កូនតូចៗរបស់អ្នក តែងត្រូវការប្រភេទអាហារូបត្ថម្ភជាចាំបាច់ ដើម្បីទ្រទ្រង់សេរីរាង្គកាយ ទទួលបានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ និងជួយអភិវឌ្ឍផ្នែកខួរក្បាលបង្កើនភាពវាងវៃ។ តម្រូវការនៃខួរក្បាល គឺត្រូវការ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងសារធាតុរ៉ែ ដើម្បីដំណើរការបានល្អ ជាពិសេសមានការលូតលាស់ ឆ្លាតវៃ និងឆាប់ចាប់បានចំណេះដឹងល្អៗលឿន។ ដូច្នេះ ប្រសិនបើអ្នកផ្តល់នូវអាហារូបត្ថម្ភល្អដើម្បីចិញ្ចឹមផ្នែកខួរក្បាលដល់កូនតូចរបស់អ្នកបានគ្រប់រូប ពួកគេនឹងរៀនពូកែ ឆាប់ចាប់បាន មានការចងចាំល្អ ជាពិសេសមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាដូចគ្នា។
តាមប្រសាសន៍អ្នកជំនាញខាងសិក្សាស្រាវជ្រាវទៅលើក្រុមអាហារសម្រាប់កុមារលូតលាស់ផ្នែកខួរក្បាល បានឱ្យដឹងថាខាងក្រោមនេះ គឺប្រភេទអាហារូបត្ថម្ភដ៏ល្អបំផុត ៖
វីតាមីន B
វីតាមីនដែលសំខាន់សម្រាប់ការអភិវឌ្ឍន៍ខួរក្បាលកុមារ គឺវីតាមីន B។ វីតាមីនប្រភេទនេះ គឺជាអាហារូបត្ថម្ភខួរក្បាលសំខាន់សម្រាប់កុមារដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ស្រូវសាលី ស៊ុត Oatmeal អង្ករសំរូប និងបន្លែផ្លែឈើមួយចំនួន។
អូមេហ្គា 3
អាហារដែលមានផ្ទុកនូវអាស៊ីតខ្លាញ់ Omega-3 ពិតជាល្អសម្រាប់សុខភាពខួរក្បាល។ អាហារដែលមានផ្ទុកជីវជាតិដ៏អស្ចារ្យនេះ មានដូចជា ត្រីខ្លាញ់ ត្រីសាលម៉ុន គ្រាប់ Walnut.. ។
វីតាមីន C
វីតាមីន C គឺជាសារធាតុសំខាន់ ជួយការពារបញ្ហាបាក់ទឹកចិត្ត ប្រយុទ្ធប្រឆាំងពពួករ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារបំផ្លាញកោសិកាខួរក្បាលយើង។
សូមមាតាបិតាគ្រប់រូប កុំរំលងប្រភេទបន្លែបៃតង យើងដឹងហើយថា បន្លែបៃតង ផ្ទុកនូវជីវជាតិដ៏សម្បូរបែបសម្រាប់ទ្រទ្រង់សុខភាពជាទូទៅ ប៉ុន្តែពួកវាផ្ទុកទៅដោយ B6 B12 ជាតិដែក និងអាស៊ីដហ្វូឡាត ដែលគាំទ្រខួរក្បាលជួយឲ្យកូនមានប្រាជ្ញាវាងវៃ។ ម្យ៉ាង សម្រាប់ភេសជ្ជៈវិញ គ្មានអ្វីល្អជាងទឹកផ្លែឈើធម្មជាតិទេ ពិសេសទឹកផ្លែឈើសម្បូរដោយសារធាតុប្រឆាំងអុកស៊ីដកម្ម និងវីតាមីនដូចជា ទឹកក្រូចច្របាច់ ឬទឹកប្រទាលកន្ទុយក្រពើជាដើម។