Miss Universe Cambodia 2024 អ្នកនាង “ប្រាសាទ ដាវីន” ជម្រុញទឹកចិត្តបងប្អូនស្រីនិងអ្នកម្តាយទាំងអស់ឱ្យជឿជាក់លើខ្លួនឯង
នៅទីបំផុត កម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រក្រវាឡកម្ពុជា 2024 បានរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើស្រ្តីដ៏អង់អាច និងស្រស់ស្អាតបំផុត គឺ អ្នកនាង “ប្រាសាទ ដាវីន”។ កាលពីរាត្រីថ្ងៃទី 29 ខែសីហា ហាក់ដូចជាពេលវេលាមួយយ៉ាងព្រឺព្រួចសម្រាប់អ្នកគាំទ្រ ដោយការប្រកួតកម្មវិធីបវកញ្ញាចក្រវាឡកម្ពុជា 2024 ឈានដល់វគ្គផ្តាច់ព្រ័ត្រ និងមានការវាយតម្លៃយ៉ាងម៉ត់ចត់ពីគណៈកម្មការទៅលើបេក្ខភាពបវរកញ្ញា ដើម្បីបង្ហាញមុខមាត់ពិតរបស់ម្ចាស់មកុដក្នុងចំណោមបេក្ខភាពទាំង 5 រូប ក្រោយការប្រកួតឆ្លងកាត់គ្រប់វិញ្ញាសារ និងធ្វើតេស្តសមត្ថភាពចំណេះដឹងអស់រយៈពេលជាច្រើនថ្ងៃមក។
ជាការកត់សម្គាល់បានឱ្យដឹងថា អ្នកនាង ប្រាសាទ ដាវីន មិនត្រឹមតែមានសម្រស់ស្រស់ស្អាតដាច់គេនោះទេ នាងថែមទាំងត្រូវបានមហាជនទទួលស្គាល់ទៅលើចំណេះដឹងខ្ពស់ និងមានសមត្ថភាពដែលអាចឈរលើអន្តរជាតិតំណាងឱ្យជាតិកម្ពុជា។
កម្មវិធី Miss Universe Cambodia 2024 បានបង្ហាញឱ្យឃើញថា វាគឺជាឱកាសចូលរួមប្រកួតបវរកញ្ញាចក្រវាឡដែលផ្តល់វេទិកាសម្រាប់ស្ត្រីក្នុងការបង្ហាញពីទេពកោសល្យ សម្រស់ និងភាពឆ្លាតវៃដើម្បីសម្រេចបាននូវក្តីសុបិនដោយមិនគិតពីអាយុ ឬកាលៈទេសៈរបស់ពួកគេ ម្យ៉ាងទាំងអស់នេះក៏បានបង្ហាញថាភាពជាម្តាយមិនកំណត់សក្តានុពល ឬសេចក្តីប្រាថ្នារបស់បុគ្គលមនុស្សម្នាក់ៗនោះទេ។ វិធីសាស្រ្តនេះបានផ្ញើសារដ៏មានឥទ្ធិពលនៃក្តីសង្ឃឹម និងការលើកទឹកចិត្តដល់ស្ត្រីជុំវិញពិភពលោក ជាពិសេសស្រ្តីដែលជាម្តាយ។
ប្រាសាទ ដាវីន បាននិយាយឡើងនៅលើឆាកកញ្ញាឯកចក្កក្រវាឡអន្តរជាតិដើម្បីជម្រុញទឹកចិត្តស្រ្តីគ្រប់រូបថា “ខ្ញុំ គឺជាអ្នកម្តាយដំបូងគេដែលក្លាយជាបវរកញ្ញាចក្រវាលកម្ពុជា។ ក្នុងនាមខ្ញុំជាម្តាយម្នាក់ ខ្ញុំមានថាមពលជាងមុខ ហើយភាពជាម្តាយមិនមែនជាឧបសគ្គនោះទេ… នៅពេលដែលខ្ញុំក្លាយជាម្តាយរបស់គេ វាមិនបានធ្វើឱ្យបញ្ចប់ក្តីសុបិនរបស់ខ្ញុំទេ ផ្ទុយទៅវិញនេះគឹជាការចាប់ផ្តើមថ្មីមួយ ដូច្នេះ ស្រ្តីទាំងអស់ដែលនៅទីនេះ បើទោះបីជាអ្នកជាប្អូនស្រី បងស្រី ជាប្រពន្ធ ឬជាម្តាយ សូមចងចាំចំពោះខ្លួនឯងថា អ្នកខ្លាំង អ្នកមានសមត្ថភាព រីឯក្តីស្រម៉ៃរបស់អ្នកគឺត្រឹមត្រូវ មហិច្ឆតាពិតជាសំខាន់ ជាពិសេសថាមពលរបស់អ្នកគឺគ្មានដែនកំណត់”។
នាងបានបន្តទៀតថា “សូមបងប្អូនទាំងអស់គ្នាកុំទុកក្តីសុបិនរបស់ខ្លួននៅតែជាសុបិន សូមធ្វើវាឱ្យក្លាយទៅជាការពិតដោយអំណាចនៃចិត្តមុះមុតរបស់អ្នក”។
គួរបញ្ជាក់ផងដែរ អ្នកនាង ប្រាសាទ ដាវីន ត្រូវបានគេស្គាល់ថា ជាស្ត្រីឆ្នើមក្នុងវិស័យប្រកួតប្រជែងសម្រស់ ហើយឥឡូវនេះនាងក្លាយជាស្រ្តីដែលជាម្តាយដំបូងបំផុតឈ្នះមកុដនៅក្នុងកម្មវិធី Miss Universe Cambodia 2024។ នាងមានស្វាមីជាជនជាតិបរទេស និងមានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ គ្រួសាររបស់អ្នកនាងបានគាំទ្រចំពោះការសម្រេចរបស់នាងជាខ្លាំង និងផ្តល់ក្តីស្រឡាញ់យ៉ាងកក់ក្តៅបំផុត ដែលធ្វើឱ្យមហាជនគ្រប់រូបអបអរសាទរពេញទំហឹង។