កោះរ៉ុង គឺជាគោលដៅទេសចរណ៍ដែលទទួលបានការពេញនិយមបំផុត សម្រាប់អ្នកដែលមានបំណងចង់ កំសាន្ត សម្រាកលំហែកាយ គយគន់ទេសភាពកោះនៃប្រទេសកម្ពុជា អ្នកអាចធ្វើដំណើរទៅកាន់កោះរ៉ុង ព្រោះវាស្ថិតនៅកណ្តាលផ្ទៃទឹកដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម និងជាកន្លែងសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិមកដើម្បីបន្ធូរអារម្មណ៍ ឬរុករកអ្វីថ្មីៗជាច្រើនទៀត។
ឆ្នេរឯកោ – Lonely Beach
ឆ្នេរឯកោ មានទីតាំងស្ថិតនៅភាគខាងជើងនៃកោះរ៉ុង។ ថ្វីត្បិតតែឆ្នេរនេះមិនមានភាពងាយស្រួលក្នុងការដំណើរឆ្ពោះទៅកាន់ ប៉ុន្តែឆ្នេរឯកោបានសន្យាថា នឹងធ្វើឱ្យអ្នកទេចរគ្រប់រូបរីករាយជាមួយទេសភាពដ៏ស្រស់ស្អាតគ្មានចន្លោះរបស់ខ្លួន។
ឆ្នេរនេះ ប្រៀបបានដូចជាឋានសួគ៌លើដី ក៏ព្រោះតែនៅតំបន់នោះ មានទឹកសមុទ្រថ្លាឈ្វេង ឆ្នេរខ្សាច់សក្បុស និងមានដើមត្នោតខ្ពស់ៗនៅអមមាត់ឆ្នេរ… លើសពីនេះ អ្នកទេសចរក៏ទទួលបាននូវបរិយាកាសស្ងប់ស្ងាត់ លាយលំជាមួយជំនោរខ្យល់បក់ រំហើយតិចៗ ពិតជារ៉ូមែនតិចណាស់!

ឆ្នេរឡុងសិត – Long Set Beach
យើងអាចនិយាយបានថា ឆ្នេរឡុងសិត ឬឆ្នេរ 4K ជាប់ចំណាត់ថ្នាក់លេខ 3 នៅក្នុងបញ្ជីឆ្នេរដែលមានទេសភាពស្រស់ស្អាតបំផុត ហើយវាមានទីតាំងនៅកៀកនឹងតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់កោះរ៉ុង គឺ កោះតូច
។ នៅទីនោះមាន រមណីយដ្ឋានជាច្រើនសាងសង់ប្របមាត់ឆ្នេរ ដែលអាចឱ្យអ្នកទេសចរស្នាក់នៅជាមួយទេសភាពផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក ប្រៀបដូចជា វាលរហោស្ថានត្រូពិច។
ឆ្នេរសុខសាន្ត – Sok San Beach
ឆ្នេរសុខសាន្ត ស្ថិតនៅត្រើយខាងលិចនៃកោះរ៉ុង ជាភូមិនេសាទខ្មែរតូចមួយ។
ភូមិនេសាទ គឺជាតំបន់ទេសចរណ៍ដែលមានតម្លៃសមរម្យសម្រាប់ស្នាក់នៅ ហើយនៅទីនោះមានទេសភាពស្រស់ស្អាតទាក់ភ្នែក និងមានបរិយាកាសស្រស់ស្រាយ ហាក់បំបាត់រាល់ទុក្ខកង្វល់នៅក្នុងចិត្តភ្ញៀវទេសចរគ្រប់រូប។
មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចស្វែងយល់អំពីវប្បធម៌នៃការរស់នៅរបស់ជនជាតិខ្មែរនៅលើតំបន់កោះផងដែរ។
ឆ្នេរដូង – Coconut Beach
ជម្រើសមួយទៀតសម្រាប់ដំណើរកំសាន្តនៅកោះរ៉ុង គឺឆ្នេរដូង។ វាមានទីតាំងស្ថិតនៅប៉ែកខាងលិចនៃកោះ ហើយចំណាយត្រឹមតែ 10នាទីប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរពីភូមិដើមថ្កូវ។
នៅទីនោះ មានបរិយាកាសស្ងប់ស្ងាត់ និងផ្ទៃទឹកសមុទ្រពណ៌ខៀវងងឹត ពិតជាស្រស់ស្អាត។ អ្នកក៏អាចសម្រាកតាមមាត់ឆ្នេរ ស្រូបខ្យល់អាកាសធម្មជាតិ និងគយគន់សមុទ្រដាច់កន្ទុយភ្នែក។