ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក នឹងត្រូវបានរៀបចំឡើង ដើម្បីឆ្លុះបញ្ចាំងពី អរិយធម៌ វប្បធម៌ ប្រពៃណីខ្មែរ បែបសប្បាយរីករាយ និងការចូលរួមដោយសេរីពីសាធារណជន ក៏ដូចជាការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី ៨០ ស្តង់ម្ហូបអាហារ ២៥ រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។
ព្រឹត្តិការណ៍«សាទរកម្ពុជា» គឺជាកម្មវិធីរបស់ជាតិ ក្រោមភាសាតែមួយ ក្រោមទង់តែមួយ ដើម្បីជាតិយើងតែមួយ ។
លោក សុខ សប្បាយណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជនកម្ពុជា នៃសហភាពសហព័ន្ធកម្ពុជា ស.ស.យ.ក និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកឡើងថា៖ «ព្រឹត្តិការណ៍នេះ កម្មវិធីនេះ គឺជាការផ្ដល់ឱកាសឲ្យកោសិកានៃសង្គមរបស់យើងបង្ហាញមោទនភាពរបស់ខ្លួនទៅកាន់សង្គមជាតិ និងពិភពលោកទាំងមូល»។
កម្មវិធីដ៏ពិសេសមួយដែលជានិមិត្តរូបនៃ ព្រឹត្តិការណ៍សាទរកម្ពុជាគឺ «ក្បួនដង្ហែទង់ជាតិកម្ពុជា» ដែលជាការសម្រេចដល់គោលបំណងនៃព្រឹត្តិការណ៍ គឺជាការផ្តល់ឱកាសសម្រាប់ បុគ្គល ក្រុម សហគមន៍ ឬជាសង្គមទាំងមូល បង្ហាញសក្តានុពលដើម្បីចូលរួមសាទរកម្ពុជា ក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួមសាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ។
ព្រឹត្តិការណ៍នេះនឹងរៀបចំក្បួនដង្ហែសាទរកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ៣,០០០នាក់ដោយចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ ផ្លូវ១៤៤ និងវិថីព្រះស៊ីសុវត្ថិមកកាន់សួនច្បារមុខព្រះបរមរាជវាំង។ ការសាទរកម្ពុជាជាមួយគ្នា ក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។