សុភាពនារីដែលទម្លាប់ចូលគេងដោយមិនបានធ្វើការលាងសម្អាតគ្រឿង Make up នៅលើផ្ទៃមុខ អ្នកគួរតែមកដឹងអំពីបញ្ហានេះឱ្យបានច្បាស់ ព្រោះវាបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពស្បែកមុខរបស់អ្នក។
បើទោះបីជាមានការល្វើយពីការងារយ៉ាងណាក្តី ក៏មិនត្រូវប្រងើយកន្តើយចំពោះការលាងសម្អាតស្បែកមុខទេ ហើយខាងក្រោមនេះ គឺជាបញ្ហាមួយចំនួនដែលបណ្តាលឱ្យស្បែកមុខរបស់អ្នកខូចខាតជាដំណំ បើអ្នកគេងទាំងការ Make Up ៖
ស្ទះរន្ធញើស
គ្រឿង Make Up សម្បូរទៅដោតសារធាតុប្រេង ម្សៅ នៅពេលដែលអ្នកទុកនៅលើផ្ទៃមុខយូរ ឬមិនបានលាងសម្អាតឱ្យបានត្រឹមត្រូវ វានឹងបង្កទៅជាភាពកង្វក់ ព្រមទាំងប្រមូលផ្តុំនៃកោសិកាស្បែកដែលងាប់ទៀត នេះជាមូលហេតុបណ្តាលឱ្យស្បែករបស់អ្នកស្ទះរន្ធញើសជាខ្លាំង។
រលាកស្បែក
ការទុកស្បែកមុខស្ថិតក្រោមការ Make Up រយៈពេលយូរពេកអាចបណ្តាលឱ្យស្បែកមុខរបស់អ្នករលាកឡើងក្រហម និងមានអាការៈក្រហាយតិចៗ ម្យ៉ាងវាអាចបង្កទៅជាអាលាក់ហ៊ី្សទៀតផង។
កើតមុន
ជាធម្មតាទេ នៅពេលដែលអ្នកមិនបានធ្វើការលាងសម្អាតផ្ទៃមុខឲ្យបានស្អាតល្អ វាក៏ជាមូលហេតុបណ្តាលឲ្យស្បែកមុខងាយរងការកើតមុនរោល មុនខ្ទុះធំៗ ឬមុនកន្ទួលក្រហម ដោយសារជាតិកង្វក់ និង ខ្លាញ់កើតមកពីគ្រឿង Make up ដែលអ្នកប្រើប្រាស់។
ស្បែកចាប់ផ្តើមស្ងួត និងគ្មានសំណើម
សំណល់ជាតិកង្វក់នៅលើសផ្ទៃមុខ នឹងរារាំងដំណើរនៃការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗផ្សេងៗមិនឱ្យចូលទៅថែរក្សាក៏ដូចជាការពារស្បែកមុខ ធ្វើឱ្យគ្មានសំណើមភ្លឺថ្លា និងឆាប់ស្ងួត ដូច្នេះហើយអ្នកគួរតែធ្វើការសម្អាតកាកសំណល់មកពីគ្រឿង Make Up នៅលើផ្ទៃមុខចេញឱ្យអស់មុននឹងចូលគេង។
ងាយចាស់មុនអាយុ និងឡើងស្នាមជ្រួញ
នៅពេលយប់ ស្បែកនឹងដំណើរការស្តារឡើងវិញតាមបែបធម្មជាតិ ដោយវាធ្វើការជួសជុលដោយខ្លួនឯង ដូច្នេះហើយប្រសិនបើអ្នកមិនបានសម្អាតគ្រឿងសម្អាងចេញពីលើស្បែកមុខ វានឹងបណ្តាលឱ្យស្បែកវិវត្តទៅរកសភាពចាស់កាន់តែឆាប់រហ័ស។ បន្ថែមពីនេះ គ្រឿងសម្អាងដែលអ្នកប្រើប្រាស់បានលាយឡំជាមួយភាពកខ្វក់ និងការបំពុលជុំវិញខ្លួន នៅពេលអ្នកធ្វើដំណើរចេញទៅបរិវេណខាងក្រៅ អាចនាំឱ្យមានការបំបែក Collagen នៅក្នុងស្បែកធ្វើឱ្យស្បែកមានសភាពជ្រីវជ្រួញ និងចាស់ជាងអាយុ ។