បន្ទាប់ពីបានគ្រងតំណែងជាម្ចាស់ម្កុដនៃកម្មវិធីដើរម៉ូតលំដាប់ប្រទេស Cambodia’s Queen of The Catwalk កញ្ញា ទៀន គីមចេង បានចាប់ផ្តើមអនុវត្តការគាំទ្រវិស័យអប់រំនៅកម្ពុជា ព្រមទាំងចែករំលែកក្តីស្រឡាញ់ចំពោះក្មេងៗជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី និង ជាសសរទ្រូងរបស់ប្រទេសជាតិ។ សកម្មភាពនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការគាំទ្រសហគមន៍ ពីសំណាក់តារាម៉ូដែលដ៏លេចធ្លោរូបនេះ។
កញ្ញា ទៀន គីមចេង ធ្លាប់បាននិយាយនៅក្នុងការប្រឡងកម្មវិធី Cambodia’s Queen of The Catwalk ថា ខ្លួនមានឆន្ទៈក្លាយជាស្រ្តីម្នាក់ដឹកនាំការអនុវត្តគាំទ្រវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ព្រោះមើលខ្លួនពីសារៈសំខាន់នៃការអប់រំ និង គុណតម្លៃបានមកពីការសិក្សារៀនសូត្រ។ ជាក់ស្តែង កាលពីថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2024 កន្លងទៅ ម្ចាស់ម្កុដកម្មវិធីដើរម៉ូតលំដាប់ប្រទេសរូបនេះ រួមទាំងក្រុមការងារ បានបង្កើតកម្មវិធីសប្បុរសធម៌មួយ ដើម្បីរចែកសម្ភារៈសិក្សា និង ថវិការមួយចំនួនដល់ក្មេងៗ នៅមណ្ឌលកុមារ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសហគមន៍ “ត្រៀក’ នៅខេត្តសៀមរាប។
រំលងបានប៉ុន្មានថ្ងៃ តារាម៉ូដែល ទៀន គីមចេង និង ក្រុមការងារទាំងអស់របស់កម្មវិធី Cambodia’s Queen of The Catwalk បានបន្តបេសសកម្មមនុស្សធម៌របស់ខ្លួន ដោយបានចុះចែកសម្ភារៈសិក្សា និង ថវិកាមួយចំនួនដល់ក្មេងៗ កាលពីថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2024 នៅគំនរសំរាមស្ទឹងមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកថា ទៀន គីមចេង បានក្លាយជាម្ចាស់ជ័យលាភី Cambodia’s Queen of The Catwalk កាលពីរាត្រីថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2024 ក្រោមក្រសែភ្នែកទស្សនិកជនតាមដានមិនតិចនាក់នោះទេនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាស្ថាបនិក បង្កើតកម្មវិធីដើរម៉ូតលំដាប់ប្រទេសនេះឡើង លោក អូលីវ៉ា គង់ បានសម្តែងសេចក្តីរំភើបរីករាយ ចំពោះសកម្មភាពមនុស្សធម៌ អនុវត្តគាំទ្រវិស័យអប់រំនៅតាមសាលារៀនរបស់ម្ចាស់ជ័យលាភី ទៀន គីមចេង ក៏ដូចជារូបលោកផ្ទាល់បានចូលរួមនៅក្នុងសកម្មភាពនេះផងដែរ៕