តើមើមយ៉េន ឬ Beetroot គឺជាអ្វី? តើការទទួលទានទឹកមើមយ៉េនជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍អ្វីខ្លះ?
មើមយ៉េន គឺជាបន្លែមើមដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ហើយវាគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ហ្វូឡាត (វីតាមីន B9) ម៉ង់ហ្គាណែស ប៉ូតាស្យូម ជាតិដែក និងវីតាមីន C។ វាត្រូវបានគេយកទៅចម្អិនជាម្ហូបអាហារ និងកិនយកទឹកស្រស់ៗមកទទួលទានដើម្បីជាប្រយោជន៍ដល់សុខភាព ព្រោះវាអាចធ្វើឱ្យប្រសើរឡើងនូវលំហូរឈាម កាត់បន្ថយសម្ពាធឈាមខ្ពស់។
មើមយ៉េន ត្រូវបានគេសរសើរថាជារុក្ខចាតិដែលមានឥទ្ធិពលធ្វើឱ្យស្បែករបស់អ្នកភ្លឺស្អាតពីខាងក្នុងតាមបែបធម្មជាតិ និងកាត់បន្ថយបញ្ហាមុន រោល រមាស់ផងដែរ។
យោងតាមការសិក្សាស្រាវជ្រាវរបស់វេជ្ជបណ្ឌិត Sabonaityte, Katy Kasraie នៃ The London General Practice បានបង្ហាញឱ្យឃើញអំពីអត្ថប្រយោជន៍ដ៏មហាសាលនៃទឹកមើមយ៉េនមានដូចជា ៖
- សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ
ទឹកមើមយ៉េន ប្រៀបដូចជាកំណប់នៃវីតាមីនដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងសារធាតុរ៉ែសំខាន់ៗ រួមមាន ហ្វូឡាត (វីតាមីន B9) ម៉ង់ហ្គាណែស ប៉ូតាស្យូម ជាតិដែក និងវីតាមីន C។
- ចូលរួមលើកកម្ពស់សុខភាពបេះដូង
បរិមាណនីត្រាតនៅក្នុងផ្លែមើមយ៉េន ត្រូវបានបំប្លែងទៅជា Nitric Oxide ដោយសារធាតុនេះអាចជួយពង្រីកសរសៃឈាមធ្វើអោយលំហូរឈាមដំណើរការបានល្អប្រសើរ កាត់បន្ថយការឡើងសម្ពាធឈាមខុសប្រក្រតី។ វាពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់សុខភាពសរសៃឈាមបេះដូង។
- គាំទ្រដល់សុខភាពថ្លើម
ទឹក Beetroot មានផ្ទុកសារធាតុ Betaine ដែលជួយការពារថ្លើមរបស់អ្នកពីជាតិពុល និងកាត់បន្ថយការរលាកបានយ៉ាងមានប្រសិទ្ធិភាព។
- កាពារសុខភាពឆ្អឹង
មើមយ៉េន ជារុក្ខជាតិសម្បូរនូវជាតិនីត្រាត ដែលចាំបាច់សម្រាប់សុខភាពឆ្អឹង និងមានសារធាតុចិញ្ចឹមដល់ឆ្អឹងផ្សេងៗទៀត រួមមាន ហ្វូឡាត វីតាមីន C ម៉ាញ៉េស្យូម និងទង់ដែង។
- ចូលរួមកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ
រុក្ខជាតិទិព្វនេះក៏មានផ្ទុកសារធាតុ Uridine ជាសារធាតុអាចជួយរក្សាកម្រិត Dopamine ឱ្យមានស្ថេរភាព។ ហើយសារធាតុ Dopamine នេះគឺអាចជួយគ្រប់គ្រងសរសៃប្រសាទ មានផលល្អចំពោះសុខភាពខួរក្បាល និងគ្រប់គ្រងអារម្មណ៍ និងផ្លូវចិត្ត ជាពិសេសនិងតំបន់ប្រសាទខួរក្បាល។
- មានជាតិសរសៃខ្ពស់
មានសារៈសំខាន់ក្នុងការថែរក្សាមីក្រូជីវជាតិរបស់ពោះវៀនដំណើរការប្រក្រតី ជាជំនួយដល់ការរំលាយអាហារ និងការពារការទល់លាមក ថែមទាំងការពារការរលាកពោះវៀនជាដើម។