្រយ័ត្ន ផ្តាល់ការថែទាំ ពិនិត្យសុខភាពនិងចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កួតឱ្យពួកគេជាប្រចាំ
• ចាក់វ៉ាក់សាំងការពារជាមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺឆ្កែឆ្កួត រួមមានដូចជា ៖ ពេទ្យសត្វ បុគ្គលធ្វើការនៅមន្ទីរពិសោធន៍ឯកទេស ឬអ្នកដែលមានសត្វចិញ្ចឹមនៅផ្ទះ
• ចៀសវាងកុំឱ្យ ឆ្កែ ឆ្មាខាំ ឬលិតលើរបួស ឬដំបៅរបស់អ្នក
• សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលអ្នកប៉ះសត្វអនាថា និងយកចិត្តទុកដាក់ចំពោះកុមារតូចៗ នៅបរិវេណដែលមាន ឆ្កែ ឆ្មា
• កុំចូលឃាត់សត្វកំពុងឈ្មោះគ្នា
• កុំលេងជាមួយសត្វពេលវាកំពុងស៊ីចំណី
គួររម្លឹកថា ជំងឺឆ្កែឆ្កួតជាទូទៅអាចបណ្តាលឱ្យស្លាប់ 100% ហើយមិនមានឆ្នាំព្យាបាលឡើយ ដូច្នេះហើយនៅពេលអ្នកត្រូវបានសត្វខាំភ្លាមៗ ត្រូវអនុវត្តដូចវិធីដែលប៊ីបានរៀបរាប់ខាងលើ និងប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំងការពារជាបន្ទាន់។