របួស កើតឡើងនៅក្នុងផ្ទះ គ្មានអ្នកណាចៀសផុតទេ ដូចជា មុតឬរលាក ដៃជើងជាដើម។
វិធីសង្គ្រោះបឋម សម្រាប់របួស មុតដៃ ឬជើង ៖
1. លាងសម្អាតដៃ៖ ត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត មុនពេលចាប់កាន់មុខរបួស ដើម្បីចៀសវាងការឆ្លងមេរោគផ្សេងៗ។
2. បញ្ឈប់ការហូរឈាម ៖ យកក្រណាត់ស្អាត ឬបង់រុំ ចុចទប់ឱ្យជាប់នឹងកន្លែងរបួសកំពុងហូរឈាម រយៈពេល ២ ទៅ ៣នាទី ដើម្បីឃាត់ឈាមកុំឱ្យបន្តហូរ។
3. សម្អាតមុខរបួស ៖ លាងភាពកខ្វក់ និងឆ្កឹះកំទេចកំទិដែលនៅលើមុខរបួសឲ្យបានស្អាតល្អ បើកទឹកស្អាតបង្ហូរលើមុខរបួស បន្ទាប់មកផ្តិតឲ្យស្ងួត នឹងជូតលាងជាមួយទឹកថ្នាំលាងរបួស។
4. លាបថ្នាំ Antibacterial ឬក្រែមព្យាបាលរបួស ៖ ដើម្បីជួយឱ្យឆាប់ជាសះស្បើយ កាត់បន្ថយស្លាកស្នាម និងការពារការឆ្លងបាក់តេរីទៅកន្លែងរបួស។ អ្នកគួររុំបង់ពីលើមុខរបួស និងធ្វើការផ្លាស់ប្តូរបង់រុំជារៀងរាល់ថ្ងៃ។
5. សម្គាល់មើលពីរោគសញ្ញានៃការឆ្លងមេរោគ៖ តាមដានមុខរបួសឱ្យបានដិតដល់ សំគាល់មើលអាការៈដូចជា មានឡើងហើម ក្រហម ឬឈឺចាប់ខ្លាំង។ ក្នុងករណីដែលរបួស ចាប់ផ្តើមសះ បង់រុំ មិនចាំបាច់ត្រូវប្រើទៀតទេ។ កុំព្យាយាមអេះ លើមុខរបួសដែលកំពុងសះឲ្យសោះ!
វិធីសង្គ្រោះបឋម សម្រាប់របួស រលាកដៃ ឬជើង ៖
1. ត្រាំទឹកត្រជាក់ ៖ បញ្ឈប់ការរលាកដោយដាក់ត្រាំផ្នែកដែលរលាកទៅក្នុងទឹកត្រជាក់ភ្លាមៗ នឹងគួរត្រាំយ៉ាងហោចណាស់រយៈពេល ៥ ទៅ ៣0 នាទី។
2. ព្យាបាលការរលាក ៖ ជូតកន្លែងដែលរលាកថ្នមៗដោយប្រើក្រណាត់ស្អាត រួចលាបថ្នាំអង់ទីប៊ីយ៉ូទិកស្តើងៗ ឬលាបប្រេង Petroleum ឬ ជែលប្រទាលកន្ទុយក្រពើ (Aloe vera) ដើម្បីការពារការឆ្លងមេរោគ និងកាត់បន្ថយការឈឺចុកចាប់។
3. ការពារវា៖ គ្របកន្លែងរលាកដោយបង់រុំណែនាំដោយពេទ្យ ឬមារៈបង់រុំ ប៉ុន្តែសូមកុំរឹតតឹងពេក។
4. ព្យាបាលការឈឺចាប់៖ ថ្នាំបំបាត់ការឈឺចាប់ដែលអ្នកអាចរកទិញនៅតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជា ដូចជា Ibuprofen acetaminophen ឬ Naproxen អាចជួយបន្ថយអាការៈឈឺចាប់ និងកាត់បន្ថយការហើម។ សូមប្រយ័ត្ន ករណីអ្នករលាកជាកុមារក្រោមអាយុរ ១២ឆ្នាំ មុនផ្តល់ឱសថអ្វីក៏ដោយ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន។
5. កុំព្យាយាមប៉ះពាល់ពងបែក៖ ពងបែកបានដើរតួជាឆ្មាំការពារការឆ្លងមេរោគ ហើយប្រសិនបើពងបែកនេះបែក សូមលាងសម្អាតតំបន់នោះដោយទឹកត្រជាក់ រួចលាបថ្នាំអង់ទីប៊ីយោទិច និងរុំបង់លើមុខរបួស។
ចំពោះរបួសរលាកដែលមានទំហំធំជាង ៦សង់ទីម៉ែត្រ មុខរបួស មានទំហំធំ នឹងជ្រៅខ្លាំង របួសពីវត្ថុដែលមានសភាពច្រេះ អ្នកត្រូវស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីទទួលការណែនាំសម្រាប់ការចាក់ថ្នាំបង្ការជំងឺតេតាណូស។ ក្នុងករណីមុខរបួសមិនបញ្ឈប់ការហូរឈាម ឬឡើងខ្លាញ់ចេញពីសាច់ដុំ មានអាការៈហើម និងក្រហមខ្លាំង មានការឈឺចុកចាប់ ម្យ៉ាងមិនអាចលាងសម្អាតមុខរបួសដោយខ្លួនឯងបាន ឬជារបួសសត្វខាំ អ្នកត្រូវតែស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ដជាបន្ទាន់។