អត្ថន័យនៅពីក្រោយពាក្យ “សុខុមាលភាព” ចំពោះការរស់នៅប្រចាំថ្ងៃ មិនផ្តោតសំខាន់តែការថែទាំសុខភាពរាងកាយមួយមុខប៉ុណ្ណោះទេ… គឺនៅមានចំណុចចូលរួមផ្សេងៗទៀត។
ចង់ដឹងចំណុចទាំងនោះមានអ្វីខ្លះទេ?
ការរក្សាសុខុមាលភាព ពិតជាមានសារៈសំខាន់ណាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយសុខុមាលភាពល្អ មិនសំដៅទៅលើតែ សុខភាពផ្លូវកាយមាំមួនល្អ គ្មានរោគាពាធតែប៉ុណ្ណោះទេ វារួមបញ្ចូលទាំង សុខភាពផ្លូវចិត្តអារម្មណ៍ បរិយាសកាសសង្គម ឬស្ថានភាពការងារ ការរស់នៅដែលមានតុល្យភាព ថែទាំបង្ការការពារ និងមជ្ឍដ្ឋានជុំវិញខ្លួន។
សុខភាពរាងកាយ
សុខុមាលភាពរាងកាយ គឺជាមូលដ្ឋានគ្រឹះនៃសុខភាពទូទៅ។ ដើម្បីទទួលបានសុខភាពរាងកាយមាំមួន គ្មានជំងឺឈឺថ្កាត់ អ្នកគួរតែបង្កើនទម្លាប់ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ទទួលទានរបបអាហារតុល្យភាព សម្រាកឱ្យបានគ្រប់គ្រាន់ និងការពិនិត្យរោគវិនិច្ឆ័យជាប្រចាំ។
អនុវត្តទង្វើទាំងនេះ អាចជួយការពារអ្នកពីជំងឺរ៉ាំរ៉ៃផ្សេងៗ បង្កើនប្រព័ន្ធភាពស៊ាំ និងរក្សាថាមពលមាំទាំ។
សុខភាពផ្លូវចិត្ត និងអារម្មណ៍
សុខុមាលភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍ ក៏មានសារៈសំខាន់ដូចគ្នា។ កាលណា អ្នកមានបញ្ហាបាក់ទឹកចិត្ត ច្បាស់ណាស់រាងកាយរបស់អ្នកនឹងចុះខ្សោយទៅតាមនោះផងដែរ។ ដូច្នេះ អ្នកគួរមើលថែផ្លូវចិត្ត អារម្មណ៍ឱ្យបានល្អ ដោយ មានសតិសម្បជញ្ញៈគិតនូវទស្សនៈវិជ្ជមាន តាំងសមាធិ និងកាត់បន្ថយភាពតានតឹង ថប់បារម្ភ ជាដើម។
បរិយាកាសសង្គម និងស្ថានភាពការងារ
អ្នកគួរតែកំណត់នូវកិច្ចការងារផ្ទាល់ខ្លួន កុំព្យាយាមធ្វើការងារហួសប្រមាណ ដែលបណ្តាលឱ្យអ្នកអស់កម្លាំងល្ហិតល្ហៃ និងកើតវិបត្តិស្ត្រេសធ្ងន់ធ្ងរ។ អនុញ្ញាត្ត ឱ្យខ្លួនឯងមានពេលវេលាសម្រាកលំហែចិត្ត នៅក្នុងបរិយាកាសសង្គមល្អៗ ចំណាយពេលធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន ដែលពាក្យសាមញ្ញគេតែងនិយាយថា “សាកថ្មជីវិត”។
ការថែទាំបង្ការការពារ
យកចិត្តទុកដាក់លើអាការមិនប្រក្រតីនៃសុខភាព ពិនិត្យរោគវិនិច្ឆ័យឱ្យបានទៀងទាត់ ចាក់ថ្នាំបង្ការ និងពិនិត្យមើលថា តើខ្លួនមានរោគសញ្ញានៃជំងឺរ៉ាំរ៉ៃនៅដំណាក់កាលដំបូងឬអត់? គឺជាជំហានសកម្មដើម្បីធានាសុខភាពរយៈពេលវែង។
មជ្ឍដ្ឋានជុំវិញខ្លួន
រក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ចេះគោរពសិទ្ធិអ្នកដទៃ និងចេះជួយយកអាសាគ្នាទៅវិញទៅមក ដោយពុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ បន្ថែមពីលើនេះ រួមមាន ទម្លាប់រស់នៅប្រកបដោយអនាម័យ ហូបចំណីអាហារស្អាត មានសណ្តាប់ធ្នាប់ល្អ ព្រមទាំង បរិស្ថានទាំងមូលគ្មានសម្រាម គ្មានក្លិនអាក្រក់។