ស្ត្រីដ៏ស្រស់ស្អាត ដែលមានឈ្មោះថា មូ វណ្ណនីដា ហៅក្រៅ អាឡិច មិនត្រឹមតែពូកែខាងជំនួញទេ ថែមទាំងពូកែក្នុងការរៀបចំតុបតែងខ្លួនដែរ ដោយនាងមានស្ទីលរៀបចំខ្លួនបែបនារីស៊ីវីល័យ ជាពិសេសគឺ ម៉ូតសក់ខ្លីដែលនាងស្រឡាញ់បំផុត និងថា វាជាតំណាងឲ្យភាពអង់អាចរបស់នាង។
ម៉ូដសក់ខ្លីក្ដោប មានមនុស្សស្រីមិនច្រើនទេ ដែលក្លាហានហ៊ានលេងម៉ូតបែបនេះ ព្រោះថា ម៉ូតនេះរើសទម្រង់មុខណាស់។ ដូច្នេះហើយ វាងាយនឹងធ្វើឲ្យថ្លោះធ្លោយបង់ខាតភាពស្រស់ស្អាតផ្ទាល់ខ្លួនដែរ។ ប៉ុន្តែ អាឡិច មានភាពជឿជាក់ណាស់ជាមួយម៉ូតសក់មួយប្រភេទនេះ ហើយជាលទ្ធផល ម៉ូតនេះ បានបូកផ្សំជាមួយរូបរាងដ៏អំណោយផលរបស់នាង ក្លាយជាចំណុចលេចធ្លោទាំងព្រម។
បើតាមការបញ្ជាក់របស់ អាឡិច អំពីការលេងម៉ូតសក់ស្អាតបែបស៊ីវីល័យនេះ គឺបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ មកម្លេះ។ ដោយ អាឡិច បានលើកឡើងថា “មនុស្សស្រីភាគច្រើនតែងតែចង់ទុកសក់វែង តែសម្រាប់ខ្ញុំ គឺស្រលាញ់ និងចូលចិត្តសក់បែបខ្លី ព្រោះសក់ខ្លីបានបង្ហាញពីភាពអង់អាចរបស់ខ្ញុំ ជាពិសេសបង្ហាញពីភាពជាខ្លួនឯង ដោយខ្ញុំចង់មានស្តាយសក់ជារបស់ខ្លួនខ្ញុំផ្ទាល់តែម្តង”។
សូមជម្រាបជូនផងដែរថា មូ វណ្ណនីដា ហៅក្រៅថា អាឡិច គឺជាស្ត្រីដ៏ស្រស់ស្អាត ឆ្លាត និងពូកែ ដោយបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DI&ZA(Cambodia)Co.,Ltd ប៉ុន្តែមុនមកដល់ចំណុចនេះ ស្ត្រីវ័យក្មេងរូបនេះ ក៏មានប្រវត្តិតស៊ូណាស់មិនធម្មតាដែរ។ មូ វណ្ណនីដា ឬ អាឡិច ជាអ្នកខេត្តស្ទឹងត្រែង និងជាកូនស្រីពៅក្នុងគ្រួសារដែលឪពុកម្ដាយសុទ្ធតែជាអ្នកជំនួញ៕