សាលាភាសាបរទេសខេម-អាស៊ាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមជ្ឃមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានសហការរៀបចំសិក្ខាសាលាសាធារណៈស្តីពី ការទាញយកផលប្រយោជន៍ពីអំណាចនៃបញ្ញាសប្បនិម្មិត (AI) នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីដំណើរវិវត្តរបស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់អ្នកចូលរួមឲ្យបានយល់ច្បាស់អំពីសក្តានុពល ផលជះវិជ្ជមាន និងអវិជ្ជមានរបស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងជីវិតប្រចាំថ្ងៃទាំងកម្រិតបុគ្គល កម្រិតអាជីវកម្ម និងសង្គមជាតិទាំងមូល ក៏ដូចជាការប្រមើលមើលថា តើនៅថ្ងៃអនាគត បញ្ញាសិប្បនិម្មិត (AI) នេះ នឹងឈានទៅរកការអភិវឌ្ឍខ្លួនដល់កម្រិតណា ហើយក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍមួយ តើកម្ពុជាគួរត្រៀមខ្លួនបែបណាដើម្បីចាប់យកឱកាសនៅក្នុងវិស័យបច្ចេកវិទ្យាជារួម។
ជាមួយនោះ កម្មវិធីក៏បានរៀបចំជាកិច្ចពិភាក្សាតុមូល រួមជាមួយការចែករំលែកពីវាគ្មិនកិត្តិយសដែលមានចំណេះ ជំនាញច្បាស់លាស់ និងបទពិសោធន៍ជាក់ស្តែងលើការបង្កើត និងការប្រើប្រាស់បញ្ញសិប្បនិម្មិត (AI) ដោយផ្ទាល់ផងដែរ។
ចំណែក ឧកញ៉ា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា ការទទូលចំណេះដឹងនៅក្នុងដំណើរវិវត្តរបស់បញ្ញាសិប្បនិម្មិត (AI) នាពេលបច្ចុប្បន្ននេះ គឺជារឿងចាំបាច់មិនអាចគេចវេះបាន ហើយអ្វីដែលសំខាន់ជាងនេះ គឺការនាំយកនូវចំណេះដឹងល្អៗទាំងនោះ ទៅខិតខំប្រឹងប្រែងអនុវត្តជាក់ស្ដែងដើម្បីទាញយកប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ និងអាជីវកម្មរបស់សហគ្រិនវ័យក្មេងគ្រប់រូបនៅក្នុងជំនាន់បដិវត្តន៍ឧស្សាហកម្មទី ៤ នេះ៕