អាកាសធាតុឡើងកម្តៅកាន់តែខ្លាំង ផលវិបាកចំពោះសុខភាពក៏អាចមានច្រើន ទៅតាមវ័យនិងសកម្មភាពប្រចាំដ្ងៃរបស់មនុស្សម្នាក់ៗ និងពេលខ្លះអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្ននារដូវក្តៅនេះ។
រយៈកាលដើមនៃរដូវក្តៅ គឺជាពេលវេលាដែលសរីរាង្គកាយពិបាកទ្រាំជាងគេ ព្រោះវាពុំទាន់មានភាពស៊ាំជាមួយនឹងអាកាសធាតុភ្លាមៗ។
អាកាសធាតុក្តៅលាយសើមដូចនៅក្នុងប្រទេសកម្ពុជា បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះសុខភាពសរីរាង្គកាយ ក្រោមមូលហេតុនៃកត្តាបូកផ្សំជាច្រើនដូចជា ការថប់ឥតខ្យល់ និងមានផ្សែងពុលក្នុងបរិយាកាសទៀត ។
កម្តៅនៃសរីរាង្គកាយមនុស្ស ដែលមានតុល្យភាពល្អ គឺ ៣៧អង្សារ។ នៅពេលអាកាសធាតុខាងក្រៅឡើងកម្តៅខ្លាំង កម្តៅនៃសរីរាង្គកាយយើង ក៏ប្រឹងឡើងតាមដោយធម្មជាតិ ដើម្បីសម្របខ្លួនទៅតាមបរិយាកាសខាងក្រៅ នេះជាហេតុធ្វើឱ្យកម្តៅក្នុងខ្លួនឡើងលើសពី៣៧អង្សារ។ នៅពេលកម្តៅក្នុងខ្លួនកើនឡើងលើសពី ៣៧អស្សារ ខ្លួនប្រាណរបស់មនុស្សនឹងមានអាការដូចជា អស់កម្លាំង ខ្លួនប្រាណបែកញើសច្រើន ដំណកដង្ហើមញាប់ ឈាមច្រមុះ វិលមុខ ឈឺក្បាល និងខ្សោះជាតិទឹកក្នុងខ្លួន ស្បែកឡើងក្រហមស្ងួត និងពេលខ្លះអាចឈានដល់ដំណាក់កាល ប្រកាច់ បាត់បង់ស្មារតី ឬសន្លប់លែងដឹងខ្លួន។
• ទារក និងក្មេង ងាយទទួលរងគ្រោះខ្លាំង ៖ ក្មេងក្រោមអាយុ៤ឆ្នាំ មានសមមាត្រជាតិទឹកក្នុងខ្លួនច្រើនជាងមនុស្សពេញវ័យ ប៉ុន្តែក៏ងាយបាត់បង់ជាតិទឹក ទៅតាមស្បែក និងការដកដង្ហើម។ ចំពោះទារកវិញ បានចំណាយជាតិចេញពីខ្លួនអស់ប្រមាណ២៥% ក្នុងមួយថ្ងៃ ព្រមទាំងបូកផ្សំនឹងកត្តាផ្សេងៗទៀត ទើបធ្វើឱ្យក្មេងនិងទារកងាយរងគ្រោះបំផុត។ សូមប្រុងប្រយ័ត្នឱ្យខ្ពស់ និងយកចិត្តទុកដាក់លើក្មេងៗ កុំបណ្តោយឱ្យនៅហាលក្តៅព្រះអាទិត្យដោយផ្ទាល់ និងនៅកន្លែងដែលបីទជិតគ្មានខ្យល់ចេញចូល ជាពិសេសឧស្សាហ៍បំពេញជាតិទឹកក្នុងខ្លួន។
• មនុស្សវ័យចំណាស់ ៖ អ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ គួរបង្កើនការប្រុងប្រយ័ត្ននារដូវក្តៅនេះ ព្រោះមនុស្សចាស់ពិបាកធុននឹងកម្តៅខ្លាំង ដែលងាយនឹងធ្វើឱ្យខ្វះជាតិទឹកឆាប់រហ័ស។
• ស្ត្រីមានផ្ទៃពោះ ៖ នៅពេលតាំងភភ៌ស្ត្រីត្រូវការជាតិទឹកច្រើនបំផុត ដើម្បីបំពេញការលូតលាស់ទារកក្នុងផ្ទៃ។
• បុគ្គលដែលបាត់បង់ស្វ័យភាព ៖ ជនពិការ អ្នកជំងឺ ឆាប់រងគ្រោះពីការប្រែប្រួលអាកាសធាតុឡើងខ្លាំងនេះដែរ។
• បុគ្គលដែលមានជំងឺរ៉ាំរ៉ៃជាប់នឹងខ្លួន ៖ កំដៅអាចកាន់តែធ្វើឱ្យអ្នកជំងឺរ៉ាំរ៉ៃមួយពិបាកទ្រាំទ្រ ឬអាចធ្វើឱ្យជំងឺកាន់តែដុនដាបជាងមុន។ លើសពីនេះ ការប្រើប្រាស់ថ្នាំសាស្រ្តដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួន ក៏អាចជាកត្តាបន្ថែមឱ្យកាន់តែមានផលវិបាកទៀត នៅពេលអាកាសធាតុក្តៅ ខ្លាំង។
ដូច្នេះសូមយកចិត្តទុកដាក់ទៅលើសុខភាពសរីរាង្គកាយរបស់អ្នក នារដូវក្តៅនេះ ដើម្បីបង្ការការពារពិការជះឥទ្ធិពលអាក្រក់ទាំងនោះ និងស្វែងយល់អំពីវិធីការពារដែលសមស្របទៅនឹងស្ថានការណ៍នៃកម្តៅ។
1. ទទួលទានទឹកឱ្យបានច្រើន និងគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយទ្រទ្រង់នឹងសីតុណ្ហភាពខាងក្រៅបាន
2. ស្លៀកសម្លៀកបំពាក់រលុងៗ ចៀសវាងខោអាវរឹបខ្លាំងដែលបណ្តាលឱ្យហប់
3. សម្រាកនៅក្នុងបរិវេណដែលមានខ្យល់ចេញចូលគ្រប់គ្រាន់
4. កុំបញ្ចេញកម្លាំងខ្លាំងៗពេក នៅក្នុងរដូវក្តៅនេះ
5. ទទួលទានអាហារឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមកាលកំណត់