តើអាហារបំប៉នជាអ្វី? មានសារធាតុផ្សំអ្វីខ្លះ?
អាហារបំប៉នអាចមានរួមបញ្ចូលនូវសមាសធាតុជាច្រើនដូចជា វីតាមីន សារធាតុរ៉ែ រុក្ខសាស្រ្ត អាស៊ីតអាមីណូ អង់ស៊ីម និងសារធាតុផ្សំផ្សេងទៀត ដែលគេផលិតឡើងយកជាទម្រង់សណ្ឋានខុសៗគ្នាដូចជាថ្នាំគ្រាប់ ម្សៅឆុង ចាហ៊ួយ ស្ករទំពារ ប្រភេទភេសជ្ជៈ ឬអាហារផ្សេងទៀត។ មនុស្សនិយមទទួលទានអាហារបំប៉ន ដើម្បីប្រាកដថាពួកគេទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ប្រព័ន្ធសិរីរាង្គកាយ និងដើម្បីរក្សាទម្រង់សុខភាពផ្ទាល់ខ្លួនរបស់ពួកគេ។
អាហារបំប៉នមួយចំនួនអាចមានផលប៉ះពាល់ទៅលើសុខភាព ជាពិសេសប្រសិនបើអ្នកប្រើប្រាស់វាមុនពេលវះកាត់ ឬប្រើផ្គួបផ្សំជាមួយថ្នាំសាស្រ្តដទៃទៀត ហើយវាត្រូវបានហាមឃាត់មិនឱ្យស្រ្តីមានផ្ទៃពោះ កុមារ ឬអ្នកមានបញ្ហាសុខភាពផ្សេងៗប្រើប្រាស់។ ឥទ្ធិពលនៃអាហារបំប៉នជាច្រើនមិនត្រូវបានធ្វើតេស្តលើកុមារ ស្ត្រីមានផ្ទៃពោះ និងក្រុមដទៃទៀតទេ។
បន្ថែមពីលើរបបអាហារដែលមានសុខភាពល្អ មនុស្សអាចទទួលទានផលិតផលអាហារបំប៉នមួយចំនួន ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដល់សុខុមាលភាពទូទៅ ហើយអាហារបំប៉នដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នករួមមាន ៖
- វីតាមីន B12 : អាចជួយពង្រឹងប្រព័ន្ធសរសៃប្រសាទ និងបង្កើនកោសិកាឈាមឱ្យមានសុខភាពល្អ រួមទាំងការពារភាពស្លេកស្លាំង
- អាស៊ីតហ្វូលិក : វាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះទារកក្នុងផ្ទៃ ព្រោះវាអាចកាត់បន្ថយហានិភ័យនៃពិការភាពពីកំណើតបស់កូនក្នុងផ្ទៃ
- វីតាមីន D និង កាល់ស្យូម : អាចជួយពង្រឹង ព្រមទាំងលើកកម្ពស់សុខភាពឆ្អឹង
- វីតាមីន C និង វីតាមីន E : បានចូលរួមការពារពីការបំផ្លាញកោសិកា
- ខ្លាញ់ត្រី (Fish Oil) : ជាជំនួយការដ៏សំខាន់ចំពោះសុខភាពបេះដូង
- វីតាមីន A : មានឥទ្ធិពលក្នុងការពន្យឺតបញ្ហាសុខភាពភ្នែកដែលទាក់ទងនឹងអាយុ គឺសមត្ថភាពក្នុងការមើលឃើញអន់ថយ
- ជាតិស័ង្កសី: អាចលើកកម្ពស់សុខភាពស្បែក និងកាត់បន្ថយបញ្ហាសុខភាពភ្នែកដូចគ្នា
- Melatonin : អាចជួយពង្រឹងស្មារតីឱ្យមានភាពស្វាហាប់ និងបង្កើនការចងចាំបានខ្ពស់
វិធីសាស្រ្តក្នុងការទទួលទានផលិតផលអាហារបំប៉នឱ្យបានត្រឹមត្រូវ ៖
- ប្រើប្រាស់តាមការណែនាំ ដោយយោងទៅតាមស្លាកសញ្ញា ឬតាមការណែនាំរបស់អ្នកផ្តល់សេវាថែទាំសុខភាព
- ពិនិត្យមើលទៅលើគ្រឿងផ្សំ អន្តរកម្មថ្នាំ និងតម្លៃភាគរយប្រចាំថ្ងៃ (% DV)
- រក្សាទុកអាហារបំប៉នឱ្យបានត្រឹមត្រូវ និងឆ្ងាយពីកុមារតូចៗ
- កុំប្រើប្រាស់លើសកំណត់នៃសេចក្តីណែនាំរបស់ផលិតផលអាហារបំប៉ន
- ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំសាស្ត្រផ្សេងៗដើម្បីព្យាបាលជំងឺជាប្រចាំថ្ងៃ សូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន មុនប្រើប្រាស់ផលិតផលអាហារបំប៉ន