ជាការពិតនៅក្នុងសង្គមបច្ចុប្បន្ន ស្រ្តីគ្រប់រូបតែងចៀសមិនផុតពី ការឈានចូលដល់វ័យមួយក្នុងការធ្វើជាម្តាយ បន្ទាប់ពីបានឆ្លងកាត់ជីវិតការងារ និង ជីវិតគ្រួសារអស់ជាច្រើនឆ្នាំមក។ មានស្រ្តីមួយចំនួន បានសម្រេចចាកចេញពីការងារ ហើយចាប់យកជីវិតជាសហគ្រិនវិញម្តង។ ប៉ុន្តែនៅពេលដែលមានមុខជំនួញនៅក្នុងដៃផង និង ការធ្វើជាម្តាយផ្តល់ភាពកក់ក្តៅឱ្យកូនៗផង តើត្រូវបែកចែកពេលវេលា បែបណា ទើបសមស្រប និងមានតុល្យភាព?
យោងតាម Yahoo Finance Singapore បានចុះផ្សាយថាអំពីការសម្ភាសន៍ផ្ទាល់ជាមួយនឹងស្រ្តីជនជាតិសិង្ហបុរី ដែលជាសហគ្រិនផង និង ធ្វើជាមាតាផង ក្នុងពេលជាមួយគ្នា។ បទសម្ភាសន៍នោះ ជជែកអំពីបទពិសោធន៍ការងារ និង ការបែកចែកពេលវេលាមើលថែកូនៗ។

Rhonda Wong សហស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យា Ohmyhome
“ពួកយើងដើរតួជាម្តាយ ជាប្រពន្ធ ជាកូនស្រ្តី ជាបងស្រី ជាមិត្តភក្តិ ជាចៅហ្វាយនាយ និង ជាមិត្តរួមការងារ។ មានតួនាទីច្រើនណាស់ ដែលយើងត្រូវចូលរួមបំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃ ហើយយើងត្រូវតែធ្វើឱ្យប្រាកដថា យើងសប្បាយចិត្ត ក្នុងផ្លូវដែលយើងបានជ្រើសរើសដើរ។ ជាការពិត ពេលវេលា ជាអ្វីដែលសំខាន់បំផុត សម្រាប់ខ្ញុំ និងអ្នកទាំងអស់គ្នា។ ម្នាក់ៗមានពេល ២៤ម៉ោងក្នុង១ថ្ងៃ ស្មើៗគ្នា មិនមានអ្នកណាពេលវេលាច្រើនជាង ឫ តិចជាងឡើយ” ។
នាងបន្តថា ការជ្រើសរើសនិងកំណត់ពេលវេលា ក្នុងការធ្វើកិច្ចការអ្វីមួយ ត្រូវប្រាកដបែកចែកឱ្យបានច្បាស់លាស់។ “ខ្ញុំ បានឆែកការវិភាគរបស់ខ្ញុំ ទៀតទាត់ណាស់ ជាពិសេស នៅរៀងរាល់ដើមសប្តាហ៍។ នៅពេលកំណត់បែកចែកពេលវេលាសម្រាប់ធ្វើអ្វីមួយ មិនថាតែការធ្វើការងារ ឫ យកពេលលេងជាមួយកូនៗនោះទេ ត្រូវច្បាស់ថានឹងប្រើប្រាស់ពេលវេលានោះឱ្យសម្រេចបានលទ្ធផលល្អ”។
ក្នុងនាមជាម្តាយផង និង ជាសហគ្រិនម្នាក់ផង Rhonda Wong បានឱ្យដឹងថា នាងពិតជានឹកកូនៗរបស់ខ្លួនណាស់។ “ប៉ុន្តែបើនិយាយឱ្យត្រង់ទៅ នៅពេលដែលខ្ញុំផ្ចង់អារម្មណ៍ធ្វើការនៅកន្លែងការងារ ខ្ញុំមិនមានពេលវេលា គិតពីកូនៗទៀតនោះទេ”។
ពាក់ព័ន្ធនឹងចំណុចនេះ សហគ្រិនខាងលើ បានបញ្ជាក់យ៉ាងដូច្នោះថា នៅពេលណាដែលកិច្ចការងារ មានសារៈសំខាន់ ហើយពោលពេញទៅដោយការ challenges ធ្វើឱ្យនាងមានអារម្មណ៍រំភើបចង់សម្រេចកិច្ចការនោះឱ្យខានតែបាន ទើបធ្វើឱ្យនាងផ្តោតខ្លាំងទៅលើវា។ យ៉ាងណាមិញ នៅពេលបញ្ចប់ម៉ោងការងារ ដល់ពេលវេលាសម្រាប់កូនៗ នាងបានផ្តល់ភាពកក់ក្តៅ ពេញទីដល់ពួកគេ ពោលគឺ ១០០ លើ ១០០តែម្តង៕