បន្ទាប់ពីការរំសាយក្រុមអស់រយៈពេលជាង 7ឆ្នាំ ឥឡូវនេះក្រុម 2NE1 បានវិលត្រឡប់មកវិញជាមួយការជួបជុំដ៏ពិសេសនៅក្នុងការប្រគុំតន្រ្តីទេសចរណ៍ “World Tour”។
កាលពីរាត្រីថ្ងៃអាទិត្យ ទី21 ខែកក្កដា ឆ្នាំ2024 កន្លងទៅនេះ ផលិតកម្ម YG Entertainment បានធ្វើការប្រកាសជាផ្លូវការនៅលើបណ្តាញសង្គមចំពោះការវិលត្រឡប់របស់សមាជិកទាំង 4 សារជាថ្មីនៃក្រុម 2NE1។ ដែលនេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់អ្នកគាំទ្រទាំងអស់ ដោយកន្លងមកតែងតែស្រមៃចង់ឃើញវត្តមាននៃសមាជិកទាំង 4 ជួបជុំគ្នាឡើងវិញ ក្រោយការប្រកាសរំសាយក្រុម ដើម្បីបន្តនាំការកំសាន្ត និងពាំនាំនូវបទពិសោធន៍នៃរសតន្ត្រី K-pop ទៅកាន់ជុំវិញពិភពលោក។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន ផលិតកម្ម YG Entertainment បានរៀបចំជំនួបជួបជុំពិភាក្សាយ៉ាងពិសេសរវាង ស្ថាបនិកនៃផលិតកម្មគឺលោក Yang Hyun Suk ជាមួយនឹងសមាជិកទាំង4 នៃក្រុម 2NE1 ព្រមទាំងបង្ហាញអំពីគម្រោងនៃការសម្តែងរបស់ក្រុមតារាចម្រៀង K-pop ដ៏មានប្រជាប្រិយភាពមួយនេះនៅលើឆាកតន្រ្តីទេសចរណ៍អន្តរជាតិ “World Tour” ដើម្បីជាការអបអរដល់ពិធីគម្របខួបលើកទី15 នៃ YG។
លោក Yang Hyun Suk បានបង្ហើបឱ្យដឹងថា ដំណើរការនៃការប្រគុំតន្ត្រីទេសចរណ៍របស់ 2NE នឹងធ្វើការចាប់ផ្តើមដំបូងបំផុតក្នុងខែតុលា នៅទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង រួចនឹងបន្តដំណើរទៅកាន់ទីក្រុងអូសាកា (Osaka) ប្រទេសជប៉ុនក្នុងខែវិច្ឆិកា និងនៅក្នុងខែធ្នូ គឺជាវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុងតូក្យូ (Tokyo) នៃដែនដីប្រទេសជប៉ុន។ បន្ថែមពីនេះ ដំណើរកំសាន្តនៃការប្រគុំតន្រី្ត “World Tour” នឹងបន្តមួយឆ្នាំពេញ 2025 ដោយគ្រាន់តែមិនទាន់ដាក់បង្ហាញទីតាំងបន្ថែមទៀតតែប៉ុណ្ណោះ។
សូមរម្លឹកថា “2NE1” គឺជាក្រុមតារាចម្រៀង K-pop មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញជុំវិញពិភពលោកប្រចាំប្រទេសកូរ៉េខាងត្បូង ដែលទទួលបានការស្រឡាញ់ និងគាំទ្រយ៉ាងកក្រើកពីសំណាក់ហ្វេនៗ ដោយចាប់ផ្តើមចេញមុខដំបូងនៅឆ្នាំ 2009។
ក្រោយមកនៅអំឡុងខែវិច្ឆិកា ឆ្នាំ 2016 ផលិតកម្ម YG Entertainment ក៏បានប្រកាសអំពីការរំសាយក្រុម បន្ទាប់ពីចប់កុងត្រា។