បណ្តាអ្នកសារព័ត៌មានអាជីពចំនួន ១៤៣នាក់បាននិងកំពុងជួបជុំគ្នានៅក្នុងប្រទេសសិង្ហបុរី ក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មានអាស៊ី AJF ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
កម្មវិធីជំនួបរយៈពេល ៤ថ្ងៃដែលត្តូវបានរៀបចំឡើងដោយមូលនិធិ Temasek សហការជាមួយវិទ្យាស្ថានសិក្សាគោលនយោបាយ (IPS) នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មានអាស៊ី (AJF) នៅក្នុងប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០២៤ នេះ ដោយនៅក្នុងនោះ មានអ្នកសារព័ត៌មានចំនួន ១៤៣នាក់ មកពី ២២ប្រទេសបានចូលរួមក្នុងការជួបជុំនេះ។ នេះបើតាមការឱ្យដឹងពីលោក អាលេន ចន (Alan John) នាយកកម្មវិធី AJF។
លោកបាននិយាយថា ចាប់តាំងពីការបង្កើតកម្មវិធីបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានអាស៊ីនេះតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះ មានអ្នកសារព័ត៌មានចូលរួមចំនួន ២៣៨នាក់ហើយ ដោយពួកគេសុទ្ធតែអ្មកសារព័ត៌មានអាជីពមកបណ្តាប្រទេសនានានៅអាស៊ីទាំងក្នុងវិស័យឯកជន អង្គការ និងរដ្ឋាភិបាល។
នៅក្នុងជំនួបនេះ លោកស្រី Josephine Teo រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន និងជារដ្ឋមន្រ្តីទីពីរនៃក្រសួងមហាផ្ទៃនៃប្រទេសសិង្ហបុរី បានចូលរួមសំណេះសំណាល និងផ្តល់នូវព័ត៌មានថ្មីៗទាក់ទងនឹងការអភិវឌ្ឍវិស័យសារព័ត៌មាននៅសិង្ហបុរី ក៏ដូចជាក្នុងតំបន់ ព្រមទាំងយុទ្ធសាស្រ្តមួយចំនួនក្មុងការប្រយុទ្អប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងអត្ថប្រយោជន៍ ក៏ដូចជាផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅលើសារព័ត៌មាន។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះក៏មានអ្នកសារព័ត៌មានកម្ពុជាចំនួន ២រូបចូលរួមផងដែរ ដែលជាអតីតអ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលព័ត៌មាមស្រ្តីកម្ពុជា (WMC) (AJF 2011) និងអ្នកសារព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន (AJF 2021)៕
Source : AKP