ការបង្កើនភាពអង់អាចដល់ក្មេងស្រី គឺជាការបើកសោគន្លឹះនៃការអភិវឌ្ឍរបស់គ្រួសារនិងសង្គមនាពេលបច្ចុប្បន្ននិងសម្រាប់អនាគតឱ្យកាន់តែមាននវានុវត្តន៍ខ្ពស់ មានភាពធន់ និងប្រកបដោយភាពរីកចម្រើន។
ក្រសួងកិច្ចការនារី ក្រោមកិច្ចសហការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំវេទិកាពិភាក្សានៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា(ទទក) ក្រោមប្រធានបទ «ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៤។
ការបង្កើនភាពអង់អាចដល់ក្មេងស្រី គឺជាការបើកសោគន្លឹះនៃការអភិវឌ្ឍរបស់គ្រួសារនិងសង្គមនាពេលបច្ចុប្បន្ននិងសម្រាប់អនាគតឱ្យកាន់តែមាននវានុវត្តន៍ខ្ពស់ មានភាពធន់ និងប្រកបដោយភាពរីកចម្រើន។
ការបង្កើនភាពអង់អាចរបស់ក្មេងស្រី សំដៅលើការបណ្តុះភាពក្លាហាន, ការផ្តល់នូវសិទ្ធិជាមូលដ្ឋានពេញលេញ, ការទទួលបានការអប់រំ ចំណេះដឹង សុខុមាលភាព និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដែលចាំបាច់ត្រូវធ្វើឡើងចាប់តាំងពីវ័យក្មេង និងជាដំណើរការបន្តបន្ទាប់ ដើម្បីឱ្យពួកគាត់ចេះជ្រើសរើសនិងចេះសម្រេចចិត្តសម្រាប់អនាគតរបស់ខ្លួន និងការចូលរួមអភិវឌ្ឍសង្គម, ហើយដែលកិច្ចការនេះ ត្រូវការការចូលរួមពីគ្រប់តួអង្គទាំងអស់នៅក្នុងសង្គម រួមទាំងក្មេងស្រីខ្លួនផ្ទាល់ អាណាព្យាបាល គ្រួសារ ស្ថាប័នពាក់ព័ន្ធ និងសង្គមទាំងមូល។
គួររំលឹកផងដែរថា ទិវាអន្តរជាតិក្មេងស្រី ប្រារព្ធនៅថ្ងៃទី១១ ខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិដែលប្រកាសដោយអង្គការសហប្រជាជាតិ អំពាវនាវជាសកលដើម្បីលើកកម្ពស់សិទ្ធិ និងភាពអង់អាចរបស់ក្មេងស្រី។