ចាប់តាំងពីឆ្នាំ២០១២មក រៀងរាល់ថ្ងៃទី ១១ ខែតុលា ពិភពលោកប្រារព្ធទិវាអន្តរជាតិក្មេងស្រី ដើម្បីលើកតម្កើងសិទ្ធិ និងសក្តានុពលរបស់កុមារីទូទាំងសកលលោក។ សម្រាប់ឆ្នាំ២០២៥ ទិវាអន្តរជាតិក្មេងស្រីឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ«ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីទាំងអស់គ្នា» ដើម្បីរំលេចអំពីសារៈសំខាន់និងគុណតម្លៃក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដែលត្រូវបណ្តុះនិងអភិវឌ្ឍចាប់តាំងពីវ័យនៅក្មេង និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់នៅក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា “ក្មេងស្រីគឺជាទំបាំងស្នងឬស្សីដែលសង្គម និងគ្រួសារអាចតម្រង់ផ្លូវ ឲ្យក្លាយទៅជាមូលធមមនុស្សល្អ ជាបុគ្គលគំរូល្អ ហើយទៅអនាគត ក្មេងស្រី នឹងក្លាយទៅជាភរិយា មាតា និងជីដូន ដែលអាចតម្រង់ទិសម្រាប់មនុស្សជំនាន់ក្រោយ។” លោកជំទាវបានបន្តទៀតថា “ការលើកកម្ពស់ទំនាក់ទមនងអន្តរជំនាន់នៅក្នុងសង្គម និងការមិនទុកនរណាម្នាក់ឲ្យនៅឯកា ជាមូលដ្ឋានគ្រឹះដើម្បីកសាងសង្គមមួយ ប្រកបដោយបរិយាបន្ន សមធម៌ សីលធម៌ និងភាពធន់ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលអាចកើតមានឡើងនៅក្នុងជីវិត និងសង្គម”។
ចំណែក លោកជំទាវគឹម ស៊ីផាត់ ក៏បានលើកឡើងថា “ការចូលរួមលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា”។

ក្មេងស្រីជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមសង្គម បរិស្ថាន និងនយោបាយ នៅក្នុងសហគមន៍របស់ពួកគេ។ ការវិនិយោគលើក្មេងស្រី គឺជាការវិនិយោគលើអនាគត។ យើងទាំងអស់គ្នាត្រូវតែប្តេជ្ញាចិត្តក្នុងការលុបបំបាត់រាល់ឧបសគ្គដែលរារាំងសក្តានុពលរបស់ពួកគេ និងធានាថារាល់ក្មេងស្រីទាំងអស់អាចឈានទៅមុខជាអ្នកដឹកនាំប្រកបដោយទំនុកចិត្ត និងមានឥទ្ធិពល។