សុភាពនារីគ្រប់រូបរូបតែងប្រាថ្នាចង់បានស្បែកស្អាតភ្លឺថ្លា ទន់រលោង និងគ្មានស្នាមជ្រីវជ្រួញ ព្រោះនៅពេលណាដែលមានស្បែកស្រស់ស្អាតគ្មានការរំខានពីស្លាកស្នាម នោះក៏ជាផ្នែកមួយធ្វើឲ្យអារម្មណ៍ល្អផងដែរ។
ស្បែកស្អាតបានចូលរួមបង្ហាញអំពីភាពស្រស់ស្អាត រាងកាយមានសុខភាពល្អ ឬទទួលបានការយកចិត្តទុកដាក់មើលថែបានដិតដល់ទាំងផ្នែកខាងក្នុង និងខាងក្រៅ។ សុខុមាលភាពនៃស្បែកមុខ និងស្បែកខ្លួនភ្លឺចែងចាំងបានផ្សាភ្ជាប់ពាក់ព័ន្ធជាមួយការរួមបញ្ចូលនៃទម្លាប់ថែរក្សាស្បែកដោយឧស្សាហ៍ព្យាយាម ទទួលទានរបបអាហារសុខភាព កាត់បន្ថយភាពតានតឹង ជាពិសេសស្វែងយល់ដឹងអំពីវិធីសាស្រ្តក្នុងការថែរក្សាស្បែកដែលមានប្រសិទ្ធិភាព។
ជាមួយនឹងការថែទាំដោយការយកចិត្តទុកដាក់ត្រឹមត្រូវ អ្នកនឹងអាចទទួលបានស្បែកភ្លឺថ្លាដែលអ្នកចង់បាន រួមទាំងបំពេញនូវទំនុកចិត្តជឿជាក់ចំពោះខ្លួនឯង… សូមអនុវត្តគន្លឹះទាំង 6 យ៉ាងខាងក្រោមនេះ ដើម្បីទទួលបានប្រសិទ្ធិភាពប្រសើរឡើង ៖
1. ប្រើប្រាស់ស្បៃធម្មជាតិត្រដុសស្បែក
សូមបង្កើតទម្លាប់ប្រើប្រាស់ស្បៃធម្មជាតិដុសស្បែក ដើម្បីជម្រះជាតិកខ្វក់ (ក្អែល) ដែលតោងជាប់ បង្រួមរន្ធញើស និងជួយការពារការឡើងមុននៅបរិវេណខ្នង ឬការផលិតប្រេងលើសខ្លាំង។ ចំណុចដែលសំខាន់បំផុតការធ្វើបែបនេះ គឺអាចកម្ចាត់ការស្ទះរន្ធរោមនៃស្បែកបានយ៉ាងល្អ ប៉ុន្តែសូមត្រដុសដោយថ្នមៗ កុំត្រដុសខ្លាំងពេកដែលអាចឱ្យស្បែករបស់អ្នកដាច់រលាត់។
2. ផ្តល់សំណើមដល់ស្បែកដោយប្រើប្រាស់ផលិតផល
ប្រសិនបើអ្នកយកចិត្តទុកដាក់លើទម្លាប់ថែរក្សាមុខរបស់អ្នកច្រើនជាជាងការថែទាំស្បែករាងកាយ ប្រហែលជាអ្នកគួរតែចាប់ផ្តើមយកចិត្តទុកដាក់ចំពោះស្បែករាងកាយដូចគ្នាផងដែរ។ សម្រាប់ការថែទាំស្បែកកាយដ៏មានប្រសិទ្ធភាពនោះ គឺអ្នកអាចប្រើប្រាស់ផលិតផលដែលផ្តល់សំណើមបានខ្ពស់ ដើម្បីបំពេញជាតិទឹកជម្រុញឱ្យស្បែកទន់រលោង។ ធាតុផ្សំដែលល្អបំផុតសម្រាប់ការផ្តល់ជាតិទឹកមានដូចជាអាស៊ីត Hyaluronic, Glycerin ឬ Aloe Vera ។
3. ខាត់ស្បែក
ស្រ្កាប់សម្រាប់ខាត់ជម្រុះកោសិកាស្បែកចាស់ៗ ឬសាប៊ូដុសខ្លួនបានជួយកម្ចាត់កោសិកាស្បែកដែលងាប់ និងអាចការពារបញ្ហាដូចជា Cellulite ស្នាមសង្វារ ស្នាមជាំ ឬរោមដែលដុះបុកចូលទៅខាងក្នុងស្បែក។ សូមកុំព្យាយាមកុំខាតស្បែកខ្លាំងៗពេក ហើយត្រូវប្រាកដថាអ្នកត្រដុសស្បែកថ្នមៗបំផុត។
4. ផលិតផលថែរក្សាស្បែករាងកាយដែលមានជាតិអ៊ុយរ៉េ (Urea-infused)
ប្រសិនបើអ្នកមានស្បែកខះជាតិទឹក ខ្មៅស្រអាប់ និងប្រេះស្រកា អ្នកគួរតែប្រើប្រាស់ផលិតផលថែរក្សាស្បែករាងកាយដែលមានផ្ទុកជាតិអ៊ុយ។ “អ៊ុយរ៉េ” គឺជាជាតិទឹកធម្មជាតិដែលជួយរក្សាសំណើមស្បែក និងពង្រឹងរបាំងធម្មជាតិធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ។
5. ប្រេងរាងកាយ ឬ Body Oils
ជ្រើសរើសក្លិនដ៏ប្រណិតសម្រាប់ស្បែករបស់អ្នក ដោយប្រេងរាងកាយអាចផ្តល់នូវបទពិសោធន៍នៃការបន្ធូរអារម្មណ៍ ឬភាពតានតឹង ខណៈវាក៏កំពុងផ្តល់ការរក្សាសំណើម និងបង្កើនភាពទន់នៃស្រទាប់ស្បែក។ អ្នកអាចសាកល្បងប្រេងដូង Jojoba ឬប្រេងអាល់ម៉ុន ហើយម៉ាស្សាថ្នមៗនៅលើស្បែកដែលសើមបន្ទាប់ពីងូតទឹក អ្នកនឹងទទួលបានសាច់ទន់រលោង។
6. វិធីសាស្រ្តនៃការប្រើប្រាស់ច្រាស់ ឬជក់ដុះស្បែកស្ងួត
ការដុសសម្អាតស្ងួតអាចជួយជម្រុញចរាចរឈាម ធ្វើឱ្យស្បែករបស់អ្នកតឹងណែន និងជួយឱ្យស្បែកភ្លឺរលោង… ជាមួយនឹងការប្រើប្រាស់ជាប្រចាំ ជក់ស្ងួតក៏អាចបង្កើនការស្រូបយកផលិតផលថែរក្សាស្បែកឱ្យជ្រាបចូលកាន់តែជ្រៅ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។