ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ BBC បានឱ្យដឹងថា អង្គការសុខភាពពិភពលោក “WHO” បានប្រកាសអាស្ននជាសាកលចំពោះការរីករាតត្បាតជំងឺ Mpox សារជាថ្មី និងបានជម្រុញឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងកាពារការឆ្លងរោគ។
ជំងឺ Mpox ឬ Monkeypox គឺជាជំងឺមេរោគឆ្លងដែលបង្កឡើងដោយ មេរោគ Monekypox ជាប្រភេទមេរោគមួយនៃ Genus Orthopoxvirus ហើយមាន Clade ពីរផ្សេងគ្នា គឺ Clade I និង Clade II។ មេរោគនេះមានការរីករាលដាលជាយូរណាស់មកហើយនៅតំបន់អាហ្វ្រីកកណ្តាល វាចាប់ផ្តើមឆ្លងរាលដាលដំបូងនៅក្នុងឆ្នាំ 2022 ប៉ុន្តែថ្មីៗនេះជំងឺ Mpox មានការផ្ទុះខ្លាំងនៅ DRC និងបណ្តាប្រទេសផ្សេងទៀតនៅទ្វីបអាហ្រ្វីកទើបធ្វើឱ្យមានការឆ្លើយតបរួមគ្នាជាអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំង ការពារ និងមានវិធានការបញ្ឈប់ការរីករាលដាល ព្រមទាំងសង្គ្រោះជីវិត។
ការផ្ទុះឡើងនេះបានបណ្តាលឱ្យមានជាង 14,000 ករណីហើយ និងមនុស្សចំនួន 500 នាក់បានស្លាប់នៅទូទាំងពិភពលោក។
នេះជាអ្វីដែលអ្នកត្រូវដឹងអំពី “Mpox”
ជំងឺ Mpox បណ្តាលមកពីមេរោគនៅក្នុងសត្វស្វា (ហៅកាត់ជា MPXV) ត្រូវបានគេរកឃើញជាលើកដំបូងក្នុងខ្លួនសត្វស្វានៅឆ្នាំ 1958 ប្រទេសដាណីម៉ា ហើយករណីឆ្លងលើកដំបូង ត្រូវបានរាយការណ៍ថាក្មេងប្រុសអាយុប្រាំបួនខែម្នាក់ស្ថិតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC, ឆ្នាំ 1970)។ រោគសញ្ញាទូទៅនៃ Mpox គឺ ឡើងកន្ទួលលើស្បែក ឬកើតមានដំបៅ Mucosal អាចមានរយៈពេល 2-4 សប្តាហ៍ អមដោយគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង អស់កម្លាំង និងហើមកូនកណ្តុរ។ វាអាចឆ្លងទៅមនុស្សតាមរយៈការប៉ះរាងកាយជាមួយអ្នកដែលមានមេរោគ វត្ថុធាតុកខ្វក់ ឬប៉ះពាល់ជាមួយសត្វដែលមានផ្ទុកមេរោគ។
តើ Mpox ត្រូវបានឆ្លងដូចម្តេចខ្លះ?
ការឆ្លងជំងឺ Mpox ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាចកើតឡើងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយស្បែកដែលមានមេរោគ ឬដំបៅផ្សេងទៀត ដូចជានៅក្នុងមាត់ ឬនៅលើប្រដាប់បន្តពូជ ព្រមទាំងឆ្លងតាមរយៈសកម្មភាពមួយចំនួនទៀត ៖
• ការនិយាយទល់មុខគ្នា (ដំណកដង្ហើម)
• ការប៉ះពាល់ស្បែកនឹងស្បែក (ការប៉ះ ឬការរួមភេទតាមទ្វារមាស/រន្ធគូថ)
• មាត់ (ថើប)
• ទំនាក់ទំនងមាត់ជាមួយស្បែក (ការរួមភេទតាមមាត់ ឬថើបស្បែក)
• វាក៏អាចឆ្លងតាមរយៈដំណក់ទឹកផ្លូវដង្ហើម ឬវត្ថុធាតុកខ្វក់ដូចជា ក្រដាស់ ឬសម្លៀកបំពាក់ជាដើម។
រោគសញ្ញាទូទៅនៃ Mpox ៖
• ឡើងកន្ទួល
• គ្រុន
• ឈឺបំពង់ក
• ឈឺក្បាល
• ឈឺសាច់ដុំ
• ឈឺខ្នង
• អស់កម្លាំង
• ហើមកូនកណ្តុរ
អ្នកខ្លះអាចកើតមានដំបៅស្បែកនៅតំបន់នៃរាងកាយមួយចំនួន រួមមាន ៖
• បាតដៃ និងបាតជើង
• មុខ មាត់ និងបំពង់ក
• ក្រលៀន និងតំបន់ប្រដាប់បន្តពូជ
• រន្ធគូថ
ការព្យាបាល និងការការពារ
បច្ចុប្បន្ននេះ មិនទាន់មានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺ Mpox ទេ ប៉ុន្តែការបង្ការ និងថែទាំគាំពារគឺមាន។ ចំពោះវ៉ាក់សាំង និងវិធីព្យាបាលសម្រាប់ជំងឺអុតស្វាយអាចប្រើប្រាស់សម្រាប់ជំងឺ Mpox ផងដែរ។
ការការពារ គឺមានសារៈសំខាន់ ហើយសូមជៀសវាងការទាក់ទងជាមួយបុគ្គលផ្ទុកមេរោគ ឬចូលរួមចាក់វ៉ាក់សាំងការពារជំងឺប្រភេទនេះ។