ជឿជាក់ថា អ្នកដែលមានអាការៈភ្ញាក់ពីគេងនៅកណ្តាលយប់ ប្រាកដជាចង់គេងទៅវិញខ្លាំងណាស់ ប៉ុន្តែហាក់មិនងងុយសោះ ដោយត្រូវបញ្ឈរភ្នែករហូតទល់ភ្លឺក៏មាន។ កាលណាមិនបានគេងស្ងប់ស្ងល់ ប្រាកដណាស់អ្នកច្បាស់ជាមានអារម្មណ៍ថាឈឺក្បាល អស់កម្លាំង ល្ហិតល្ហៃ ឬអារម្មណ៍មិនល្អ ជាដើម។
យ៉ាងណាមិញ ដើម្បីកែខៃទម្លាប់គេងដ៏រំខានមួយនេះ គឺចាំបាច់ត្រូវដឹងអំពីមូលហេតុបង្កជាមុនសិន ដើម្បីចៀសវាងប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរនៅពេលក្រោយ។
តាមការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងដោយទស្សនាវដ្ដី Sleep Medicine ទៅលើអ្នកចូលរួមចំនួន 8ពាន់នាក់ បានបង្ហាញឱ្យឃើញថា មានមនុស្សច្រើនជាង 40% កំពុងតែប្រឈមទៅនឹងការភ្ញាក់ដឹងខ្លួននៅពាក់កណ្ដាលយប់។
កត្តាដែលអាចបណ្តាលឱ្យមនុស្សភ្ញាក់ពាក់កណ្តាលដំណេករាល់យប់ រួមមាន៖

បរិយាកាសបន្ទប់គេង និងទម្លាប់មិនល្អមួយចំនួន
ពិតណាស់ ការផ្លាស់ប្ដូរសីតុណ្ហភាពញឹកញាប់ពេកនៅពេលយប់ អាចបង្កឱ្យមានការរំខានដល់ការគេងយ៉ាងខ្លាំង។ កត្តាដទៃទៀត ដូចជាគ្រែគេង សម្លេងរំខាន ពន្លឺនៅក្នុងបន្ទប់ភ្លឺពេក ឬមានមូសជាដើម ក៏វាអាចធ្វើឱ្យយើងភ្ញាក់ទាំងកណ្ដាលយប់ផងដែរ។ បន្ថែមពីនេះ បើយោងតាមការសិក្សា បានបង្ហាញថា អ្នកដែលប្រើប្រាស់ទូរស័ព្ទ មុនពេលចូលគេង អាចកើតមានបញ្ហាគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់ (Sleep deprivation)។ តួរយ៉ាង ការញ៉ាំតែ ឬកាហ្វេ និងទឹកច្រើនពេក ឬជក់បារី មុនចូលគេង ក៏អាចធ្វើឱ្យប្លោកនោមរបស់យើងពេញនៅពេលយប់ជ្រៅ ដែលតម្រូវងើបចូលបន្ទប់ទឹកជាញឹកញាប់។
ដូចនេះ ប្រសិនបើអ្នកចង់គេងលក់ស្រួល ដោយមិនចាំបាច់ភ្ញាក់ពាក់កណ្តាលដំណេកនៅពេលយប់ ជ្រៅ អ្នកចាំបាច់ត្រូវបង្កើត និងរក្សាទម្លាប់ល្អទាំងមុន ឬកំឡុងពេលគេង… អ្នកអាចប្រើរបាំងបិទភ្នែក ឬឧបករណ៍ទប់សំឡេងរំខាន ដើម្បីទទួលបានដំណេកស្កប់ស្កល់ពេញមួយយប់។
លក្ខខណ្ឌវេជ្ជសាស្ត្រ
ជាទូទៅ មានលក្ខខ័ណ្ឌវេជ្ជសាស្ត្រជាច្រើន ដែលហេតុបណ្ដាលឱ្យអ្នកភ្ញាក់ពីគេងទាំងយប់ ដូចជាបញ្ហាការគេងបាត់ដង្ហើម (Obstructive Sleep Apnoea) បញ្ហាបេះដូង ឬបញ្ហាសួត កត្តាសរសៃប្រសាទ ការឈឺចាប់ផ្នែកអវយវៈណាមួយ និងជំងឺទឹកនោមផ្អែម ជាដើម។ បន្ថែមពីនេះ កត្តាថ្នាំពេទ្យក៏អាចជះឥទ្ធិពលដល់ការគេងដូចគ្នាដែរ។
មានវិបត្តិផ្លូវចិត្ត
ដូចគ្នាដែរ បញ្ហាផ្លូវចិត្ត ក៏អាចធ្វើឱ្យកើតមានអាការៈគេងមិនលក់ (Insomnia) ហើយ ស្រ្តេសខ្លាំង ការថប់បារម្ភ មានភាពតានតឹងនៅក្នុងរាងកាយ និងផ្លូវចិត្ត បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ដំណេក។ លើសពីនេះ បញ្ហាស្ត្រេសក្រោយប៉ះទង្គិចផ្លូវចិត្ត “PTSD” ក៏មានការពាក់ព័ន្ធទៅនឹងសុបិនអាក្រក់ រួមទាំងការភ្ញាក់ពីគេងពាក់កណ្ដាលយប់ញឹកញាប់ផងដែរ។
ពិបាកក្នុងការរំលាយអាហារ
ការញ៉ាំអាហារច្រើនពេក ឬអាហារហិលពេកនៅពេលជិតចូលគេង អាចបណ្ដាលឱ្យយើងមានអាការៈហើមពោះ និងមានជាតិហ្គាស ធ្វើឱ្យយើងពិបាកក្នុងការគេងលក់ស្កប់ស្កល់ និងមានអាការៈភ្ញាក់ដឹងខ្លួននៅពាក់កណ្ដាលយប់។
តិចនិកអាចជួយឱ្យគេងលក់ស្រួល៖
- កុំទុកទូរសព្ទនៅជិតខ្លួន
- ស្ដាប់ចម្រៀងបែបមនោសញ្ចេតនា មុនពេលចូលគេង
- ងូតទឹកក្ដៅឧណ្ហៗ
- ហាត់យ៉ូហ្កាបែបងាយៗ និងស្រាល ដោយមិនប្រើកម្លាំងខ្លាំងៗ
- ញ៉ាំអាហារតិចតួច និងកុំញ៉ាំទឹកច្រើនពេក មុនពេលចូលគេង