ធ្លាប់ឆ្ងល់ទេ? ហេតុអ្វីបានជាអ្នក ខិតខំគ្រប់គ្រងរបបអាហារ ធ្វើលំហាត់ប្រាណ ទទួលទានតែបន្លែផ្លែឈើ កាត់បន្ថយអាហារមានជាតិខ្លាញ់ និងស្ករចោលទាំងអស់ ប៉ុន្តែអ្នកនៅតែមិនស្រកទម្ងន់? វាជារឿងបាក់ទឹកចិត្តមួយ ដែលមនុស្សគ្រប់រូបតែងមើលរំលង សាកស្រមៃទៅមើលប្រសិនបើអ្នកខំដាក់ទុនទាំងកាយ ទាំងចិត្ត ធ្វើរឿងអ្វីមួយឱ្យបានសម្រេច ប៉ុន្តែមិនមានលទ្ធផលតបស្នងមកវិញសោះ នោះហើយជារឿងដែលបំផ្លាញ់ទឹកចិត្តបំផុត។ ដូច្នេះហើយ កុំបណ្តោយឱ្យខ្លួនឯងមិនបានដឹងអំពីមូលបញ្ហាមួយចំនួន ដែលធ្វើឱ្យអ្នកមិនអាចសម្រកទម្ងន់បានជោគជ័យ សូមស្វែងយល់បន្ថែមដើម្បីចៀសវាង។
បរិភោគអាហារលឿនៗពេក
វាគឺជារឿងធម្មតាទេក្នុងការទទួលទានអាហារយ៉ាងរហ័ស នៅពេលដែលយើងកំពុងប្រញាប់ប្រញាល់ឆ្លងកាត់ទម្លាប់ប្រចាំថ្ងៃជាមួយការងាររបស់យើង។ ប៉ុន្តែ តើអ្នកដឹងទេ? កាលណាអ្នកញុំាអាហារលឿនពេក វាអាចបណ្តាលឱ្យអ្នកឆាប់ឃ្លាននៅក្នុងរយៈពេលខ្លី ខណៈការញុំាអាហារដោយយីតៗល្មម និងយកចិត្តទុកដាក់អាចបង្កើនការឆ្អែតបានយូរ ព្រមទាងលើសកម្ពស់ការសម្រកទម្ងន់។
មិនទទួលទានទឹកគ្រប់គ្រាន់
សូមទទួលទានទឹកឱ្យបានគ្រប់គ្រាន់ មិនថាអ្នកមានសកម្មភាព ឬគ្មានសកម្មភាពប្រចាំថ្ងៃ។ ទឹកក៏មានអត្ថប្រយោជន៍សុខភាពជាច្រើនដល់ការសម្រកទម្ងន់រួមមាន ៖
• ជួយឱ្យប្រព័ន្អរំលាយអាហារដំណើរការបានល្អ
• ការពារការខ្វះជាតិទឹកក្នុងខ្លួន
• គ្រប់គ្រងសីតុណ្ហភាពរាងកាយបានល្អ
គេងមិនបានគ្រប់គ្រាន់
មនុស្សពេញវ័យ គឺត្រូវការដំណេករវាង 7-8 ម៉ោងក្នុងមួយយប់ដើម្បីធានាសុខភាពល្អ ម្យ៉ាងការមិនទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ជាទម្លាប់ អាចនាំឱ្យឡើងទម្ងន់។
មានជំងឺប្រចាំកាយ
លក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួនអាចជំរុញឱ្យមានការឡើងទម្ងន់ និងខ្លះណាទៀតបានធ្វើឱ្យរាងកាយពិបាកក្នុងការសម្រកទម្ងន់។ រីឯថ្នាំមួយចំនួនក៏បានចូលរួមេជាចំណែកក្នុងការពិបាកសម្រកទម្ងន់។
ទទួលទានគ្រឿងស្រវឹងច្រើនពេក
ការផឹកស្រាអាចជះឥទ្ធិពលអវិជ្ជមានដល់ចំណង់អាហាររបស់អ្នក វាបានធ្វើអោយអ្នកមានការស្រេកឃ្លានខ្លាំង ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់ សូមកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ជាពិសេសចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។
មិនបានកាត់បន្ថយជាតិកាបូអ៊ីដ្រាត
ការកាត់បន្ថយកាបូអ៊ីដ្រាតនៅក្នុងរបបអាហាររបស់អ្នកអាចជួយជម្រុញការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព បើទោះបីវិធីសាស្រ្តនេះ ហាក់បីដូចជាត្រូវប្រើប្រាស់រយៈពេលយូរប្រមាណ 6-12 ខែក៏ដោយ ប៉ុន្តែវាពិតជាបានផ្តល់នូវលទ្ធផលជាទីគាប់ចិត្តពិតប្រាកដ។
កើតអារម្មណ៍ស្រេ្តសខ្លាំងពេក (Stress)
ការកើនឡើងកម្រិតនៃអរម៉ូន Cortisol ច្រើនដែលជាអរម៉ូនស្ត្រេស ជាប់ពាក់ព័ន្ធក្នុងដំណើរការដែលផ្តល់ថាមពលដល់សាច់ដុំដើម្បីធ្វើចលនាផ្លាស់ទី។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ស្រ្តេសជារៀងរាល់ថ្ងៃ វាអាចនឹងប៉ះពាល់ដល់ការសម្រកទម្ងន់របស់អ្នក ដោយអ្នកមិនអាចគ្រប់គ្រងចលនាសាច់ដុំក្នុងការធ្វើចលនាផ្សេងៗបាន និងគ្មានកម្លាំងចិត្តក្នុងការធ្វើសកម្មភាពផ្សេងៗ។