នាព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៥ កម្ពុជា បានទទួលស្វាគមន៍ការមកដល់ជើងហោះហើរត្រង់លើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រលានយន្តហោះអន្តរជាតិតេជោ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា៖ ការតភ្ជាប់ជើងហោះកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេស គឺឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Etihad Airways (Cambodia) ជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways នាពេលនេះទទួលបានអ្នកដំណើរសរុបចំនួន ១៥៤នាក់ និងអ្នកដំណើរដែលត្រូវអញ្ជើញត្រឡប់ទៅវិញមានចំនួន ៩០នាក់ ដោយចំណាយពេលក្នុងការហោះហើរជាង ៧ម៉ោងមិនឈប់។ ជើងហោះហើរនេះមានចំនួន ៤ជើង ក្នុង១សប្តាហ៍។

សូមជម្រាបជូនថា Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ របស់ប្រទេសអារ៉ាប់រួម (United Arab Emirates) ដែលមានមូលដ្ឋាននៅទីក្រុង Abu Dhabi។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងក្លាយជាផ្នែកសំខាន់ក្នុងការផ្លាស់ប្តូរទីក្រុង Abu Dhabi ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។


ខ្មែរ
English








