ពេលអ្នកនៅក្មេង ជាធម្មតា អ្នកគិតថា ការសន្សំប្រាក់ហាក់ដូចជាកិច្ចការដែលមិនអាចទៅរួច ឬលំបាក ប៉ុន្តែកិច្ចការដែលអ្នកអាចបង្កើតទម្លាប់សន្សំបាន នោះគឺការចាប់ផ្តើមបែងចែកចំណូល និងចំណាយប្រចាំខែឱ្យច្បាស់លាស់ បើទោះបីការសន្សំលុយទុកមានចំនួនបន្តិចបន្តួចជារៀងរាល់ខែក៏ដោយ តែវាអាចនឹងជួយអ្នកបានច្រើននាពេលអនាគត។
ថ្ងៃនេះ Ladies Magazine Cambodia សូមធ្វើការបង្ហាញជូន៧ចំណុច អំពីគម្រោងប្រាក់សន្សំអោយមានប្រសិទ្ធភាពខ្ពស់។
១. បង្កើតផែនការហិរញ្ញវត្ថុ ៖ អ្នកប្រហែលធ្លាប់បានឮពីមុនមកហើយថា ការបង្កើត និងប្រកាន់ខ្ជាប់នូវផែនការហិរញ្ញវត្ថុ គឺជាវិធីដ៏ល្អបំផុតមួយដែលអ្នកអាចសន្សំប្រាក់បាន។ ការបង្កើតផែនការហិរញ្ញវត្ថុមិនមានន័យថា អ្នកត្រូវបោះបង់ការដើរកម្សាន្តអស់មួយជីវិតនោះទេ។ តាមរយៈការបង្កើតផែនការហិរញ្ញវត្ថុ អ្នកនឹងអាចឃើញពីការចំណាយលុយរបស់អ្នកជារៀងរាល់ខែ ដូច្នេះអ្នកអាចបែងចែកលុយរបស់អ្នកសម្រាប់ការសន្សំប្រចាំខែ ចំណាយប្រចាំខែ និងការកម្សាន្តជាដើម។
២. កុំរង់ចាំក្នុងការចាប់ផ្តើមសន្សំ ៖ ការសន្សំហាក់ដូចជាកិច្ចការមួយលំបាកនៅពេលនេះ ប៉ុន្តែការទុកលុយតែ ២ ឬ ៣ម៉ឺនរៀលក្នុងមួយសប្តាហ៍ ក៏អាចមានផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកនាពេលអានាគតផងដែរ។ ចូរពិនិត្យចំណូលរបស់អ្នក ដើម្បីមើលថា តើលុយប៉ុន្មានដែលអ្នកអាចបញ្ចូលទៅក្នុងគណនីសន្សំរបស់អ្នកក្នុងមួយខែ។
៣. កំណត់គោលដៅសន្សំ ៖ ការកំណត់គោលដៅសន្សំច្បាស់លាស់មួយគឺដើម្បីជួយតម្រង់ទិសដៅឲ្យអ្នកស្គាល់ច្បាស់ពីគោលដៅដែលអ្នកចង់សម្រេចបាន។ ឧទាហរណ៍ថា អ្នកមានគោលដៅចង់សន្សំឲ្យបាន ៣០ដុល្លារក្នុងមួយខែ ឬ៣៦០ដុល្លារក្នុងមួយឆ្នាំ។ ជាមួយការកំណត់គោលដៅច្បាស់លាស់បែបនេះ យើងនឹងដឹងថាខ្លួនត្រូវប្ដេជ្ញាសម្រេចតាមគោលដៅនៃផែនការប៉ុនណា ត្រឹមរយៈពេលណា និងចៀសវាងការចាយវាយគ្មានកំណត់។
៤. ចាយមានគម្រោង និងមានកម្រិត ៖ ចំណុចនេះសំដៅដល់ការរៀបចំផែនការចំណាយដោយកំណត់ជាមុនថាក្នុងមួយខែៗត្រូវចាយប៉ុន្មាន និងទៅលើអ្វីខ្លះ ដើម្បីចៀសវាងការចាយវាយហួសកម្រិត និងខុសពីផែនការសន្សំ។ ក្នុងផែនការនេះ អ្នកអាចបែងចែកឲ្យដាច់រវាងចំណាយចាំបាច់ និងចំណាយបន្ទាប់បន្សំ (ឧទាហរណ៍ ចំណាយលើទំនិញមិនទាន់ត្រូវការភ្លាមៗ) ដ្បិតថាការចំណាយដែលមិនមានក្នុងផែនការ និងមិនចាំបាច់ នឹងនាំឲ្យផែនការសន្សំរបស់អ្នកបរាជ័យមិនខាន។
៥. កត់ត្រាចំណាយទុក ដើម្បីស្រួលកាត់បន្ថយ៖ អ្នកអាចកត់ត្រាចំណាយកន្លងមករបស់អ្នកទុកក្នុងសៀវភៅ ឬប្រើកម្មវិធីកត់ត្រាចំណូលចំណាយក្នុងទូរសព្ទដៃក៏បាន។ ជាមួយកំណត់ត្រានេះ អ្នកអាចតាមដានដើម្បីវិភាគនិងប្រៀបធៀបពីលំនាំចំណាយរបស់អ្នក ថាតើការចាយវាយបានប្រព្រឹត្តទៅតាមការគ្រោងទុកឬអត់ និងមានចំណាយណាខ្លះដែលគួរកាត់បន្ថយឬទេ។
៦. ដកលុយសន្សំទុក មុនចាយ ៖ ពេលបើកប្រាក់ខែ ឬបានចំណូលប្រចាំខែមក អ្វីដែលត្រូវធ្វើមុនចាយ គឺដកលុយសម្រាប់សន្សំឲ្យហើយសិន ដោយអាចកំណត់យក ១៥% ឬ ២០%នៃប្រាក់ចំណូលប្រចាំខែ។ ការដកប្រាក់សន្សំមុនចាយគឺជាវិធីមានប្រសិទ្ធិភាពមួយក្នុងការសម្រេចគោលដៅសន្សំ ព្រោះអ្នកបានកំណត់ប្រាក់ដែលអ្នកអាចចាយវាយបានរួចជាស្រេច ហើយមិនបាច់ខ្លាចចាយអស់លុយដែលត្រូវសន្សំទៀតផង។
៧. បង្កើតបញ្ចប់សន្សំ សម្រាប់គ្រាអាសន្នណាមួយ ៖ មធ្យោបាយដ៏ល្អមួយទៀតដើម្បីសន្សំសម្រាប់គ្រាលំបាកផ្នែកហិរញ្ញវត្ថុនោះ គឺត្រូវចាប់ផ្តើមបង្កើតគណនីសន្សំ នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ តែត្រូវប្រាកដថា គណនីសន្សំនោះ អ្នកអាចដកលុយបានគ្រប់ពេល ព្រោះថា បញ្ហាផ្នែកហិរញ្ញវត្ថុអាចកើតឡើងគ្រប់ពេល ដែលអ្នកមិនអាចមើលឃើញ។
សូមជម្រាបជួនថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែតុលា ប្រទេសកម្ពុជា និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រារព្ធទិវាសន្សំប្រាក់អាស៊ាន។ នេះគឺស្របតាមទិវាសន្សំពិភពលោកដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២៤ ក្នុងអំឡុងពេលសមាជធនាគារសន្សំអន្តរជាតិលើកទី ១ នៅទីក្រុង Milano ប្រទេសអ៊ីតាលី។ លើសពីនេះ ទិវាសន្សំប្រាក់អាស៊ាន ក៏នឹងជួយលើកកម្ពស់វប្បធម៌សន្សំ ដែលនឹងជួយប្រមូលផ្តុំការសន្សំ និងរួមចំណែកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរឡើង។
ទិវាសន្សំប្រាក់ពិភពលោកត្រូវបានប្រារព្ធឡើងនៅទូទាំងពិភពលោកនៅថ្ងៃទី ៣១ ខែតុលា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់អំពីសារៈសំខាន់នៃការសន្សំសម្រាប់អនាគត។ ការសន្សំប្រាក់គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីរៀបចំសម្រាប់ភាពអាសន្នផ្នែកហិរញ្ញវត្ថុ និងធានាបាននូវប្រាក់ចំណូលដែលមានស្ថិរភាពអំឡុងពេលចូលនិវត្តន៍៕