ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោបានធ្វើការ ហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បង ដែលជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួនដែលបានបំពាក់រួច មានដូចជា ប្រព័ន្ធបញ្ជាចរាចរណ៍ដែនអាកាស(ATC) ប្រព័ន្ធឧបករណ៍ចុះចត(ILS/ DME) ឧបករណ៍នាំផ្លូវអាកាស(Air Navigation) ប្រព័ន្ធរ៉ាដា(Radar Approach) និងប្រព័ន្ធវិទ្យុទាក់ទងជាដើម ដើម្បីធានាថាឧបករណ៍ទាំងអស់នេះដំណើរការប្រកបដោយសុវត្ថិភាព ក្នុងការត្រៀមលក្ខណៈសម្រាប់ការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។ នេះដោយយោងតាម រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ដំណាក់កាលទីមួយ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទីមួយ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC) និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ផងដែរថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤សម្រេចបានប្រមាណ៨០%ហើយ។គម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4Fនេះដែរ គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោនៅទីនេះ ក្រោមទឹកប្រាក់វិនិយោគ ១៥០០ លានដុល្លារ។ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីផងដែរ៕