ការញ៉ាំខុសប្រក្រតី គឺជាបញ្ហាដែលក្មេងវ័យជំទង់បច្ចុប្បន្នជួបប្រទះជារឿយៗ ហើយវាត្រូវបានសម្គាល់ដោយអាកប្បកិរិយានៃការញ៉ាំច្រើនលើសលប់ពេក ឬមិនញ៉ាំអ្វីទាល់តែសោះ រហូតដល់ខ្វះអាហាររូបត្ថម្ភសម្រាប់ចិញ្ចឹមរាងកាយ។
បញ្ហានេះត្រូវបានរាប់ចូលជាជំងឺនៃការញ៉ាំទូទៅ ត្រូវបានគេរកឃើញថាកើតជាញឹកញាប់បំផុតលើក្មេងជំទង់ស្រីៗ ប៉ុន្តែក្មេងជំទង់ប្រុសក៏ប្រឈមមុខខ្ពស់ផងដែរ… វាអាចបណ្តាលឱ្យពួកគេពិបាកក្នុងការទទួលស្គាល់លើរបបអាហារផ្ទាល់ខ្លួន ចាញ់ច្រាបសង្គម និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងដែលមិនទាន់កើតឡើង ជាពិសេសមានបញ្ហាសុខភាព ដែលអាចគំរាមកំហែងដល់អាយុជីវិត។
ជំងឺទទួលទានអាហារខុសប្រក្រតី ៖ ជំងឺនេះត្រូវបានកំណត់សម្គាល់លើលក្ខណៈនៃទម្លាប់ទទួលទានអាហារនៅក្នុងបរិមាណច្រើនខុសធម្មតាក្នុងរយៈពេលដ៏ខ្លី និងពិបាកក្នុងការគ្រប់គ្រងចំណង់អាហារ។
ជាទូទៅ អ្នកជំងឺតែងមានអារម្មណ៍ខ្មាស់អៀនលើការទទួលទានអាហារដោយខ្លួនឯង និងពិបាកទទួលទានរបបអាហារធម្មតា មានចំណង់តែចំពោះប្រភេទអាហារ Fast Food ឬ Junk Food ដែលបណ្តាលឱ្យឡើងទម្ងន់ខ្លាំង។
រោគសញ្ញានៃជំងឺ រួមមាន ទទួលទានអាហារលឿនៗ បើទោះបីជាមិនឃ្លាន ពិបាកក្នុងការទទួលទាន មានអារម្មណ៍ចង់តែលាក់បំពួនអាហាររបស់ខ្លួន និងមានអារម្មណ៍ខ្មាស់អៀនក្រោយពេលញ៉ាំ។
រីឯហានិភ័យចំពោះសុខភាព រួមមាន មានបញ្ហាលើសទម្ងន់ខ្លាំង កើតមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម បញ្ហាក្រពះ ជាតិស្ករ និងកូលេស្តេរ៉ុលឡើងខ្ពស់។
ជំងឺ Bulimia Nervosa គឺប្រភេទជំងឺម្យ៉ាងដែលស្គាល់ថា អ្នកជំងឺមានអារម្មណ៍ស្តាយក្រោយ ក្រោយពេលទទួលទានអាហាររួច វាត្រូវបានកំណត់សម្គាល់លើអាកប្បកិរិយា ដូចជា មានអាការៈចង់ក្អួតដែលបណ្ដាលមកផ្លូវអារម្មណ៍ផ្ទាល់ខ្លួន ការប្រើប្រាស់ថ្នាំបញ្ចុះលាមក ការតមអាហារ ឬការធ្វើលំហាត់ប្រាណច្រើនពេកដើម្បីការពារការឡើងទម្ងន់។
បុគ្គលដែលមានជំងឺនេះផ្ទុកទម្ងន់រាងកាយថេរ ក៏ប៉ុន្តែអាកប្បកិរិយាពួកគេនឹងមានការប្រែប្រួល ពោលគឺ ពួកគេតែងលួចញុំាអាហារ បដិសេធចំពោះអាហារដែលគេផ្តល់ឱ្យ ឬមិនញ៉ាំនៅមុខអ្នកដទៃ ទទួលទានអាហារក្នុងបរិមាណតិចបំផុត។
ហានិភ័យសុខភាពដែលទាក់ទងនឹងជំងឺនេះ រួមមាន មានបញ្ហាក្រពះ បញ្ហាបេះដូង បញ្ហាក្រលៀន បញ្ហាធ្មេញ និងការឡើងទម្ងន់។
ជំងឺអាណូរ៉េកស៊ីយ៉ា ៖ គឺជាប្រភេទជំងឹសម្គាល់ដោយភាពភ័យខ្លាចនៃការឡើងទម្ងន់ ឬអាចការរឹតបន្តឹងចំពោះការទទួលទានអាហារក្នុងកម្រិតមួយតឹងតែងបំផុយ បន្ថែមពីនេះវាអាចជាសម្ពាធនៃការសម្រកទម្ងន់។
អ្នកជំងឺអាចប្រើប្រាស់ថ្នាំសម្រកទម្ងន់ ថ្នាំបញ្ចុះលាមក ឬធ្វើលំហាត់ប្រាណច្រើនលើសលប់ពេក។
ពួកគេច្រើនតែទទួលអារម្មណ៍ខុសធម្មតា ដោយមើលឃើញរូបរាងកាយរបស់ខ្លួនមានសភាពធាត់ខ្លាំង បើទោះបីស្គមខ្លាំងក៏ដោយ។ រោគសញ្ញានៃជំងឺ រួមមាន ការស្រកទម្ងន់ជាគំហុក តែងតែរាប់ចំនួនកាឡូរីប្រចាំថ្ងៃ រឹតត្បិតការទទួលទានអាហារ ធ្វើលំហាត់ប្រាណច្រើនហួសហេតុ និងការប្រើប្រាស់ថ្នាំជំនួយក្នុងការទប់ទល់ចំណង់អាហារ។
ហានិភ័យសុខភាពរួមមាន អសមត្ថភាពក្នុងការផ្តោតអារម្មណ៍ បញ្ហាក្រពះ បេះដូង និងតម្រងនោម ជំងឺពុកឆ្អឹង ស្បែកស្ងួត និងសក់ ភាពទន់ខ្សោយ និងការស្លាប់ប្រសិនបើស្ថានភាពធ្ងន់ធ្ងរ។
វិធីបង្ការការពារ ៖
ប្រសិនបើអ្នកសង្ស័យថា កូនៗរបស់អ្នកកំពុងមានបញ្ហាក្នុងការទទួលទានអាហារ សូមនាំពួកគេទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយផ្នែកវេជ្ជសាស្រ្ត។
ការព្យាបាលអាចពាក់ព័ន្ធជាមួយ ការប្រើប្រាស់ថ្នាំវេជ្ជសាស្រ្ត ពិគ្រោះផ្នែកបញ្ហាផ្លូវចិត្ត និងពិនិត្យមើលរូបភាពរាងកាយ ម្យ៉ាងរួមបញ្ចូលការស្វែងយល់បន្ថែមទៅលើអាហារូបត្ថម្ភ ដើម្បីបង្កើតទម្លាប់ទទួលទានអាហារដែលមានតុល្យភាពល្អ។
បន្ថមពីនេះ ការគាំទ្រពីសំណាក់គ្រួសារ គឺជារឿងដ៏សំខាន់ដើម្បីដំណើរការព្យាបាលឱ្យមានប្រសិទ្ធិភាពខ្ពស់ ឆាប់ជាសះស្បើយ។ ចូលរួមលើកទឹកចិត្ត ប្រើវ្រាស់ពាក្យសម្តីពិរោះភាសា និងមិនរិះគន់ ជាពិសេសធ្វើជាគំរូល្អមួយដែលអ្នកជំងឺអាចយកតម្រាប់តាម។