ប្រាកដណាស់ ការថែទាំសម្រស់ គឺជារឿងចាំបាច់បំផុត មិនថាផ្នែកណានៃរាងកាយនោះទេ វាសុទ្ធសឹងតែជួយលើកកម្ពស់សម្រស់របស់យើងឱ្យកាន់តែមានភាពលេចធ្លោទ្វេដង។ នៅពេលដែលស្រ្តីយកចិត្តទុកដាក់តែចំពោះការថែរក្សាស្បែកមុខ ស្បែកខ្លួន និងសក់ យើងក៏មិនគួរភ្លេចថែទាំប្រអប់ដៃផងដែរ។ ប្រអប់ដៃទន់ស្រឡូន ស្អាត កាន់តែធ្វើឱ្យស្រីមានភាពទាក់ទាញទ្វេរដង។
តើធ្វើដូចម្តេច ដើម្បីទទួលបានប្រអប់ដៃស្រឡូនស្អាត?
ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដែលស្រ្តីអាចអនុវត្តបាន៖
ផ្តល់សំណើមដល់ស្បែកប្រអប់ដៃ

ស្បែកប្រអប់ដៃប្រៀបដូចទៅនឹងស្បេកមុខ និងស្បែកខ្លួនផងដែរ ដូច្នេះ អ្នកគួរតែលាបឡេផ្តល់សំណើម ដែលសាកសមនឹងប្រភេទស្បែករបស់អ្នកឱ្យបានគ្រប់គ្រាន់ និងជាប់លាប់ ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់។
ការឧស្សាហ៍លាងសម្អាតដៃ
ការលាងសម្អាតដៃបានញឹកញាប់ អាចធ្វើឱ្យស្បែកដៃយើងស្អាត និងមានអនាម័យ ជួយបង្ការមេរោគផ្សេងៗ។
ជ្រើសរើសសាប៊ូលាងដៃឱ្យបានត្រឹមត្រូវ
សូមជ្រើសរើសប្រភេទសាប៊ូដែលធាតុផ្សំស្រទន់សម្រាប់ស្បែក និងចៀសវាងការប្រើប្រាស់ប្រភេទសាប៊ូដែលមានជាតិកាត់ ឬជាតិគីមីលើសកម្រិត។
ប្រើប្រាស់ពពួកប្រេងធម្មជាតិអប់ស្បែកប្រអប់ដៃ
ពពួកម៉ាស់ធម្មជាតិ ដូចជា ទឹកឃ្មុំមានសមាសធាតុប្រឆាំងមេរោគ ដែលជួយសម្អាតដៃបានស្អាតល្អ។ អ្នកអាចប្រើប្រាស់ទឹកឃ្មុំ សម្រាប់អប់ដៃម្តងក្នុងមួយសប្តាហ៍ ដោយលាបថ្នមៗ និងទុកចោលរយៈពេល ៥-១០នាទី រួចលាងជម្រះ នឹងទឹកក្តៅឧណ្ហៗ។