សព្វថ្ងៃ អាត្រានៃមនុស្សធាត់ ឬលើសទម្ងន់ខ្លាំង កំពុងកើនឡើងយ៉ាងខ្ពស់នៅជុំវិញពិភពលោក… វាគឺជាបញ្ហាប្រឈមសុខភាពដ៏ធំបំផុតមួយក្នុងសតវត្សទី 21 នេះ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស 8 នាក់មានបញ្ហាធាត់ ពោលគឺប្រហែល 1 ពាន់លាននាក់នៅទូទាំងពិភពលោក ។ ខណៈ អាត្រានៃមនុស្សពេញវ័យមានបញ្ហាលើសទម្ងន់ បានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ 1990 រីឯអត្រានៃកុមារ និងក្មេងជំទង់ដែលមានអាយុចន្លោះពី 5-19 ឆ្នាំ មានការកើនឡើងរហូតដល់ចំនួន 4 ដង។
រាងកាយដែលមានសភាពធាត់ខ្លាំង បានបង្ហាញឱ្យអ្នកដឹងថា អ្នកកំពុងតែផ្ទុកនូវជាតិខ្លាញ់ច្រើនលើសលប់ក្នុងខ្លួន ដែលវាអាចបង្កគ្រោះថ្នាក់ជាច្រើនដល់សុខភាព។
បញ្ហាធាត់ ឬលើសទម្ងន់ខ្លាំង អាចរួមផ្សំមកពីកត្តាជាច្រើន រួមទាំងរបបអាហារគ្មានតុល្យភាព (ទទួលទានកាឡូរីច្រើនជាងអ្វីដែលអ្នកត្រូវការពីអាហារ និងទទួលទានពពួកភេសជ្ជៈមានជាតិស្ករខ្ពស់) កង្វះនៃការគេង និងមិនធ្វើលំហាត់ប្រាណជាប្រចាំ។
បន្ថែមពីលើនេះ នៅមានកត្តាចម្បងផ្សេងៗទៀត ៖
កត្តាតំណពូជ (Genetics) ៖ ហ្សែន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ នូវរបៀបដែលរាងកាយរបស់អ្នកបំប្លែងអាហារទៅជាថាមពល ការគ្រប់គ្រងចំណង់អាហារ និងដំណើរការដែលរាងកាយដុតកាឡូរីក្នុងកំឡុងពេលហាត់ប្រាណ។
បុគ្គលមួយចំនួនមានជំងឺធាត់ពីតំណរពូជ ដែលវាគឺជាលក្ខខណ្ឌហ្សែនឈ្មោះថា Prader-Willi Syndrome ធ្វើឱ្យអ្នកចេះតែចង់ញ៉ាំៗជានិច្ច ដោយមិនមានអារម្មណ៍ថាឆ្អែតទាល់តែសោះ។
បរិបទសង្គមនៃការរស់នៅ ៖ ការជ្រើសរើសរបៀបក្នុងការរស់នៅប្រចាំថ្ងៃ គឺពិតជាសំខាន់ណាស់ ព្រោះវាអាចជះឥទ្ធិពលដល់សុខុមាលភាពរបស់អ្នក។ ជម្រើសរបបអាហារមានតុល្យភាព (ទទួលទានបន្លែ ផ្លែឈើធម្មជាតិ) រក្សាអនាម័យល្អ និងឧស្សាហ៍ធ្វើខ្លួនឱ្យសកម្ម ដើម្បីចូលរួមដុតរំលាយកាឡូរីលើសក្នុងខ្លួន។
ថ្នាំវេជ្ជសាស្រ្ត ៖ ថ្នាំមួយចំនួន ក៏អាចបណ្តាលឱ្យអ្នកឡើងទម្ងន់រាងកាយផងដែរ រួមមាន ថ្នាំស្តេរ៉ូអ៊ីត ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំបញ្ចុះសម្ពាធឈាម (Beta-Blockers) ថ្នាំសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងថ្នាំពន្យារកំណើតមួយចំនួន។ សូមប្រឹក្សាជាមួយអ្នកជំនាញថែទាំសុខភាព ឬឱសថការីឱ្យបានច្បាស់លាស់ ប្រសិនបើអ្នកត្រូវប្រើប្រាស់ថ្នាំទាំងនោះ ដើម្បីចៀសវាងបញ្ហាឡើងទម្ងន់ខ្លាំង។
ការគ្រប់គ្រងអារម្មណ៍ ៖ មនុស្សនឹងញ៉ាំអាហារសម្រន់ ឬផឹកភេសជ្ជៈផ្អែមកាន់តែច្រើន នៅពេលដែលពួកគេមានអារម្មណ៍ធុញថប់ ស្រេ្តស ខឹងមួរម៉ៅ ឬសូម្បីតែពេលសប្បាយចិត្ត និងអារម្មណ៍ល្អ… ទោះបីមិនឃ្លាន ក៏នៅតែញ៉ាំ។
សូមធ្វើការគ្រប់គ្រងចំណង់អារម្មណ៍របស់អ្នកឱ្យបានល្អ កុំចេះញ៉ាំតាមចិត្តចង់! ជំនួសការចង់ញ៉ាំនេះនោះផ្តេសផ្តាស់ អ្នកអាចបន្លប់ខ្លួនឯងឱ្យធ្វើអ្វីផ្សេង។ វាអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងចៀសវាងការឡើងទម្ងន់យ៉ាងមានប្រសិទ្ធភាព។
កង្វះនៃការគេង ៖ ការស្រាវជ្រាវបានរកឃើញថា អ្នកដែលគេងមិនបានគ្រប់គ្រាន់ មានហានិភ័យខ្ពស់ក្នុងការឡើងទម្ងន់ទ្វេដង ព្រោះអ័រម៉ូនដែលរាងកាយត្រូវបញ្ចេញក្នុងពេលគេងមានតួនាទី ជួយគ្រប់គ្រងចំណង់អាហារ និងធ្វើការរំលាយអាហារ។
ជំងឺប្រឈម ៖
• ជំងឺទឹកនោមផ្អែមប្រភេទទី 2
• ជំងឺបេះដូង
• ជំងឺដាច់សរសៃឈាមខួរក្បាល
• ជំងឺតម្រងនោម
• ជំងឺខ្លាញ់រុំថ្លើម
• កូលេស្តេរ៉ុល និងជាតិស្ករក្នុងឈាមឡើងខ្ពស់
• សម្ពាធឈាមខ្ពស់
• រលាកឆ្អឹង
• ខ្លាញ់រុំថ្លើម
• កើតប្រភេទជំងឺមហារីកមួយចំនួន