ពិធីបុណ្យប៉្រាយ – “Pride Fest” បានប្រព្រឹត្តិឡើងនៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2025 គឺជាការប្រារព្ធពិធី LGBTQ+ ដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ និងផ្ដល់សិទ្ធិសេរីភាពសដែល ពុំមានរនាំង ឬលក្ខខណ្ឌអ្វីមកកំណត់ដល់អ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរភេទ និងអ្នកប្តូរយេនឌ័រឡើយ។ បន្ថែមពីនេះ ព្រឹត្តិការណ៍ Pride Fest ក៏បានបង្កើនសម្លេងកាន់តែលឺខ្លាំងឡើង រវាងមោទនភាព និងភាពអស្ចារ្យនៃ LGBTQI+ នៅក្នុងប្រទេសកម្ពុជា។
កម្មវិធីទាំងមូល មានការចូលរួមពីអ្នកគាំទ្រ វត្តមានសិល្បករ-សិល្បការនី និងអ្នកតស៊ូមតិចូលរួមអបអរ រួមទាំងមានសកម្មភាពកម្សាន្តប្លែកៗជាច្រើន។
កម្មវិធីក៏មានការប្រកួតរាជនីប្រ៉ាយ ដែលនេះគឺជាកម្មវិធីដែលជម្រុញឱ្យស្គាល់កាន់តែច្បាស់ និងយល់ដឹងអំពី រាជនីឌ្រេក ដែលមានដូចជាការផាត់មុខ និងការរៀបចំតុបតែងខ្លួនដោយខ្លួនឯងក្នុងភាពច្នៃប្រតិដ្ឋបែបសិល្បៈ ព្រមទាំងបង្ហាញពីអារម្មណ៍ខ្លួនតាមរយៈការតុបតែងរបស់គាត់ផ្ទាល់។ សកម្មភាពផ្សេងៗទៀតក៏ត្រូវបានរាប់បញ្ចូលផងដែរ រួមមាន Rainbow Run ដល់ការប្រណាំង Remork ដ៏ល្បី ការប្រគុំតន្រ្តីផ្ទាល់ កម្មវិធីបង្ហាញម៉ូត ឌីជេរាំកម្សាន្ត អាហារ ភេសជ្ជៈ ពោរពេញទៅដោយក្តីស្រលាញ់នៅគ្រប់ជ្រុងទាំងអស់។

រីឯ “ឥន្ទធនូ” គឺជានិមិត្តសញ្ញាដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៃមោទកភាពអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) ដែលតំណាងឱ្យភាពចម្រុះ និងការរួបរួមនៃសហគមន៍។ ពណ៍ឥន្ទធនូ ត្រូវបានចាប់ផ្ដើមប្រើប្រាស់ជាតំណាងដំបូងបំផុតចាប់តាំងពីឆ្នាំ 1978 មកម្លេះ។
អ្នកចូលរួមគ្រប់រូបបានគ្រងឈុតសម្លៀកបំពាក់ពណ៌ឥន្ធូ ដើម្បីបញ្ជាក់អំពីសេរីភាពនៃសេចក្តីស្រឡាញ់ភេទដូចគ្នា ព្រមទាំងតំណាងឱ្យភាពចម្រុះ និងការរួបរួមនៃសហគមន៍ LGBT លុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងគាំទ្រឱ្យពួកគេមានភាពជាខ្លួនឯង ធ្វើអ្វីដែលខ្លួនស្រឡាញ់ដោយគ្មានសម្ពាធពីសង្គម ឬមជ្ឈដ្ឋានណាមួយនៅជុំវិញខ្លួន។