ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំការប្រកួតកីឡា តេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតឆ្នាំ ២០២៤នេះ ធ្វើឡើងក្នុង ៦វិញ្ញាសាមេគុន (Poomsae) និង ២១ វិញ្ញាសាប្រយុទ្ធ(Kyorugi) មានអត្តពលិកសរុបចំនួន ២៩៦បានចូលរួម។
ឯកឧត្តម ឯកអគ្គរដ្ឋទូត PARK Jung-Wook បានមានប្រសាសន៍ថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធឡើង ដោយដំណើរទស្សនកិច្ចផ្លូវការលើកទី១របស់សម្តេចធិបតីឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីខែឧសភាកន្លងទៅទទួលបានជោគជ័យ ហើយប្រទេសទាំងពីរត្រូវបានដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត ជាពិសេស តេក្វាន់ដូ គឺជាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមមួយ ដែលតភ្ជាប់ប្រទេសទាំងពីរ ហើយសាធារណរដ្ឋកូរ៉េនឹងបន្តគាំទ្រដល់ការពង្រីកមូលដ្ឋានកីឡាតេក្វាន់ដូនៅកម្ពុជា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត PARK បានសង្ឃឹមថា កីឡាករ-កីឡាការិនីដែលបានចូលរួមការប្រកួតនឹងខិតខំប្រឹងប្រែងហ្វឹកហាត់កីឡាតេក្វាន់ដូ និងរីកចម្រើនក្លាយជាអត្តពលិកតំណាងឱ្យប្រទេសកម្ពុជានាពេលអនាគត។
កីឡាករ-កីឡាការិនីជ័យលាភីទាំង ១០៨ នាក់ក្នុងការប្រកួតលើកនេះ ទទួលបានមេដាយ ប័ណ្ណសរសើរ ហើយជ័យលាភីដែលបានពិន្ទុល្អ ទទួលបានមេដាយ ប័ណ្ណសរសើរ រួមជាមួយរង្វាន់ Galaxy ស្មាតហ្វូន និងGalaxy Fits ដែលឧបត្ថម្ភដោយ Samsung Electronics៕