ជំងឺធ្លាក់ទឹកចិត្ត និងជំងឺវង្វេង គឺជាប្រភេទជំងឺ ពីរ ផ្សេងដាច់ពីគ្នា។
ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺដែលទាក់ទងទៅនឹងបញ្ហាផ្លូវចិត្ត រីឯជំងឺវង្វេង – Alzheimer ត្រូវបានចាត់ថ្នាក់ជាជំងឺដែលពាក់ព័ន្ធជាមួយប្រព័ន្ធប្រសាទ ឬការចងចាំ ហើយជំងឺនេះច្រើនតែកើតចំពោះមនុស្សមានវ័យចំណាស់។
អ្នកជំងឺធ្លាក់ទឹកចិត្ត រួមមានរោគសញ្ញា ដូចជា មានអារម្មណ៍បាក់ទឹកចិត្ត អស់សង្ឃឹម ពិបាកចិត្តជាប់រហូត បាត់បង់ភាពរីករាយ ឬចំណង់ចំណូលចិត្ត អារម្មណ៍មិនមូល អស់កម្លាំង គេងមិនលក់ និងបាត់បង់ចំណាប់អារម្មណ៍ក្នុងការធ្វើសកម្មភាពក្នុងរយៈពេលយូរ។
ចំពោះ រោគសញ្ញាជំងឺវង្វេង រួមមាន ការចងចាំចុះខ្សោយ ឧស្សាហ៍ភ្លេចភ្លាំង ការវិនិច្ឆ័យថយចុះ ពិបាកក្នុងការធ្វើទំនាក់ទំនង និងផ្លាស់ប្តូរបុគ្គលិកលក្ខណៈ ទាំងអារម្មណ៍ ឬ អាកប្បកិរិយាទាំងស្រុង។
ខណៈ ដែលជំងឺទាំងពីរនេះមានលក្ខណៈ និងរោគសញ្ញាស្រដៀងគ្នាច្រើន ដូច្នេះហើយ វាពិតជាសំខាន់ណាស់ក្នុងការកត់សម្គាល់ទៅលើ ការផ្លាស់ប្តូរអារម្មណ៍ អាកប្បកិរិយា និងសមត្ថភាពក្នុងការបំពេញមុខងារ ដើម្បីបែងចែកប្រភេទនីមួយៗឱ្យដាច់ពីគ្នា។
ប្រសិនបើអ្នកកត់សម្គាល់ថា ខ្លួនកំពុងមានរោគសញ្ញាខាងលើ សូមស្វែងរកជំនួយជាបន្ទាន់ ដោយធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវ ។
សកម្មភាពមួយចំនួនដែលអ្នកអាចជួយដល់អ្នកជំងឺធ្លាក់ទឹកចិត្ត ឬអ្នកជំងឺវង្វេង បាន ៖
- ផ្តល់ការលើកទឹកចិត្ត តាមរយៈចូលរួមសកម្មភាពបង្កើតបរិយកាសរីករាយ
- បង្កើតនូវបរិយាកាសដែលមានផាសុកភាព និងបង្កើនអារម្មណ៍កក់ក្តៅចំពោះពួកគេ
- ផ្តល់ការគាំទ្រផ្នែកអារម្មណ៍ និងការពង្រឹងការគិតវិជ្ជមានឱ្យបានច្រើន
- កុំដាក់សម្ពាធ កាត់បន្ថយភាពតានតឹង និងអារម្មណ៍ថប់បារម្ភជ្រុលហួសហេតុដល់ពួកគេ
- ផ្តល់ជាជំនួយ ចំពោះអ្វីដែលអ្នកជំងឺកំពុងខ្វះខាត ដូចជាការស្រលាញ់ ការយកចិត្តទុកដាក់ ជាដើម…
អ្នកជំងឺក៏គួរយកចិត្តទុកដាក់ចំពោះសុខុមាលភាពផ្ទាល់ខ្លួនផងដែរ ដូចជា ៖
- ត្រូវស្វែងរកជំនួយពីក្រុមគ្រួសារ មិត្តភក្តិ និងសមាគមន៍ថែទាំគាំពារសុខុមាលភាពផ្លូវចិត្ត
- ពិចារណាលើការថែទាំសង្គ្រោះបណ្តោះអាសន្ន
- បើកចិត្តទទួលយកការគាំទ្រពីមនុស្សជុំវិញខ្លួន និងព្យាយាមដោះលែងផ្លូវចិត្តម្តងបន្តិចៗ