ផ្លែ ហ៊្គូជី ប៊ឺរី “Goji Berries” ឬអាចហៅម្យ៉ាងទៀតថា wolfberries វាគឺជាស្តេចផ្លែឈើ មួយក្នុងចំណោមប្រភេទផ្លែប៊ឺរី ដែលសម្បូទៅដោយអត្ថប្រយោជន៍ដ៏សម្បូរបែប។ ផ្លែ ហ៊្គូជីប៊ឺរី សម្បូរទៅដោយ វីតាមីនជាច្រើនមុខ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងមានសមាសធាតុជីវសកម្មសម្រាប់ទ្រទង់ដល់សរីរាង្គកាយទៀតផង។
ផ្លែឈើតូច ដែលមានពណ៌ក្រហមដ៏អស្ចារ្យនេះ ត្រូវបានប្រើប្រាស់ក្នុងរបបអាហារដើម្បីលើកកម្ពស់ និងទ្រទ្រង់សុខភាពរាងកាយ អស់ជាច្រើនសតវត្សមកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈសារធាតុចិញ្ចឹមរបស់វា។
អត្ថប្រយោជន៍នៃ ផ្លែ ហ៊្គូជី ប៊ឺរី – “GoJi Berries” រួមមាន ៖
- ជំនួយប្រព័ន្ធខួរក្បាល ៖ ផ្លែ ហ៊្គូជី ប៊ឺរី មានសមត្ថភាពជួយបង្កើនមុខងារនៃប្រព័ន្ធការគិត និងបង្កើនការចងចាំ ម្យ៉ាងទៀតវាក៏អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺប្រព័ន្ធប្រសាទ រួមមាន ជំងឺវង្វេង (Alzheimer) ជាដើម។
- ជំនួយសុខភាពភ្នែក ៖ ផ្លែឈើនេះសម្បូរទៅដោយ សារធាតុ Zeaxanthin ដែលអាចជួយកាត់បន្ថយ បញ្ហាចុះខ្សោយនៃកែវភ្នែកនៅពេលឈានចូលវ័យចំណាស់។
- ជំនួយសុខភាពស្បែក ៖ សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា beta-carotene ជួយឱ្យស្បែកមានសុខភាពល្អ និងការពារ ប្រឆាំងនឹងការបំផ្លាញ ពីការបំពុលដោយកាំរស្មីយូវី។
- ជំនួយប្រព័ន្ធភាពស៊ាំរាងកាយ ៖ សម្បូរដោយ វីតាមីន C, ស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែ ហ៊្គូជី ប៊ឺរី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនៃជំងឺឆ្លងផ្សេងៗ។
- ជំនួយប្រព័ន្ធរំលាយអាហារ ៖ ដោយសារតែ ផ្លែ ហ៊្គូជី ប៊ឺរី មានជាតិសរសៃខ្ពស់ ដូច្នេះហើយ វាក៏អាចជួយដល់ការរំលាយអាហារ និងលើកកម្ពស់សុខភាពពោះវៀនធំដូចគ្នា។
- ជំនួយថ្លើម ៖ មានសមត្ថភាពចូលរួមបន្សាបជាតិពុលក្នុងថ្លើមបានយ៉ាងល្អ។
- ជំនួយសុខភាពបេះដូង ៖ ផ្លែ ហ៊្គូជី ប៊ឺរី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ អាចកាត់បន្ថយការរលាក និងអុកស៊ីតកម្ម យ៉ាងមានប្រសិទ្ធិភាព ការពារពីការកើតជំងឺសរសៃឈាមបេះដូង។
- ប្រព័ន្ធ Endocrine ៖ វាត្រូវបានគេរកឃើញថា អាចជាជំនួយដ៏សំខាន់ដល់តុល្យភាពអ័រម៉ូន និងសុខភាពបន្តពូជ។
- សាច់ដុំ ៖ បង្កើនថាមពល និងគាំទ្រការបញ្ចេញកម្លាំងពលកម្ម ដូចជា លេងកីឡា ឬលើករបស់របរធ្ងន់ៗ។
- បន្ថែមពីនេះ ផ្លែ ហ៊្គូជី ប៊ឺរី ក៏អាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម លើកកម្ពស់ការសម្រកទម្ងន់ កាត់បន្ថយភាពតានតឹង ថប់បារម្ភ និងដោះស្រាយបញ្ហាដំណេកផងដែរ។
របៀបទទួលទាន ៖
- បរិភោគផ្ទាល់ជាអាហារសម្រន់
- ទទួលទានជាទឹកក្រឡុក ជាមួយផ្លែឈើដទៃទៀត
- ឆុងជាតែ
សូមប្រុងប្រយ័ត្ន ៖
- អ្នកគួទទួលទានក្នុងកម្រិតមធ្យមល្មម មិនច្រើនហួសហេតុពេក
- ដោយសារតែរាងកាយម្នាក់ៗមិនដូចគ្នា អ្នកគួរស្វែងយល់អំពីប្រតិកម្មអាឡែកស៊ី ជាមួយនឹងផ្លែ ហ៊្គូជី ប៊ឺរី មុនទទួលទាន។
- ហើយចំពោះអ្នកជំងឺដែលប្រើប្រាស់ថ្នាំធ្វើឲ្យឈាមរាវ ឬថ្នាំសម្រាប់អ្នកជំងឺទឹកនោមផ្អែម សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ មុនទទួលទាន