មហោស្រពភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival / CSFF) លើកទី 13 បានរៀបចំ ការចាក់បញ្ចាំងភាពយន្តខ្លីសរុបចំនួន 259 ក្រោមស្នាដៃផលិតករភាពយន្តក្នុងស្រុក និងបរទេស ហើយភាពយន្តចំនួន 57 ត្រូវបានជ្រើសរើស ក្នុងចំណោមភាពយន្តសរុបនៅក្នុងកម្មវិធី។
កម្មវិធីនេះ បានឆ្លុះបង្ហាញពីទេពកោសល្យ និងភាពច្នៃប្រឌិតចម្រុះនៅក្នុងឧស្សាហកម្មភាពយន្តខ្នាតខ្លី និងបានផ្តល់ឱកាសដល់ផលិតករភាពយន្តទាំងអស់ស្វែងយល់បន្ថែម អំពីទស្សនៈក្នុងការផលិតភាពយន្តផ្សេងៗគ្នា ព្រមទាំងទទួលបានការចែករំលែកចំណេះដឹងលើវិស័យកុនទៅវិញទៅមកផងដែរ។
ប្រសិនបើ អ្នកខកខានមិនបានទស្សនាភាពយន្តខ្លីៗទាំងនោះ ឥឡូវនេះ មហោស្រពភាពយន្តខ្លីចតុមុខនឹងមានការចាក់បញ្ចាំងឡើងវិញនៅ “ផ្ទះមេតា – Meta House” នៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2024 ចាប់ពីវេលាម៉ោង 6:00 ល្ងាច ដល់ 8:00 យប់ និងនៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2024 ចាប់ពីម៉ោង 4:00 ល្ងាច រហូតដល់ម៉ោង 6:00 ល្ងាច។
ការចូលរួមនៃបណ្តាសាធារណជនទាំងអស់ ប្រៀបដូចជាឱកាសដ៏អស្ចារ្យមួយ ដើម្បីអបអរដល់ភាពច្នៃប្រឌិតនៃផលិតករភាពយន្តក្នុងស្រុកទាំងអស់បន្តវិស័យកុនឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ជាពិសេសលើកស្ទួយភាពយន្តខ្មែរឆ្ពោះទៅកាន់ប្រជាប្រិយភាពដ៏ល្បីល្បាញ។
“Meta House” គឺជាមជ្ឈមណ្ឌលសិល្បៈឯករាជ្យវ័យចំណាស់បំផុតនៃប្រទេសកម្ពុជា ដែលដាក់បង្ហាញអំពីការរួមបញ្ចូលគ្នានៃសិល្បៈ វប្បធម៌ ការអប់រំ កិច្ចការងារក្នុងសង្គម និងបដិសណ្ឋារកិច្ចតាំងពីឆ្នាំ 2007។