ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានបើកសម្ពោធកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី (Academy of Women Entrepreneurs-AWE) នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ទទួលបានមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានគោលបំណងលើកកម្ពស់ស្ត្រីក្នុងជំនាញអាជីវកម្ម តាមរយៈការសិក្សាពីកម្មវិធីអាជីវកម្ម វគ្គបណ្តុះបណ្តាល និងការបង្កើតបណ្តាញ។
ថ្លែងក្នុងពិធីសម្ពោធ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្ត្រី (Academy For Women Entrerpreneurs – AWE) ឆ្នាំ២០២៤ នៅកម្ពុជា” នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងថា៖ «ខ្ញុំមានមោទនភាពសូមនិយាយថា សហរដ្ឋអាមេរិកបាននាំមុខគេក្នុងកិច្ចពិភាក្សាលើគោលនយោបាយក្នុងការលើកកម្ពស់ស្ត្រីអស់ រយៈពេលរាប់ឆ្នាំមកហើយ។ ឆ្នាំនេះកម្មវិធី AWE រាប់ថាជាគម្រោងដ៏សំខាន់សម្រាប់យុទ្ធនាការរបស់យើង ស្តីពីការលើកកម្ពស់ស្រ្តី ដែលអបអរសាទរ និងគាំទ្រស្ត្រីឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់គេ»។ លោកស្រីភារធារី Walker បានបន្ដថា កម្មវិធី AWE នេះមានសិក្ខាកាមជាលើកដំបូងចំនួន ៣០ នាក់ មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងវិស័យផ្សេងៗគ្នា រាប់តាំងពីសេវាកម្ម បដិសណ្ឋារកិច្ច ដល់វិស័យថាមពលប្រកបដោយចីរភាព។
ក្នុងឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះស្ថានទូតសហរដ្ឋអាម៉េរិក សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង Impact Hub ចំពោះការប្តេជ្ញាចិត្តជំរុញឱ្យកម្មវិធីនេះដំណើរការឡើង ដែលគូសបញ្ជាក់ពីការបោះជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រីឱ្យមានការរីកចម្រើនក្នុងវិស័យធុរកិច្ច និងនវានុវត្តន៍។ លោកជំទាវបានគូសបញ្ជាក់ថា នេះជាជំនាន់ទី១ ដែលចាប់ផ្តើមនៅកម្ពុជា ចាប់តាំងពីបង្កើតឡើងនូវកម្មវិធីបណ្តុះបណ្តាល AWE ដោយការិយាល័យកិច្ចការវប្បធម៌ និងអប់រំ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្កើតកម្មវិធីបណ្តុះបណ្តាល AWE នេះឡើងក្នុងឆ្នាំ ២០១៩ ។
លោកជំទាវរដ្ឋមន្រ្ដីក៏សូមអបអរសាទរដល់សហគ្រិនស្ត្រីវ័យក្មេង ដែលពោរពេញដោយទេពកោសល្យ និងសក្តានុពល ចំពោះភាពជោគជ័យរបស់ពួកគេ នៅក្នុងកម្មវិធីបណ្តុះបណ្តាល AWE ឆ្នាំ២០២៤នេះ។ លោកជំទាវមានសុទិដ្ឋិនិយមថា សហគ្រិនស្ត្រី វ័យក្មេងទាំងនេះ នឹងរកឃើញនូវសក្តានុពលរបស់ខ្លួនក្នុងការធ្វើធុរកិច្ច និងការច្នៃប្រឌិត តាមរយៈការបណ្តុះបណ្តាល ដ៏គ្រប់ជ្រុងជ្រោយ ការបង្ហាត់បង្រៀន (Mentorship) និងតាមរយៈបណ្តាញទំនាក់ទំនងដ៏រឹងមាំ រវាងគ្នា និងគ្នា។ លោកជំទាវរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ជាមួយនឹងការបណ្តុះនូវជំនាញ និងផ្តល់ការគាំទ្រចាំបាច់នានា សហគ្រិនស្ត្រីរបស់យើង នឹងរួមចំណែកយ៉ាងសំខាន់ ដល់វិបុលភាពរបស់សហគមន៍យើងទាំងអស់គ្នា»។
សូមជម្រាបជូនថា កម្មវិធី AWE គឺជាគម្រោងផ្តួចផ្តើមមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់ចំណេះដឹង បណ្តាញ និងលទ្ធភាពចាំបាច់ ដើម្បីឱ្យស្ត្រីជាសហគ្រិនចាប់ផ្តើម និងពង្រីកអាជីវកម្មដោយជោគជ័យ ហើយប្រើប្រាស់អំណាចនៃអ្នកឧបត្ថម្ភពីវិស័យសាធារណៈ និងវិស័យឯកជន ដៃគូក្នុងស្រុក និងបណ្តាញនៃអតីតនិស្សិតដែលបានចូលរួមក្នុងក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំ របស់សហរដ្ឋអាមេរិក ដើម្បីជួយស្ត្រី និងអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើន។ សម្រាប់អ្នកដាក់ពាក្យចូលរួមសិក្សា ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៩ ខែ ក្នុងកម្មវិធី ដែលរួមមានការសិក្សា តាមប្រព័ន្ធអនឡាញ ការចូលរួមសិក្សាដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ស្នាដៃ និងផ្តល់ការគាំទ្រនៅក្រោយចប់កម្មវិធីសិក្សា៕
ប្រភព៖ AKP