LISA សមាជិកក្រុម BLACKPINK ត្រូវបានតែងតាំងជាទូតសុឆន្ទៈសាកលរបស់ Louis Vuitton ជាផ្លូវការដោយនេះហាក់ដូចជាការពង្រឹងនូវទំនាក់ទំនងនៃវិស័យហ្វេសិនរបស់ Louis Vuitton រួបរួមគ្នាជាមួយនឹងវប្បធម៌របស់ជំនាន់ Gen Z។
ជាមួយការរំពឹងទុកនៃការចូលរួមរបស់តារា K-pop នៅក្នុងម៉ាកយីហោដ៏ល្បីល្បាញនេះ បានចាប់ផ្តើមដំបូងបំផុតនៅពេលដែលសមាជិកក្រុម BLACKPINK គឺ Lisa ឬ Lalisa បង្ហាញវត្តមានចូលរួមកម្មវិធី Fall/Winter 2024 RTW ដែលជាកម្មវិធីចុងក្រោយបង្អស់របស់ផ្ទះប្រណីតបារាំង Louis Vuitton កាលអំឡុងខែមីនា។ ក្រោយមកនៅថ្ងៃទី23 ខែកក្កដា WWD បានធ្វើសេចក្តីប្រកាសរាយការណ៍ថា Lisa បានក្លាយជាទូតសុឆន្ទៈសកលរបស់ម៉ាកប្រណីតមួយនេះ។
បើយោងទៅតាមការរៀបរាប់ពីប្រធានផ្នែកច្នៃម៉ូដរបស់ LV ដោយផ្ទាល់ លោក Nicolas Ghesquière បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលមានឱកាសរួមការងារជាមួយនិង BA ថ្មីរបស់ក្រុមហ៊ុន LV ហើយទូតសុឆន្ទៈថ្មីដែលនឹងមកធ្វើការបង្ហាញម៉ូដចុងក្រោយបង្អស់របស់ LV នោះគឺជាកញ្ញា Lisa ជាសមាជិកក្រុម BLACKPINK” ។
លោក Nicolas ក៏បានបន្តលើកឡើងទៀតថា “Lisa ឬ Lalisa គឺជាក្មេងស្រីម្នាក់ដែលមានភាពក្លាហាន និងមានមន្តស្នេហ៍ជាទីបំផុត។ ម្យ៉ាងនាងបង្កប់នូវភាពទាក់ទាញផ្ទាល់ខ្លួនដែលមិនគួរឲ្យជឿផងដែរ។ ហើយប្រសិនបើខ្ញុំនិយាយពីសមត្ថភាព និងទេពកោសល្យរបស់នាងវិញ – Lisa មិនត្រឹមតែជាតារាចម្រៀង តែក៏ជាអ្នកតារារ៉េបស្រីដ៏លេចធ្លោម្នាក់ថែមទៀតផង ដោយនាងពិតជាមានភាពច្នៃប្រឌិតខ្ពស់នៅក្នុងសិល្បៈតន្ត្រី តែងតែរកនឹកបង្កើតនូវស្ទីលថ្មីប្លែកជានិច្ច”។
ហេតុដូច្នេះហើយ ទើបចំពោះដំណើរនៃការលក់ម៉ូដថ្មីរបស់ក្រុមហ៊ុន LV នៅក្នុងឆ្នាំនេះ លោក Nicolas មានទំនុកចិត្តខ្ពស់បំផុតទៅលើនាង។
ដោយការឆ្លើយតបទៅវិញ Lisa បាននិយាយក្នុងនាមជាភាពនៃដៃគូសហការ ថា “ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានធ្វើការជាមួយម៉ាកយីហោដ៏ល្បីល្បាញគួរឱ្យកោតសរសើរ… ហើយខ្ញុំពិតជាទន្ទឹងរង់ចាំក្នុងការបង្កើតអ្វីដែលអស្ចារ្យបំផុតជាមួយ Louis Vuitton”។
អស់រយៈពេលជាច្រើនទស្សវត្សមកហើយដែលក្រុមហ៊ុន Louis Vuitton តែងតែរក្សាបាននូវអត្តសញ្ញាណដើមរបស់ខ្លួន ជាពិសេសម៉ាកប្រេននេះតែងតែបង្កើតនូវទម្រង់ម៉ូដថ្មីៗដោយមានការគិតគូរយ៉ាងហ្មត់ចត់ ជាពិសេសគុណភាព និងទំនុកចិត្តនៃអតិថិជន។
គួរបញ្ជាក់ផងដែរថា Lisa មានឈ្មោះដើមកំណើត Lalisa Manobal គឺជាតារាចម្រៀង K-pop ដែលមានឈ្មោះល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង ទទួលការគាំទ្រពីសំណាក់ហ្វេនៗ ជាពិសេសជំនាន់ Gen Z មានការស្រឡាញ់គាំទ្រយ៉ាងខ្លាំង។ នាងគឺជាសមាជិកក្រុម Blackpink បានបង្ហាញខ្លួនដំបូងក្រោមផលិតកម្ម YG Entertainment នៅក្នុងខែសីហា ឆ្នាំ 2016។