ក្នុងឆ្នាំ 2025 នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តការប្រារព្ធនូវ ទិវាវប្បធម៌ជាតិលើកទី 27 ដោយរក្សាប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅក្នុងថ្ងៃទី 3 ខែមីនា ដើម្បីរំលេចអំពីកាតព្វកិច្ចដ៏ចាំបាច់របស់យុវជនក្នុងការបន្តវេន ថែរក្សា និងអភិរក្ស ក៏ដូចជាចូលរួមអភិវឌ្ឍវប្បធម៌ជាតិប្រកបដោយចីរភាព។
ទិវាវប្បធម៌ជាតិ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃ នៃសម្បត្តិវប្បធម៌ជាតិខ្មែរដ៏សម្បូរបែប ដែលបានបន្សល់ទុកពីបុព្វបុរសដូនតាខ្មែរ ប្រៀបបានជាជាគ្រឹះរឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិទាំងមូល។
លើសពីនេះ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីចូលរួមបំផុសនូវមនសិការស្នេហាវិស័យសិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាតិខ្មែរទាំងមូល។

រីឯ ការកំណត់យកប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” សម្រាប់ទិវាវប្បធម៌ជាតិនៅក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ថា នេះគឺជាគោលបំណងមួយ ក្នុងការលើកកម្ពស់នូវសេចក្តីស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋខ្មែររស់នៅក្នុងសង្គម។
ការប្រាព្ធទិវាវប្បធម៌ជាតិ លើកទី 27 ឆ្នាំ 2025 នេះទៀតសោត រាជរដ្ឋាភិបាលបានកំណត់យកវេលាចន្លោះចាប់ពីថ្ងៃទី 3 ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចរៀបចំកម្មវិធី និងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ។