មានរយៈពេល ២៥ហើយ ចាប់តាំងពីកម្ពុជា បានក្លាយជារដ្ឋសមាជិកពេញសិទ្ធិរបស់អង្គការតំបន់ ឬហៅម្យ៉ាងទៀតថា ជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩ ក្នុងរយៈពេលនេះ កម្ពុជាបានដើរតួនាទីជិតស្និទ្ធជាមួយបណ្ដាសមាជិកអាស៊ាន ក្នុងការធ្វើអោយអាស៊ានកាន់តែមានភាពសំខាន់ទាំងក្នុងន័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
រាជរដ្ឋាភិបាលអាណត្តិចាស់របស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់សមាសភាពសមាជិកអង្គការតំបន់នេះក្នុងកម្រិតចាំបាច់ ដែលអាស៊ាន និងសមាជិកអាស៊ានអាចផ្ដល់អោយគ្នាទៅវិញទៅមក និងតួនាទីអាស៊ាននៅក្នុងកិច្ចការនានាក្នុងកម្រិតសកល។ ក្នុងន័យនេះ ចៀសមិនផុតពីការរៀបចំខ្លួនរបស់ប្រទេសជាសមាជិក តាមគោលនយោបាយការបរទេសរៀងៗខ្លួននោះឡើយ ដើម្បីទាញប្រយោជន៍តាមរយៈសរសរស្ដម៣ធំៗរបស់អាស៊ាន គឺ នយោបាយសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា
កម្ពុជាសម្រាប់រាជរដ្ឋាភិបាលអាណត្តិរបស់សម្ដេចធិបតីក៏ដូចគ្នា។ និយាយជារួម កម្ពុជាប្រកាន់យកការបន្តគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលអាណត្តិចាស់ និងបន្តធ្វើអោយប្រសើរឡើងនូវចំណុចមួយចំនួន ក្នុងនោះមានដូចជា៖
១.បន្តពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា តម្លើងកម្រិតទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ និងពង្រីកភាពជាដៃគូ ក៏ដូចកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទៀត ដើម្បីបម្រើអោយប្រយោជន៍ស្នូលរបស់កម្ពុជា។
២.បន្តលើកកម្ពស់ និងរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសភូមិផងរបងជាមួយ ដោយមិនត្រឹមតែដើម្បី ស្ថានភាពសន្តិសុខតាមព្រំដែននោះទេ តែក៏រួមចំណែកផងដែរដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
៣.បន្តជំរុញតួនាទីរបស់យើងក្នុងអង្គការតំបន់ ដោយការចូលរួមចំណែកអោយបានពេញលេញដើម្បីជំរុញប្រយោជន៍ស្នូលរបស់តំបន់ ក៏ដូចក្នុងន័យជំរុញប្រយោជន៍ស្នូលរបស់កម្ពុជាផងដែរ ក្រោមសរសរស្ដម៣រប់សអាស៊ាន ដែលនៅក្រោមសរសរស្ដម្ភនេះ មានវិស័យជាច្រើនដូចជា សង្គមវប្បធម៌មានជាង ១៥វិស័យ សេដ្ឋកិច្ចមាន ១០វិស័យ នយោបាយសន្តិសុខប្រមាណ ១០វិស័យទៀត។
៤.ការពង្រឹងការរួមចំណែករបស់ក្រសួងការបរទេសរបស់កម្ពុជាក្នុងការងារកាទូតសេដ្ឋកិច្ច ដោយបច្ចុប្បន្ន ក្រុមអ្នកការទូតទាំងអស់ព្យាយាមពង្រីកលទ្ធភាព ចែករំលែកព័ត៌មាន និងការប្រាស្រ័យទាក់ទងសភាពាណិជ្ជកម្មរបស់ប្រទេសនីមួយ ជួបជាមួយបណ្ដាក្រុមហ៊ុនដែលមានសក្ដានុពល ក្នុងន័យកៀគរវិនិយោគិនបរទេសអោយចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
៥.ការពង្រឹងប្រសិទ្ធភាពនៃស្ថាប័នជាតិ តាមរយៈយន្តការរើសបញ្ចូលមន្ត្រីថ្មីៗ ដើម្បីធានាថា ក្រសួងក៏ដូចជាស្ថានទូត ស្ថានបេសកកម្មកម្ពុជានៅបរទេសទាំងអស់ មានធនធានមន្ត្រីការបរទេសគ្រប់គ្រាន់ ព្រមទាំងមានសមត្ថភាពបំពេញកិច្ចការបម្រើអោយកិច្ចការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា។
ទាំងនេះ ជាអ្វីដែលឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាមួយរវាងក្រុមអ្នកសារព័ត៌មានប្រមាណ ៧០នាក់ ជាមួយក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិនៅថ្ងៃនេះ ដែល រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាហៅកាត់ថា ក.អ.ក។
លោក ពុយ គា ប្រធាន ក.អ.ក បានគូសបញ្ជាក់ថា វេទិកានេះ ប្រារព្ធឡើងដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានទាំងអស់បានស្វែងយល់បន្ថែមទៀត អំពីគោលនយោ បាយ ការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ានដែល ជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា។
មួយវិញទៀត វេទិកានេះ ក៏ដើម្បីបង្ខិតទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងមន្ត្រីស្ថាប័នជាតិ ដើម្បីធានាដល់លំហូរព័ត៌មាន ខណៈកន្លងមក ក្រុមអ្នកសារព័ត៌មានបានត្អូញត្អែរពីការលំបាកក្នុងការទំនាក់ទំនងមន្ត្រីអ្នកនាំពាក្យតាមស្ថាប័ននានា ដើម្បីទទួលបានព័ត៌មានអ្វីមួយជាក់លាក់ និងស៊ីជម្រៅ រួមទាំងករណីរើសអើងស្ថាប័នសម្រាប់ការផ្ដល់ព័ត៌មានជាដើម។
ក្នុងន័យនេះ លោក ពុយ គា បានអះអាងថា នឹងរកលទ្ធភាពដើម្បីបន្តវេទិកានេះជាមួយស្ថាប័នជាតិផ្សេងទៀត ពិសេសគឺជំនួបជាមួយមន្ត្រីអ្នកនាំពាក្យផ្ទាល់របស់សាមីស្ថាប័ននីមួយៗ៕