នៅពេលដែលកុមារឈានចូលដល់វ័យសិក្សា ប្រាកដណាស់! ពួកគេនឹងត្រូវស្ពាយកាបូបទៅសាលារៀនជារៀងរាល់ថ្ងៃ… នេះគឺជារឿងដ៏សំខាន់ដែលប៉ាម៉ាក់គ្រប់រូបត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់។
ការស្ពាយកាបូបដែលមានទម្ងន់ធ្ងន់ៗខ្លាំងពេក អាចបណ្តាលឱ្យកុមារមានបញ្ហាឆ្អឹងខ្នង ឈឺក្បាល ក ស្មា ឈឺសាច់ដុំផ្នែកខាងក្រោយ និងខូចទ្រង់ទ្រាយដំណើររបស់ពួកគេ។
រោគសញ្ញាបង្ហាញកូនតូចៗរបស់អ្នក កំពុងស្ពាយកាបូបទម្ងន់ធ្ងន់ពេក ៖
• ពួកគេឧស្សាហ៍ត្អូញត្អែរអំពីអាការៈឈឺខ្នង ឈឺក ឬឈឺក្បាល
• ដំណើររបស់ពួកគេមានការផ្លាស់ប្តូរ (កុមារខ្លះអាចដើររៀងកោងៗ ឬដើរវៀចព្រោះពួកគេព្យាយាមទប់លំនឹងនៃកាបូប)
• ភាពខុសប្រក្រតីនៃឆ្អឹងខ្នង
• ឈឺចាប់សាច់ដុំនៅផ្នែកខាងក្រោយខ្នង តំបន់ស្មា និងកញ្ជឹងក
ទម្ងន់នៃកាបូបស្ពាយ មិនគួរធ្ងន់ជាង ១០ភាគរយ នៃទម្ងន់ខ្លួនរបស់កុមារទេ។ ប៉ាម៉ាក់គួរតែត្រួតពិនិត្យទម្ងន់នៃកាបូបស្ពាយរបស់ពួកគេជាប្រចាំថ្ងៃ ដើម្បីធានាសុវត្ថិភាព និងចៀសវាងបញ្ហាផ្សេងៗ។
ចូរជ្រើសរើសកាបូប ដែលមានរូបរាងសមាមាត្រ ត្រូវនឹងទំហំនៃរូបរាងកាយរបស់កុមារ ដោយមិនធំពេក និងមិនលើសពីទំហំប្រមាណជា 10 សង់ទីម៉ែត្រ នៅផ្នែកខាងក្រោមចង្កេះរបស់ពួកគេ។ កាបូប ត្រូវមានខ្សែស្មាស្ពាយក្រាស់ និងធំទូលាយប្រវែង 2 ទ្រនាប់ដៃ រួមជាមួយខ្សែព័ទ្ធចង្កេះ និងដែលមានច្រើនផ្នែកសម្រារប់រំលែកទម្ងន់ឱ្យស្មើគ្នា។
បន្ថែមពីនេះ ប៉ាម៉ាក់ ត្រូវប្រាកដថាកូនៗស្ពាយកាបូបទៅសាលារៀនបានត្រឹមត្រូវ ដោយប្រើប្រាស់ខ្សែស្មាស្ពាយទាំងពីរ ដាក់គន្លឹះខ្សែចង្កេះ និងស្ពាយឱ្យត្រង់ចំកណ្តាលខ្នង ដើម្បីធានាថាទម្ងន់កាបូប សមាមាត្រជាមួយរាងកាយរបស់ពួកគេ។
សូមឧហ្សាហ៍ពិនិត្យសម្ភារៈរបស់កូន ដោយដាក់របស់របរណាដែលជាតម្រូវការចាំបាច់សម្រាប់សិក្សារតាមកាលវិភាគ… ប៉ាម៉ាក់គួរលើកទឹកចិត្តកូនៗ កុំយករបស់របរមិនចាំបាច់ទៅសាលារៀនច្រើនពេក ដែលនាំឱ្យទម្ងន់កាបូបធ្ងន់ទ្វេដង។