កុមារភាព ដែលពោរពេញទៅដោយរឿងឈឺចាប់ រួមមាន វិបត្តិក្នុងគ្រួសារ ការប្រើប្រាស់អំពើហិង្សា ពាក្យប្រមាទជេរប្រទិច ទទួលការគំរាមកំហែង គៀបសង្កត់ ចែករំលែកក្តីស្រឡាញ់ចំពោះកូនៗមិនស្មើគ្នា ការលែងលះ កំព្រា កត្តាប្រឈមនៅសាលា ឬជាមួយមិត្តភក្តិ ការផ្លាស់ប្តូរបរិយាកាសនៅក្នុងផ្ទះ របៀបរបបរស់នៅប្រែប្រួលភ្លាមៗ ដំណើរការអារម្មណ៍ថ្មីភ្លែក និងមរណភាពសមាជិកគ្រួសារ…សុទ្ធសឹងតែជាមូលហេតុចម្បងធ្វើឱ្យកុមារកើតមានបញ្ហាប្រឈមនឹងភាពតានតឹងខ្លាំង មានកំហឹងគុំគួន មួរម៉ៅច្រើន បាក់ទឹកចិត្ត និងមិនចេះគ្រប់គ្រងអារម្មណ៍ច្របូកច្របល់បាន។
ដូច្នេះហើយ វាគឺជារឿងសំខាន់ណាស់សម្រាប់ប៉ាម៉ាក់គ្រប់រូប ក្នុងការណែនាំកូនតូចៗ រៀនស្វែងយល់អំពីវិធីទប់ទល់នឹងកំហឹង មួរម៉ៅ ខឹងសម្បា ដើម្បីជាជំនាញទុននៃដំណើរជីវិតនៅថ្ងៃអនាគត។
ប៉ាម៉ាក់គ្រប់រូប អាចសាកល្បងវិធីទាំងនេះបាន ៖
• ស្វែងរកប្រភព
ស្វែងរកមូលហេតុចម្បងដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្ងប់ចិត្ត ឬប៉ះពាល់ផ្លូវអារម្មណ៍ ធ្វើឱ្យកើតមានកំហឹង ភាពតានតឹង រួចពិភាក្សា និងរកដំណោះស្រាយបញ្ហាទាំងនោះមួយពួកគេ ដោយការតាំងចិត្ត និងចូលរួមជាពិសេស។
• រក្សាភាពស្ងប់ស្ងាត់
ឆ្លើយតបទៅនឹងកំហឹងរបស់កូនអ្នកដោយភាពស្ងប់ស្ងាត់ ព្រោះថាប្រសិនបើអ្នកបាត់បង់ការគ្រប់គ្រងអារម្មណ៍ រួចស្រែកតបត ច្បាស់ណាស់ វានឹងធ្វើឱ្យពួកគេគិតថា ការជះកំហឹងគឺជារឿងសមស្របនៃការជជែកគ្នា។
• បង្រៀនបច្ចេកទេសទប់ទល់
សូមបង្រៀនកូនៗចេះតិចនិកធ្វើចលនាលំហាត់ដំណកដង្ហើមចេញចូលមួយៗ បន្ធូរអារម្មណ៍។
នៅពេលដែលពួកគេចាប់ផ្តើម ខឹង អ្នកអាចឱ្យពួកគេចាប់ផ្តើមរាបប់លេខពី ១ ដល់ ១០។ នេះជា វិធីសាស្រ្តមួយអាចធ្វើឱ្យ
ពួកគេស្ងប់ចិត្ត និងគិតមុនពេលបញ្ចេញសកម្មភាពមិនប្រក្រតីណាមួយ។
អ្នកគួរតែផ្តល់ពេលវេលា ៥ ទៅ ១០នាទីដល់ពួកគេ នៅពេលដែលកើតមានរឿងធុញថប់ណាមួយ ដើម្បីរំងាប់អារម្មណ៍។
ការផ្តល់ជំនួយពីប៉ាម៉ាក់ផ្ទាល់ គឺជារឿងចាំបាច់បំផុតចំពោះកូនតូចៗ ព្រោះថាពួកគេប្រហែលជាមិនទាន់ស្វែងយល់ពីអារម្មណ៍ផ្ទាល់ខ្លួន និងចេះគ្រប់គ្រង ក៏ដូចជាទទួលស្គាល់វា។
បន្ថែមពីនេះ ប្រសិនបើកូនរបស់អ្នកស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ អ្នកអាចឱ្យពួកគេគូរបង្ហាញពីអារម្មណ៍នៅលើក្រដាស់សៀវភៅ រួចរៀនស្វែងយល់អំពី សញ្ញាទូទៅនៃកំហឹងរបស់គេ។
ម្យ៉ាង ប្រសិនបើកុមារមានវ័យគ្រប់គ្រាន់ ក្នុងការនិយាយស្តីបង្ហាញពីអារម្មណ៍របស់ពួកគេ ប៉ាម៉ាក់ត្រូវតែស្តាប់ និងពិភាក្សាលម្អិតជាមួយពួកគេ សួរអំពីអារម្មណ៍ មូលហេតុ ជាពិសេសស្ថានភាពអារម្មណ៍ ដើម្បីស្វែងរកវិធីគ្រប់គ្រង ក៏ដូចជាវិធីដោះស្រាយបញ្ហា។