លោក ចន ដេវី ដែលជាទស្សនវិទូជនជាតិអាមេរិកដ៏លេចធ្លោម្នាក់បាននិយាយថា៖ “យើងមិនបានរៀនពីបទពិសោធន៍ទេ យើងរៀនតាមរយៈការឆ្លុះបញ្ចាំងពីបទពិសោធន៍នោះ”។
និយាយឱ្យសាមញ្ញ ការឆ្លុះបញ្ចាំង គឺជាការរំលឹកឡើងវិញនូវអ្វីដែលអ្នកបានរៀន ឬបានធ្វើ ដោយមើលទៅលើដំណើរការរបស់វា ពិនិត្យលើទង្វើដែលអ្នកធ្វើ រកមើលនូវអ្វីដែលត្រូវសាទរ ឬកែលម្អ។
ការឆ្លុះបញ្ចាំងខ្លួនឯង គឺជាជំនាញដ៏សំខាន់មួយដែលអាចជួយឱ្យកុមារតូចៗ អភិវឌ្ឍការយល់ដឹងដោយខ្លួនឯង ស្វែងយល់អំពីអារម្មណ៍ផ្ទាល់ខ្លួន និងធ្វើការសម្រេចចិត្តប្រកបដោយភាពច្បាស់លាស់។
មានគន្លឹះខ្លះៗ ដែលអ្នកអាចបង្ហាត់បង្រៀនឱ្យកូនៗចេះឆ្លុះបញ្ចាំងខ្លួនឯងយ៉ាងមានប្រសិទ្ធិភាព ៖
1. បង្កើតជាឧទាហរណ៍ប្រចាំថ្ងៃ
កុមាររៀនបានលឿនបំផុតតាមរយៈគំរូ ដូច្នេះជាអាណាព្យាបាល គួរបង្កើតគំរូប្រចាំថ្ងៃ ទើបមានអានុភាពក្នុងការបង្រៀនដល់ពួកគេ។ អ្នកទាំងពីរ អាចចែករំលែកពីដំណើរដើមទងនៃការគិត ដើម្បីធ្វើការសម្រេចចិត្តទៅលើរឿងអ្វីមួយ ឬក៏ជជែកគ្នាឆ្លុះបញ្ចាំងអំពីបទពិសោធន៍អ្វីមួយ។ ឧទាហរណ៍ ប្រសិនបើ អ្នកមិនសប្បាយចិត្ត ឬមានថ្ងៃណាមួយដែលអ្នកមានអារម្មណ៍មិនល្អ អ្នកអាចនិយាយថា “ខ្ញុំកំពុងគិតថាអ្វីទៅដែលធ្វើឱ្យខ្ញុំមានអារម្មណ៍តានតឹង ហើយកំពុងតែរិះរកគំនិត ឬវិធីសាស្ត្រ ដែលខ្ញុំត្រូវធ្វើនៅថ្ងៃស្អែក ដើម្បីកុំឲ្យវាមានអារម្មណ៍ដូចថ្ងៃនេះ”។
2. លើកទឹកចិត្តឱ្យធ្វើសៀវភៅកំណត់ហេតុ ឬគូរចំណាំសកម្មភាពផ្សេងៗសម្រាប់ឆ្លុះបញ្ចាំង
ចូរលើកទឹកចិត្តកូនរបស់អ្នកឱ្យកត់ត្រាអំពីសកម្មភាពមួយថ្ងៃពេញ ឬអារម្មណ៍របស់ពួកគេ និងបទពិសោធន៍ដែលមានន័យសម្រាប់ខ្លួនពួកគេ។ ការអនុវត្តបែបនេះអាចជួយកុមារបង្ហាញអារម្មណ៍របស់គេ ហើយចេះប្រើប្រាស់ការគិតដោយស្រម៉ៃឃើញពីរូបភាព ឬនឹកជាពាក្យសំដី។ សម្រាប់ក្មេងធំអាចចូលចិត្តសរសេរ ប៉ុន្តែបើកូនអ្នកនៅតូច សូមណែនាំឲ្យគូសជាគំនូស ដើម្បីឲ្យពួកគេអាចរៀនចំណាំពីអារម្មណ៍ ពីព្រោះថា ក្នុងរយៈពេលណាមួយការគូរទាំងនោះ អាចបង្ហាញពីអារម្មណ៍នឹងចំណូលចិត្តរបស់គេបានផងដែរ។
3. លំហាត់សតិបញ្ញាក្នុងការឆ្លុះបញ្ចាំង
លំហាត់បង្កើនសតិបញ្ញាដើម្បីលើកកម្ពស់ការគិតដើម្បីធ្វើការឆ្លុះបញ្ចាំង អ្នកអាចសួរនាំពួកគេតាមរយៈសំណួរមួយចំនួន ដូចជា “តើអ្វីទៅដែលធ្វើឱ្យកូនសប្បាយនៅក្នុងថ្ងៃនេះ?” ឬ “ប្រសិនបើកូនអាចធ្វើវាម្តងទៀតបាន តើកូននឹងធ្វើវាបែបណា?” ការអនុវត្តលំហាត់បង្កើនការគិតនេះ ក៏អាចជួយឱ្យពួកគេកាន់តែយកចិត្តទុកដាក់ នឹងចេះជ្រើសផ្តល់នូវគំនិតច្បាស់លាស់ ដើម្បីឆ្លុះបញ្ចាំងអំពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។
4. ប្រើប្រាស់តិចនិកនិទានរឿង និង មានសំណួរ-ចម្លើយ
ការនិទានរឿងរ៉ាវមួយចំនួនមិនថាមានប្រភពចេញពីសៀវភៅរឿងនិទាន ឬជីវិតប្រចាំថ្ងៃទេ សុទ្ធសឹងតែអាចជួយបណ្តុះគំនិតកុមារ ឲ្យស្គាល់អំពីគុណតម្លៃ ការសម្រេចចិត្ត និងផលប៉ះពាល់។
បន្ទាប់ពីអាណាព្យាបាលនិទានរឿងមួយចប់រួច សូមសួរសំណួរ ដូចជា “ហេតុអ្វីបានជាកូនគិតថាតួអង្គមានអារម្មណ៍បែបនេះ?” ឬ “តើកូននឹងធ្វើអ្វី ប្រសិនបើកូនស្ថិតនៅក្នុងស្ថានភាពដូចពួកគេ?” ដើម្បីអនុញ្ញាតឱ្យកុមារស្វែងយល់អំពីទស្សនៈផ្សេងៗគ្នា និងឆ្លុះបញ្ចាំងពីអ្វីដែលពួកគេគិតថាសំខាន់ចំពោះពួកគេ។
5. បទពិសោធន៍ប្រចាំថ្ងៃ
នៅចុងបញ្ចប់នៃថ្ងៃនីមួយៗ សូមចំណាយពេល 2 ទៅ 3នាទី ដើម្បីនិយាយជាមួយកូនៗអំពីអ្វីដែលពួកគេ បានជួបប្រទះក្នុងមួយថ្ងៃពេញ។ អនុញ្ញាតឱ្យពួកគេចែករំលែកនូវបញ្ហាប្រឈម ឬអ្វីដែលពួកគេបានសិក្សារៀនសូត្រ។ ការសន្ទនាទាំងអស់នេះជួយកុមារ ឲ្យចេះស្វែងរកភាពប្រទាក់គ្នា រវាងសកម្មភាព និងលទ្ធផលរបស់ពួកគេ។ ឧទាហរណ៍ អ្នកអាចសួរថា “ថ្ងៃនេះកូនបានធ្វើអ្វី ដែលនាំឲ្យកូនសប្បាយចិត្តបំផុត?” ឬ “តើមានអ្វីដែលលំបាកបំផុតសម្រាប់កូននៅក្នុងថ្ងៃនេះ? “។