ជាតិទឹកពិតជាមានសារសំខាន់ណាស់ចំពោះរាងកាយ ប្រៀបដូចទៅនឹងរបបអាហារប្រចាំថ្ងៃ ព្រោះរាងកាយមនុស្សមានជាតិទឹកប្រមាណ 70% ។ ដូច្នេះ សូម្បីតែខ្វះជាតិទឹកបន្តិចបន្តួចក៏អាចបង្កផលប៉ះពាល់ដល់សុខភាពរាងកាយផងដែរ។ កង្វះសារជាតិទឹកក្នុងរាងកាយ អាចធ្វើឱ្យអ្នកប្រឈមនឹងផលវិបាកជាច្រើន រួមមាន វិលមុខ ឈឺក្បាល ប្រកាំង ក្អួតចង្អោរ បាត់បង់សំណើមស្បែក ប៉ះពាល់ដល់ខួរក្បាល សារជាតិពុលបញ្ចេញមកក្រៅ លើសពីនេះវាអាចធ្វើឱ្យអ្នកឆាប់អស់កម្លាំង និងងងុយគេងទៀតផង។
ហេតុនេះ សូមរក្សាជាតិទឹកក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ ដោយការទទួលទានទឹកក្នុងបរិមាណ 2 លីត្រ ឬច្រើនជាងនេះក្នុងមួយថ្ងៃ។
ខាងក្រោមនេះ គឺជារោគសញ្ញាទាំង 5 ដែលបង្ហាញថាអ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់ ៖
ឈឺក្បាលឬ ប្រកាំង
ខួរក្បាលរបស់មនុស្សតែងត្រូវការទឹកជាចាំបាច់ ដូច្នេះហើយនៅពេលដែលអ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់ លំហូរអុកស៊ីសែនទៅកាន់ខួរក្បាលក៏ត្រូវបានថយចុះ ដែលបណ្តាលឱ្យអ្នកមានអារម្មណ៍ឈឺក្បាល ប្រកាំង ឬចង់ខ្យ់ចាប់ជាដើម។ សូមបង្រ្គប់ជាតិទឹកក្នុងរាងកាយគ្រប់គ្រាន់ ដើម្បីចៀសវាងពីបញ្ហានេះ។
ក្អួតចង្អោរ និងវិលមុខ
ទឹកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអុកស៊ីសែន រួមទាំងសម្ពាធឈាម ប្រសិនបើអ្នកមានកង្វះជាតិទឹកក្នុងខ្លួន នោះអុកស៊ីហ្សែននឹងមិនអាចចូលដល់ខួរក្បាលបានជោគជ័យទេ ហើយវានឹងធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ ហេលហាល និងអស់កម្លាំងជារឿយៗ។ លើសពីនេះ ការខ្វះជាតិទឹកក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ ក៏បង្កជាគ្រោះថ្នាក់ផងដែរ វានាំឱ្យអ្នកអស់កម្លាំងខ្លាំង និងក្អួតចង្អោរ។
ស្បែកស្ងួត
កង្វះជាតិទឹក មិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយទេ វាថែមទាំងប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកផងដែរ។ វាបង្កជាបញ្ហា ស្បែកស្ងួត គ្មានសំណើម រមាស់ ប្រេះស្រកា និងឡើងរលាក។ សូមបំពេញជាតិទឹកឱ្យគ្រប់គ្រាន់ ជាតិទឹកមានសារសំខាន់ស្មើនឹងការប្រើផលិតផលផ្តល់សំណើមថែរក្សាស្បែក។
ឃ្លានញឹកញាប់
ការសិក្សាជាច្រើនបានបង្ហាញថា ប្រសិនបើអ្នកតែងតែមានអារម្មណ៍ថាឃ្លានញឹកញាប់គ្រប់ពេល វាអាចជារោគសញ្ញាកង្វះជាតិទឹក។ គន្លឹះដ៏ល្អ អ្នកគួរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជំនួសការទទួលទានអាហាររាល់ពេលអ្នកឃ្លាន ដើម្បីបំពេញអារម្មណ៍នៃភាពស្រេកឃ្លាន និងរក្សាជាតិទឹកក្នុងខ្លួន។
បញ្ហាដំណេក
តើអ្នកតែងជួបប្រទះបញ្ហាក្នុងការគេងមែនទេ?
ហេតុផលជាច្រើនត្រូវបានបង្ហាញអំពីបញ្ហាពិបាកក្នុងការគេ ប៉ុន្តែជារឿយៗការខ្វះជាតិទឹកក្នុងរាងកាយ គឺជាបញ្ហាចម្បងមួយក្នុងចំណោមនោះ។ ការគេងមិនលក់ អាចជាវិធីមួយទៀតដែលរាងកាយកំពុងព្យាយាមប្រាប់អ្នកពីកង្វះជាតិទឹកក្នុងខ្លួន។ ដូច្នេះ មុនពេលចូលគេង សាកល្បងទទួលទានទឹកខ្លះ ដើម្បីរាងកាយរបស់អ្នកអាចដំណើរការបានត្រឹមត្រូវ និងគេងលក់ស្រួល។