កោះទន្សាយ ជាតំបន់ទេសចរណ៍កោះធម្មជាតិ ដ៏ស្រស់ស្អាតបំផុតមួយ ស្ថិតនៅក្នុងខេត្តកែប។ វាមានឈ្មោះជាភាសាអង់គ្លេសថា Rabbit Island ដោយឈ្មោះនេះត្រូវបានគេដាក់យ៉ាងដូច្នេះ ដោយសារតែរូបរាងរបស់កោះនេះមានសណ្ឋានដូចទៅនឹងសត្វទន្សាយ។
កោះទន្សាយ មានចម្ងាយប្រមាណ 4.5 គីឡូម៉ែត្រ ពីទីប្រជុំជនខេត្តកែប ហើយការធ្វើដំណើរតាមទូកដើម្បីទៅដល់កោះ គឺត្រូវចំណាយពេលប្រហែល 20 នាទី។ នៅពេលអ្នកធ្វើដំណើរទៅដល់លើកោះទន្សាយ អ្នកនឹងឃើញថាវាមានសភាពស្ងប់ស្ងាត់ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរធម្មជាតិ។ ទីតាំងទេសចរណ៍ នៅកែបមួយកន្លែងនេះ ស័ក្តិសមសម្រាប់អ្នកដើរលេងបែបផ្សងព្រេង និង អ្នកស្រលាញ់ធម្មជាតិ។
អ្នកអាចធ្វើការសម្រាកនៅលើកោះ ដោយមាន Bungalow មួយចំនួនផងដែរ ប៉ុន្តែគួរបញ្ជាក់ថា វាមិនមែនជាប្រភេទផ្ទះស្នាក់ប្រណិតនោះទេ។ ភ្លើងអគ្គិសនី ត្រូវបានគេកាត់ផ្តាច់ត្រឹមម៉ោង 10 យប់ ខណៈ Wifi ភ្ញៀវអាចប្រើបានក្នុងរយៈពេល 2 ទៅ 3 ម៉ោងប៉ុណ្ណោះ។ អ្នកនឹងចំណាយពេលជាច្រើនជាមួយនឹងធម្មជាតិ ដែលធ្វើឱ្យជីវិតរបស់យើងហាក់ដូចអ្នករស់នៅលើកោះ ពិតៗ អញ្ចឹងដែរ។
សកម្មភាពកម្សាន្តផ្សេងៗ ដែលភ្ញៀវអាចធ្វើនៅលើកោះទន្សាយ មានដូចជា ការស្ទូចត្រីនៅលើទូក មុជទឹកសមុទ្រ គេងសំដិលថ្ងៃនៅលើឆ្នេរ និង ស្រស់ស្រូបអាហារឆ្ងាញ់ៗជាដើម។ គួរឱ្យដឹងថា ភ្ញៀវអាចអង្គុយ chill នៅ bar បែបអឺរ៉ុប នៅទីនោះ ជាមួយជម្រើស ស្រា cocktails ជាច្រើនប្រភេទ។ សាកស្រម៉ៃមើលថា ពេលថ្ងៃដើរលេងនៅលើកោះ ពេលល្ងាចហូបអាហារមើលថ្ងៃលិច បន្ទាប់មកផឹក cocktail ត្រជាក់ៗ និយាយរឿងក្នុងចិត្ត រួចក៏ចូលគេងជាមួយអារម្មណ៍ធូរស្បើយ Trip ទៅកាន់កោះទន្សាយ នឹងមិនធ្វើឱ្យអ្នកខកបំណងឡើយ៕