ការហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយរក្សាផ្លូវចិត្តឲ្យរឹងមាំថែមទៀត ។ ការហាត់ប្រាណ គឺជាផ្នែកមួយក្នុងការជួយសម្រួលដល់ប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ ជួយសម្រួលដល់ចរ្តឈាម សម្រួលដល់ការបញ្ជូនអុកស៊ីសែន និងបញ្ចេញសារធាតុចិញ្ចឹមទៅសរីរាង្គនីមួយៗ និងជួយដល់សុខភាពសរីរាង្គទាំងមូល។
កាត់បន្ថយសំពាធនិងភាពតានតឹង

ក្នុងកំឡុងពេលហាត់ប្រាណ ខួរក្បាលនឹងបញ្ចេញសារធាតុ (Endophins) សារធាតុនេះត្រូវបានបញ្ចេញក្នុងការឆ្លើយតបទៅនឹងភាពតានតឹង ឬការឈឺចាប់ ហើយអាចបង្កើតអារម្មណ៍សប្បាយរីករាយនិងបង្កើនសុខុមាលភាពនៃរាងកាយ។
ធ្វើឲ្យរាងកាយមានថាមពល
មនុស្សភាគច្រើនអាចគិតថា ការហាត់ប្រាណធ្វើឲ្យហត់ ប៉ុន្តែមិនទាំងស្រុងនោះទេ។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យសាស្ត្របានបង្ហាញថា ការហាត់ប្រាណជួយបង្កើនថាមពលនៅពេលរាងកាយចុះខ្សោយ ឬមានជម្ងឺឈឺថ្កាត់ណាមួយ។
ពេលយើងហាត់ប្រាណ ឈាមនឹងដើរបានល្អ អុកស៊ីសែននឹងចូលដល់សរីរាង្គរហ័សជាងមុន។ ជាផ្នែកមួយដែលសម្រួលដល់ប្រព័ន្ធរាងកាយ និងធ្វើឲ្យយើងមានអារម្មណ៍ថាមានថាមពលកាន់តែច្រើន ហើយកាត់បន្ថយអារម្មណ៍អស់កម្លាំងដែលធ្លាប់មាន។
ជួយរក្សាផ្លូវចិត្ត និងជំនួយដល់ការគេង
អ្នកជម្ងឺភាគច្រើនតែងទទួលបានការណែនាំឲ្យហាត់ប្រាណ ក៏ដោយសារការហាត់ប្រាណជួយឲ្យគេងលក់ស្រួល ថែមទាំងជួយរក្សាផ្លូវចិត្តអ្នកឲ្យរឹងមាំក្នុងកំឡុងពេលព្យាបាលផងដែរ។
ជួយគ្រប់គ្រងលើបញ្ហាជម្ងឺដូចជា៖
- ជំងឺទឹកនោមផ្អែម
- ជំងឺលើសសម្ពាធឈាម
- ជំងឺបេះដូង
- បញ្ហាសន្លាក់/ឆ្អឹង
បញ្ហានៃជម្ងឺទាំងនេះភាគច្រើន កើតលើមនុស្សចាស់ជារឿងធម្មតាទៅហើយ ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្មេងៗ ឬ យុវវ័យមួយចំនួនក៏កើតមានជម្ងឺទាំងនេះជាបន្តបន្ទាប់ដូចគ្នា ដោយសារការបរិភោគអាហារមិនមានតុល្យភាព និងកង្វះការយល់ដឹងខាងផ្នែកសុខភាព។ ហេតុនេះ ដើម្បីជាផ្នែកមួយក្នុងការជួយយសម្រួលដល់បញ្ហានៃជម្ងឺទាំងនេះ អ្នកគួរតែហាត់ប្រាណឲ្យបានញឹកញាប់ជាប្រចាំ និងកាត់បន្ថយការបរិភោគអាហារណាដែរមិនល្អដល់សុខភាព។