កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម» ជាលើកដំបូងរបស់ខ្លួន។
វេទិកានេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីបង្ហាញពីភាពចម្រុះនៃវប្បធម៌របស់ប្រទេសកម្ពុជា ការស្វែងយល់អំពីទីផ្សារទេសចរណ៍មូស្លីម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហាឡាល់ ព្រមទាំង ស្វែងរកឱកាសសម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដើម្បីភាពងាយស្រួលដល់ទេសចរមូស្លីម ពិនិត្យលទ្ធភាពរបស់ភាគីពាក់ព័ន្ធដើម្បីត្រៀមខ្លួនបំពេញនូវតម្រូវការដែលកំពុងកើនឡើងសម្រាប់ទីផ្សារទេសចរមូស្លីម និងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ដើម្បីបង្កើត និងអនុវត្តយុទ្ធសាស្រ្ត សម្រាប់ជំរុញកំណើនទេសចរណ៍ផងដែរ។
វេទិកានេះក៏មានការចូលរួមតាំងពិព័រណ៌ដូចជា សិប្បកម្ម សេវាកម្មនិងអាជីវកម្មផ្សេងៗផងដែរ។ ក្នុងនោះ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) ដែលបានបង្កើតគម្រោង «សូត្រចាម» ឬ «ពណ៌នៃការចងចាំ» នៅក្នុងឆ្នាំ២០២១ គាំទ្រផ្នែកហិរញ្ញវត្ថុដោយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) តាមរយៈស្ថានទូតតួកគីប្រចាំកម្ពុជា ក៏បានដាក់តាំងបង្ហាញនូវស្នាដៃសិល្បៈ ក្នុងគោលបំណងដើម្បីថែរក្សាស្នាដៃត្បាញសូត្រ ការប្រើប្រាស់ពណ៌ និងគោម តាមរយៈការចងចាំរបស់ក្រុមស្រ្តីចាមដែលរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយពួកគេ បានចងក្រងការផលិតវត្ថុសិល្បៈសូត្រចាម ដែលកើតឡើងពីការចងចាំតៗគ្នា។ គោលដៅនៃគម្រោងសូត្រចាមនេះ គឺធ្វើយ៉ាងណាឱ្យមានការរំឭកឡើងវិញ និងទទួលស្គាល់អំពីស្នាដៃតម្បាញនេះ ទាំងក្នុងនិងក្រៅប្រទេស។
ដោយសារកម្ពុជាដាក់ខ្លួនជាគោលដៅទេសចរណ៍មិត្តភាពមូស្លីមដែលកំពុងរីកចម្រើន វេទិកាទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការរៀបចំអនាគតនៃឧស្សាហកម្មទេសចរណ៍របស់ប្រទេស ដោយរួមបញ្ចូលគ្នានូវការអភិរក្សវប្បធម៌ជាមួយនឹងកំណើនសេដ្ឋកិច្ច។