ពេលដែលមានសមាជិកថ្មីចូលក្នុងគ្រួសារ ច្បាស់ណាស់អ្នកប្រាកដជាត្រូវត្រៀមលក្ខណៈក្នុងការរស់នៅថ្មី ក៏ដូចជាសម្ភារមួយចំនួនបន្ថែម ដើម្បីឱ្យប្រាកដថា មិនមានភាពខ្វះខាតសម្រាប់ទារកតូចជាទីស្រឡាញ់របស់អ្នក។ អ្នកម្តាយលើកដំបូងតែងបារម្ភថា មិនដឹងគួរត្រៀមរសម្ភារអ្វីខ្លះដល់កូនជាទីស្រឡាញ់របស់ខ្លួននៅពេលពួកគេកើតមក។
សម្ភារដែលចាំបាច់ត្រូវទិញទុកប្រើប្រាស់របស់ទារកអាចមានច្រើន កត្តានេះបានក្លាយទៅជាសម្ពាធដល់អ្នកម្តាយដែលពុំសូវមានពេលវេលាគ្រប់គ្រាន់ និងមានការមមាញឹកជាមួយការងារខ្លាំង ឬពុំមានថវិកាក្នុងការចំណាយ។ ប៉ុន្តែសូមកុំបារម្ភ ឡេឌីស៍ សូមធ្វើការណែនាំនូវសម្ភារសំខាន់ៗដែលត្រូវទិញទុកសម្រាប់ទារក ដើម្បីកាត់បន្ថយភាពស្មុគស្មាញរបស់ម្តាយគ្រប់រូប។
សម្លៀកបំពាក់
សម្លៀកបំពាក់ គឺជាសម្ភារសំខាន់បំផុតដែលអ្នកម្តាយគ្រប់រូបត្រូវត្រៀមទុកសម្រាប់ទារកតូច ដូចជា អាវ ខោ អាវកាក់ អាវរងា កន្សែង ឆុតគេង ស្រោមដៃជើង និងមួកជាដើម។ អ្នកគួរតែទិញសម្លៀកបំពាក់ទុកយ៉ាងតិច ១២កំប្លេ ទុកសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។ ម្យ៉ាងទៀត អ្នកក៏ត្រូវត្រៀមគ្រឿងសម្អាងសម្រាប់ទារកផងដែរ រួមមាន ម្សៅ ប្រេង ក្រដាសសើម សាប៊ូ ឡេលាបការពារកន្ទួលរមាស់ ខោទឹកនោម កម្រាល កន្សែងទន់ និងប្រដាប់កាត់ក្រចកសម្រាប់ទារក… ។
គ្រឿងសង្ហារិម
អ្នកគួរតែត្រៀមទុកនូវ គ្រែសម្រាប់ទារក ភួយ អង្រឹង កម្រាលពូក ខ្នើយ ស្រោមខ្នើយ រទេះរុញ កៅអីពោងខ្យល់របស់ទារក (Bouncy Chair) និងកៅអីអង្គុយសម្រាប់ទារកនៅក្នុងឡាន។
របស់របរប្រើប្រាស់
របស់ប្រើប្រាស់ដែលចាំបាច់បំផុតមានដូចជា ម្សៅទឹកដោះគោ ដបទឹកដោះគោ ក្បាលដោះជ័រ បំពង់ទឹកក្តៅ ប្រដាប់បូមទឹកដោះពីម្តាយ ច្រាសដុះដបទឹកដោះគោ ឧបករណ៍សម្លាប់មេរោគដបទឹកដោះគោ និងស្លាបព្រាតូចៗសម្រាប់ទារក។
ប្រដាប់ប្រដាក្មេងលេង
នៅពេលដែលក្លាយទៅជាឪពុកម្តាយមួយរូប គឺចៀសមិនផុតអំពីការទិញប្រដាប់ប្រដាក្មេងលេងឱ្យកូនរបស់ខ្លួនទេ។ វាជារឿងធម្មតាទេ ដែលឪពុកម្តាយត្រូវទិញសម្ភារទាំងនោះ ដើម្បីបំពេញចិត្ត និងលួងលោមកូនតូចៗ ប៉ុន្តែត្រូវប្រាកដថា របស់ទាំងនោះមិនបង្កគ្រោះថ្នាក់ដល់កូនរបស់អ្នក។ នៅពេលដែលអ្នកជ្រើសរើសប្រដាប់លេងត្រឹមត្រូវ វាអាចជួយធ្វើឱ្យកូនរបស់អ្នកមានការអភិវឌ្ឍន៍ឆាប់រហ័ស និងបង្កើនភាពសប្បាយរីករាយក្នុងអារម្មណ៍កាន់តែខ្លាំង។