កម្ពុជាកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសដោយនិយាយជារួម វិនិយោគិន សិង្ហបុរី តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំង ពលកម្មយុវជន ដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង ។ នេះជាការថ្លែងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ។
នៅក្នុងពិធីនោះផងដែរ បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់កិត្តិយស ជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ រួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី
២. ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី”។
៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា។
ក្នុងឱកាសចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាធារណរដ្ឋសិង្ហបុរី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ក៏ជាសក្តានុពលបន្ថែម សម្រាប់កម្ពុជា ក្នុងការទាក់ទាញដល់វិនិយោគិន ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលកសាងសេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។ ចំពោះសក្ដានុពលវិនិយោគសំខាន់ៗលើវិស័យអាទិភាពនៅកម្ពុជារួមមាន៖ វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, យានយន្ដនិងអេឡិចត្រូនិក, ទេសចរណ៍ និងការអភិវឌ្ឍបៃតងផងដែរ៕