ថ្លើម គឺជាសរីរាង្គមួយក្នុងចំណោមសរីរាង្គកាយផ្សេងទៀត ដែលធ្វើការញឹកញាប់បំផុតក្នុងខ្លួនរបស់អ្នក។ វាជួយដល់ការរំលាយអាហារ រក្សាទុកសារធាតុចិញ្ចឹម ច្រោះជាតិពុល និងជួយដល់ប្រព័ន្ធការពាររាងកាយទាំងមូល ប៉ុន្តែអ្វីដែលសំខាន់ អ្នកត្រូវចេះជ្រើសរើសប្រភេទអាហារណាដែលគួរ និងមិនគួរបរិភោគ ចៀសវាងបញ្ហាថ្លើមដំណើរការមិនបានល្អ។
អាហារមួយចំនួន អាចធ្វើឱ្យកើនឡើងខ្លាញ់អាក្រក់នៅក្នុងថ្លើម ហើយវានឹងបង្កើនហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម ខណៈពេលដែលអាហារផ្សេងទៀត អាចជួយដល់សុខភាពថ្លើមដំណើរការបានល្អ។
ដូច្នេះ តើអាហារណាខ្លះ ដែលមិនល្អសម្រាប់សុខភាពថ្លើម?

1. អាហារកែច្នៃជ្រុល ជាប្រភេទអាហារត្រូវបានរក្សាទុក និងកែច្នៃលើសពីទម្រង់ធម្មជាតិ ដូច្នេះហើយវាផ្ទុកសារធាតុគីមី និងខ្លាញ់ច្រើន។ កាលណាថ្លើមទទួលសារធាតុទាំងអស់នោះជាញឹកញយ ថ្លើមដំណើរការមិនបានល្អ ជាតិខ្លាញ់នឹងកើនឡើងទ្វេរដង បង្កគ្រោះថ្នាក់សុខភាពក្នុងរយៈពេលយូរ។
2. សាច់ក្រហម និងសាច់កែច្នៃ មានជាតិខ្លាញ់ឆ្អែតខ្ពស់។ ការញ៉ាំអាហារទាំងនេះច្រើន ត្រូវបានគេដឹងថា វាអាចបង្កើនហានិភ័យ នៃជំងឺសរសៃឈាមបេះដូង និង ជំងឺខ្លាញ់រុំថ្លើម ។
3. អាហារផ្អែម និងពពួកភេសជ្ជៈមានជាតិស្ករ រួមទាំងប៉ូវកម្លាំង ដែលបានបន្ថែមជាតិស្ករច្រើនលើសលប់ អាចនាំឱ្យកើតជំងឺខ្លាញ់រុំថ្លើម។
4. ជាតិអាល់កុល និងគ្រឿងស្រវឹង ជាមូលហេតុចម្បង ធ្វើឱ្យខូចថ្លើម។
5. អាហារប្រៃ អាហារចៀន ឬបំពង និងប្រភេទអាហារ Fast Food និង Junk Food។
ចុះអាហារជំនួយដល់សុខភាពថ្លើមមានអ្វីខ្លះ?
• បន្លែ ផ្លែឈើស្រស់ៗ
• ត្រី ដូចជា ត្រីសាម៉ុង ត្រីសាឌីន ត្រីធូណា និងត្រីម៉ាកែល សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-3
• ទឹកដោះគោ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប មានប្រូតេអ៊ីន whey ខ្ពស់ដែលអាចការពារថ្លើមពីការខូចខាត
• គ្រាប់ផ្កាឈូករ័ត្ន សម្បូរទៅដោយវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារថ្លើមពីការខូចខាត
• ប្រេងអូលីវ អាចជួយជួយកាត់បន្ថយកម្រិតអង់ស៊ីមថ្លើម និងគ្រប់គ្រងទម្ងន់
• ខ្ទឹម
• តែបៃតង អាចកាត់បន្ថយការផ្ទុកជាតិខ្លាញ់ក្នុងថ្លើម និងធ្វើឱ្យមុខងារថ្លើមប្រសើរឡើង
• ផ្លែបឺរ មានផ្ទុកខ្លាញ់ល្អ និងសមាសធាតុកាត់អាចបន្ថយការខូចខាតថ្លើម