ការការពារវត្តមាននៃកូនៗរបស់អ្នក នៅលើប្រព័ន្ធអ៊ីនធឺណិត គឺជារឿងសំខាន់បំផុតក្នុងយុគសម័យឌីជីថលនេះ។
កុមារតូចៗកាន់តែសកម្មនៅលើគេហទំព័រប្រព័ន្ធអ៊ីនធឺណិត ពួកគេងាយនឹងរងគ្រោះពីហានិភ័យផ្សេងៗយ៉ាងខ្លាំង ដែលអ្នកនឹកស្មានមិនដល់។
ដូច្នេះហើយ សូមកម្រិតការចែករំឡែកព័ត៌មានលើបណ្តាញសង្គមអ៊ីធើណេត និងប្រាកដថាអ្នកពិតជាបានរក្សាសុវត្ថិភាពដល់ពួកគេ ៖
ការកំណត់ព័ត៌មានឯកជន ៖ ស្វែងយល់បន្ថែមអំពីការកំណត់ឯកជនភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ឬកម្មវិធីហ្គេមដែលកូនរបស់អ្នកប្រើប្រាស់។ បន្ទាប់មក អ្នកត្រូវកំណត់កម្រិតឯកជនភាពឱ្យបានត្រឹមត្រូវ ដើម្បីគ្រប់គ្រងអ្នកដែលអាចមើលឃើញព័ត៌មានរបស់កូនៗរបស់អ្នក។
Strong Password ៖ បង្រៀនកូនៗរបស់អ្នកអំពីពាក្យ ឬលេខសម្ងាត់ខ្លាំង មានតែមួយគត់ ដើម្បីចៀសវាងពីបញ្ហាលួចពីជនខិលខូច។ ពន្យល់អំពីសារៈសំខាន់នៃការរួមបញ្ចូលគ្នារវាងអក្សរ លេខ និងនិមិត្តសញ្ញាផ្សេងៗ ហើយមិនត្រូវចែករំលែកពាក្យសម្ងាត់ជាមួយនរណាម្នាក់ទេ។
ពិចារណាឱ្យបានល្អិតល្អន់មុនពេលបង្ហោះអ្វីមួយ ៖ អ្វីក៏ដោយនៅលើប្រព័ន្ធអ៊ីនធឺណិត សុទ្ធសឹងតែមានអ្នកតាមដាន។ នៅពេលអ្នកបង្ហោះអ្វីមួយនៅលើអ៊ីនធឺណិត វាពិតជាលំបាកណាស់ក្នុងការលុបវាចោលទាំងស្រុង ព្រោះអ្នកប្រើប្រាស់ជាច្រើនបានធ្វើការចែករំលែកតគ្នា និងថតទុកជារូបភាព ឬវីដេអូ។
គ្រោះថ្នាក់ពីមនុស្សចម្លែក ៖ សូមកុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដូចជា អាសយដ្ឋាន លេខទូរស័ព្ទ ឬឈ្មោះសាលារៀន ទៅកាន់ជនមិនស្គាល់នៅក្នុងជីវិតពិត។
យល់ដឹងអំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ៖ អប់រំកូនរបស់អ្នកអំពីការគំរាមកំហែងតាមរយៈអ៊ីនធឺណិត និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់វា។ ចូរលើកទឹកចិត្តពួកគេឱ្យរាយការណ៍ករណីណាមួយនៃការគំរាមកំហែងតាមអ៊ីនធឺណិតដែលពួកគេបានជួបប្រទះ។
យល់ដឹងអំពីតំណលីងគ្មានសុវត្ថិភាព ៖ ពិភាក្សាអំពីតំណលីងដែលគ្មានសុវត្ថិភាព រីករាលដាលពេញប្រព័ន្ធអ៊ីនធើណេត ចៀសវាងការលួច (Hack) ព័ត៌មានផ្ទាល់ខ្លួន។ ពិចារណាលើការប្រើឧបករណ៍គ្រប់គ្រងដោយមាតាបិតា ដើម្បីរក្សាសុវត្ថិភាព ឬរារាំងការចូលប្រើប្រាស់គេហទំព័រដែលមិនសមស្របតាមអាយុ។
កសាងកេរ្តិ៍ឈ្មោះឌីជីថល ៖ ចូរពន្យល់អំពីរបៀបដែលសកម្មភាពនៅលើប្រព័ន្ធអនឡាញ អាចផ្តល់ឱកាសឱ្យពួកគេកសាងកេរ្តិ៍ឈ្មោះឌីជីថល។ បន្ថែមពីនេះ ចូរលើកទឹកចិត្តពួកគេមានការគោរព និងមានទំនួលខុសត្រូវខ្ពស់ចំពោះសកម្មភាពរបស់ខ្លួន។