មនុស្សម្នាក់ៗ តែងមានសមត្ថភាពពិសេសរៀងៗខ្លួន សូម្បីតែកូនតូចៗរបស់អ្នក។
កូនរបស់អ្នក អាចមានបុគ្គលិកលក្ខណៈពិសេស មានភាពខ្លាំងរបស់ខ្លួន នឹងមានចន្លោះសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀតផងដែរ…ហេតុដូច្នេះហើយ ក្នុងនាមជាអាណាព្យបាល អ្នកទាំងពីរមានភារកិច្ចចាំបាច់ក្នុងការស្វែងយល់អំពីលក្ខណៈពិសេសទាំងអស់នោះ ដើម្បីជាភាពងាយស្រួលក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងតម្រង់ទិសឱ្យពួកគេ។ ម្យ៉ាងវិញទៀត អ្នកបានផ្តល់នូវសិទ្ធិអំណាច ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនទៅជាមនុស្សពេញវ័យ ដែលពោរពេញដោយសមត្ថភាព យល់អំពីតម្លៃផ្ទាល់ខ្លួន មានទំនុកចិត្តលើខ្លួនឯង នឹងមានផ្លូវអារម្មណ៍ដ៏រឹងមាំ។
គន្លឹះទាំង ៥ ដើម្បីបណ្តុះសមត្ថភាពពិសេសៗ ដល់កូនៗឱ្យភាពខ្លាំងផ្ទាល់ខ្លួន ៖
1. លើកកម្ពស់ទេពកោសល្យ គុណសម្បត្តិនៃចរិតលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេ
បច្ចុប្បន្ន កុមារតែងតែទទួលរងឥទ្ធិពលផ្លូវចិត្តតាមរូបភាពផ្សេងៗ ដូច្នេះហើយក្នុងនាមជាអាណាព្យាបាល អ្នកទាំងពីរគួរតែរក្សាការលើកទឹកចិត្តដល់កូនៗ និងបង្ហាញអំពីចំណាប់អារម្មណ៍ទៅលើទេពកោសល្យ គុណសម្បត្តិនៃចរិតលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាពួកគេមានចំណង់ចំណូលចិត្តខ្លាំងទៅលើអ្វីនោះទេ ដូចជា ការសរសេរកូដ ផ្នែកសិល្បៈ ឬកីឡា សូមចូលរួមសាទរ ផ្តល់កម្លាំងចិត្ត និងគាំទ្រការខិតខំប្រឹងប្រែងរបស់ពួកគេ។ ចំណុចទាំងនេះអាចជម្រុញឱ្យពួកគេទទួលបានអារម្មណ៍ដែលមានតម្លៃចំពោះខ្លួនឯង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏មានទំនុកចិត្ត មានសុខមាលភាព និងការអភិវឌ្ឍន៍នូវចំណង់ចំណូលចិត្តរបស់ពួកគេទាំងមូល។
2. ការប្រាស្រ័យទាក់ទងគ្នា
ចូលរួមបង្កើតបរិកាសមួយដែលពោរពេញទៅដោយសុខសុវត្ថិភាពដល់ផ្លូវចិត្តរបស់កូនៗ ដើម្បីឱ្យពួកគេមានអារម្មណ៍ថា មានផាសុកភាពក្នុងការនិយាយស្តីដោយមិនខ្លាចការវិនិច្ឆ័យ។ យកចិត្តទុកដាក់ស្តាប់អំពីគំនិត និងអារម្មណ៍របស់ពួកគេ ទោះបីជាវាខុសពីការរំពឹងទុករបស់អ្នកក៏ដោយ។ ចំណុចនេះ អាចចូលរួមលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នាឲ្យមានតុល្យភាពល្អ និងពង្រឹងចំណងទំនាក់ទំនងរវាងមាតាបិតាជាមួយកូនៗ។
3. បណ្ដុះបណ្ដាលភាពខ្លាំងរបស់ពួកគេ
កុមារគ្រប់រូបតែងបង្កប់ចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ អ្នកទាំងពីរគួរតែលើកទឹកចិត្ត និងឧស្សាហ៍យកចិត្តទុកដាក់ទៅលើភាពខ្លាំងរបស់ពួកគេដោយផ្តល់ការគាំទ្រ និងផ្តល់នូវសេចក្តីណែនាំ តម្រង់ទិសទៅលើចំណុចខ្យោយនិងភាពខ្វះខាតរបស់ពួកគេ។ ការផ្តោតលើភាពខ្លាំងរបស់ពួកគេ នឹងបណ្តុះគំនិតដល់ពួកគេឱ្យមានការគោរព និងផ្តល់តម្លៃដល់ខ្លួនឯង ដើម្បីឈានដល់ការស្វែងរកនូវសក្តានុពលនឹងទេពកោសល្យពេញលេញ។
4. ធ្វើជាគំរូល្អ
ក្នុងនាមជាអាណាព្យាបាល ទង្វើ សកម្មភាព និងពាក្យសម្តី គឺពិតជាដើរតួនាទីយ៉ាងសំខាន់ ដើម្បីឆ្លុះបង្ហាញដល់កូនតូចៗ ដូច្នេះសូមបង្កើតគំរូល្អដោយ បង្កើនការគោរព បំបាត់ការរើសអើង ចំពោះ រូបរាងកាយ ពូជសាសន៍ ភេទ និងសមត្ថភាព ។
5. ទទួលស្គាល់កំហុស និងបំបាត់វប្បធម៍ស្តីបន្ទោស
កំហុស គឺជាផ្នែកធម្មជាតិមួយនៃការសិក្សា និងការអភិវឌ្ឍ។ សូមបើកចិត្តទទួលស្គាល់ និងសូមរក្សាផ្នត់គំនិតវិជ្ជមាន តាមរយៈនៃការគិតថា “ការបរាជ័យ គឺជាឱកាសសម្រាប់ការលូតលាស់ថ្មី”។
សូមលើកទឹកចិត្តពួកគេ ដោយប្រាប់ថា ការបរាជ័យ វាគ្រាន់តែជាផ្នែកមួយ ហើយវាមិនស្ថិតស្ថេររហូតនោះទេ ចូរចាត់ទុកវាជាស្ពាន ជាមេរៀន ជាដុំថ្មសម្រាប់ឆ្លងកាត់ នឹងបន្តបោះជំហាន តស៊ូទៅមុខជាមួយភាពអត់ធ្មត់ ដើម្បីជម្នះរាល់ឧបសគ្គនានា។